អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមហ៊ុនណាហ្គាវើលដ៍ថា ការកាត់បន្ថយបុគ្គលិកជាង១៣០០នាក់ ដោយសារក្រុមហ៊ុនខាតបង់ចំណូលជាង៧៧លានដុល្លារពីវិបត្តិកូវី១៩

ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍​នៅ​ថ្ងៃទី២៣​ មករា​ ម្សិលមិញ​បានចេញ​សេចក្តីថ្លែងការណ៍​មួយដោយ​អះអាង​ថា ​ការបង្ខំចិត្ត​អនុវត្ត​វិធានការ​កាត់បន្ថយ​ចំនួន​បុគ្គលិក​ជាង១៣០០នាក់នេះ ​ដោយសារ​តែក្រុមហ៊ុន​រងការ​ខាតបង់​ទឹកប្រាក់​ជាង​៧៧លានដុល្លារ​ពីវិបត្តិជំងឺកូវីដ១៩​ ក៏ដូចជា​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ក្រុមហ៊ុន​និងភាគីពាក់ព័ន្ធ។​ តែយ៉ាងណា​ ពីភាគីសហជីព​វិញបាន​លើកឡើងថា​ ការចេញ​សេចក្តី​ថ្លែងការណ៍​បែបនេះ​ គ្រាន់តែ​ដើម្បី​ការពារនូវ​សិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុនប៉ុណ្ណោះ។

បុគ្គលិកធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍
បុគ្គលិកធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ © Central
ផ្សាយពាណិជ្ជកម្ម

ក្រោយសេចក្តីថ្លែងការណ៍ថ្កោលទោស ពីសំណាកសហជីព និងបណ្តាស្ថាប័នអង្គការអន្តរជាតិធំៗជាច្រើនបានធ្លាក់ចុះមកជាបន្តបន្ទាប់  កាលពីថ្ងៃទី២៣ មករា ម្សិលមិញ ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានចេញសេចក្តីថ្លែងការណ៍ជាលើកដំបូងរបស់ខ្លួនដោយរៀបរាប់អំពីហេតុផលសំខាន់ៗចំនួនជុំវិញការបង្ខំចិត្តបញ្ឈប់បុគ្គលិកចំនួន១៣២៩នាក់។

បើតាមខ្លឹមសាររបស់សេចក្តីថ្លែងការណ៍ខាងដើម ការកាត់បន្ថយចំនួនបុគ្គលិកដោយបង្ខំចិត្តពីសំណាកភាគីម្ចាស់ថៅកែក្រុមហ៊ុន គឺដោយសារតែបញ្ហាកូវីដ១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធរដល់ឧស្សហកម្មទេសចរណ៍ និងបង្កជាផលមិនល្អដល់បរិយាកាសសេដ្ឋកិច្ចជាតិ ខណៈក្រុមហ៊ុនបានរាយការណ៍អំពីទំហំខាតបង់ប្រាក់ចំណូលជាង៧៧លានដុល្លារ ក្នុងរយៈ៦ខែ ឆ្នាំ២០២១។  សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ចំពោះការកាត់បន្ថយចំនួនបុគ្គលិកនេះ មែនកាត់បន្ថយទៅលើបុគ្គលិកសមាជិករបស់សហជីពតែមួយនោះទេ ពោលគឺធ្វើឡើងទៅលើផ្នែកណាដែលមានចំនួនបុគ្គលិកច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាពប៉ុណ្ណោះ។ 

ក្នុងនោះ ក្រុមហ៊ុនណាហ្គាវើលដ៍ក៏បានអះអាងថែមទៀតថា ទោះបីក្រុមហ៊ុនបញ្ឈប់បុគ្គលិកមួយចំនួនយ៉ាងណាក្តី ដើម្បីប្រយោជន៍របស់បុគ្គលិករងផលប៉ះពាល់ ភាគីក្រុមហ៊ុនបានអនុវត្តនូវវិធានការទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាដោយទឹកប្រាក់សំណងមានចំនួនលើសពីសំណងដែលតម្រូវដោយច្បាប់ការងារនៅកម្ពុជា ស្របពេលដែលបុគ្គលិករងផលប៉ះពាល់ជាង៧៣%ទទួលយកកិច្ចព្រមព្រៀងនេះ។

ដោយឡែក ជុំវិញការជ្រើសរើសបុគ្គលិកដែលរងផលប៉ះពាល់ចូលបម្រើការងារវិញ គឺអាស្រ័យទៅលើវិធានផ្ទៃក្នុងរបស់ក្រុមហ៊ុន និងតម្រូវការលើអាជីវកម្មផលិតភាពកន្លងមក ដោយភាគីក្រុមហ៊ុនមិនបានរើសអើងទៅលើសមាជិកភាពរបស់សហជីព ឬមិនមែនជាសមាជិកសហជីពណាមួយនោះឡើយ ដោយក្រុមហ៊ុនលើកហេតុផលថា ក្រុមហ៊ុន​តែងតែលើកទឹកចិត្ត និងជំរុញឱ្យបុគ្គលិកបង្កើតសហជីព ចាប់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។  

ទាក់ទិននឹងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននាពេលនេះ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា នេះគឺជាការបកស្រាយរបស់ក្រុមហ៊ុនដើម្បីការពារភាពស្របច្បាប់របស់ខ្លួនប៉ុណ្ណោះ។​ ក៏ប៉ុន្តែពាក់ព័ន្ធនឹងការបញ្ឈប់បុគ្គលិកជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ​ ជាគោលការណ៍ច្បាប់ គឺត្រូវមានការអនុញ្ញតពីអធិការកិច្ច និងអនុវត្តឱ្យស្របតាមផ្លូវច្បាប់ជាដើម។

ដោយឡែក ជុំវិញការអះអាងថាក្រុមហ៊ុនមិនបានរើសអើងសហជីពនោះ លោក​​ ឃុន ថារ៉ូ សង្កត់ធ្ងន់ថា គឺផ្ទុយពីទិដ្ឋភាពជាក់ស្តែងទៅហើយ ដោយសារមេដឹកនាំសហជីព និងប្រតិភូសហជីពទាំងអស់ត្រូវបានបញ្ឈប់ចេញពីការងារ ហាក់បំបិតសម្លេងរបស់សហជីព។ សម្រាប់បញ្ហាខាតបង់ប្រាក់ចំណូលវិញ មន្ត្រីសិទ្ធិមនុស្សរូបនេះបានគូសបញ្ជាក់ថា ក្រុមហ៊ុន​គួរណាពិចារណាឡើងវិញនៅទំនួលខុសត្រូវដល់បុគ្គលិក ដោយភាគីថៅកែអាចព្យួរកិច្ចសន្យាការងារជូនបុគ្គលិកដូចដែលវិស័យវាយភណ្ឌន៍ធ្លាប់ធ្វើកន្លងមក ពីព្រោះថាភាពរីកច្រើនរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ជាការប្រឹងប្រែងរបស់បុគ្គលិកមួយផ្នែកធំផងដែរ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ