អានតួអត្ថបទ
កម្ពុជា-បច្ចេកវិទ្យា

អង្គការសង្គមស៊ីវិល នៅបន្តព្រួយបារម្ភអំពីសិទ្ធិបញ្ចេញមតិ និងទទួលបានព័ត៌មាន ក្រោយអនុក្រឹត្យស្តីពី«ច្រកទ្វារអុីនធឺណិតជាតិ»បានអនុម័ត

អង្គការ​សង្គមស៊ីវិល​និង​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​ចំនួន​នាព្រឹកថ្ងៃទី២៦ ​មករានេះ​ នៅតែ​បន្ត​បង្ហាញពី​ក្តីព្រួយបារម្ភ​ជាខ្លាំង​ ជុំវិញ​អនុក្រឹត្យ​ស្តីពី​ «ច្រកទ្វារ​អុីនធឺណិតជាតិ​»ដែល​រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​នាពេល​កន្លងមក។​ ការព្រួយ​បារម្ភ​របស់​អង្គការ​សង្គមស៊ីវិល​គឺដោយ​ផ្អែក​ថា ​អនុក្រឹត្យ​នេះអាច​ប៉ះពាល់​ដល់សិទ្ធិ​រស់នៅ​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ និង​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​គោរព​លទ្ធិប្រជាធិបតេយ្យ។​ បើតាម​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា)​ រដ្ឋាភិបាល​គួរ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​ចំពោះ​បញ្ហានេះ​ និង​គួរ​ទទួល​យកធាតុ​ចូល​ពីអង្គការ​សង្គមស៊ីវិល​ផងដែរ។​

បណ្តាញសង្គមអុីធឺណិត
បណ្តាញសង្គមអុីធឺណិត © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងសន្និសីទថ្នាក់ជាតិស្តីពីសិទ្ធិឌីជីថល និងសេរីភាពអីុនធឺណិតនៅកម្ពុជាលោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ហៅកាត់ថា ខេមបូចា បានលើកឡើងថា ការបង្កើត​ច្រកទ្វារ​អីុនធឺណិត​ជាតិ តាមរយៈ​សេចក្តីព្រាង​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល នឹង​រឹតតែ​ផ្តល់​អំណាច​កាន់តែ​ទូលំទូលាយ និង​គ្មាន​ដែនកំណត់​ឲ្យ​រដ្ឋាភិបាល អាច​រាំងខ្ទប់និងរឹត​ត្បិតទៅលើ​សិទិ្ធសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ សិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ ការទទួលបានព័ត៌មាន  សិទ្ធសេរីភាពរបស់អ្នកសារព័ត៌មាន សិទិ្ធលើឯកជនភាព សិទ្ធិលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ការប្រើប្រាស់អីុនធឺណិត និងភាពប្រកួតប្រជែងនៃក្រុមហ៊ុនផ្តល់សេវាអីុនធឺណិតជាពិសេស អាចបណ្តាលឱ្យអ្នកវិនិយោគទុនចាកចេញពីទីផ្សារបច្ចេកវិទ្យានៅកម្ពុជាទៀតផង។

បន្ថែមពីនេះ លោក ណុប វី ថា មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនោះទេ អនុក្រឹត្យនេះ ក៏នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិផងដែរ ទោះបីរដ្ឋាភិបាលធ្លាប់បានអះអាងថា ការបង្កើតអនុក្រឹត្យស្តីពី«ច្រកទ្វារអីុនធឺណិតជាតិ»នេះធ្វើឡើងដើម្បីកៀរគរ ប្រាក់ចំណូលចូលជាតិយ៉ាងណាក្តី។ ប៉ុន្តែសម្រាប់លោក ណុប វី យល់ផ្ទុយថា អនុក្រឹត្យថ្មីនេះ នឹងគ្រប់គ្រងនិងតាមដានយ៉ាងម៉ឺងម៉ាត់ទៅសកម្មភាពរបស់អ្នកប្រើប្រាស់អីុនធឺណិតក្នុងប្រទេសកម្ពុជាពីសំណាកស្ថាប័នជាក់លាក់ណាមួយដែលបង្កើតឡើងដោយភាគីរដ្ឋាភិបាល។

ក្នុងន័យនេះ ​​នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាចង់សំដៅថា ទិន្ន័យរបស់អ្នកប្រើប្រាស់នឹងត្រូវបានស្ថិតក្រោមក្រសែភ្នែក និងកណ្តាប់ដៃរបស់រដ្ឋាភិបាល។ ជាក់ស្តែង ការបង្កើតអនុក្រឹត្យនេះ រដ្ឋាភិបាលមិនបានទទួលយកយោបល់ និងការពិភាក្សា រឺធាតុចូលណាមួយពីបណ្តាអង្គការសង្គមស៊ីវិល​និងសិទ្ធិមនុស្សនានានោះទេ ក៏ព្រោះថា ភាគច្រើននៃដំណើរការតាក់តែងច្បាប់ គឺគ្មានសម្លេងប្រឆាំង និងការចូលរួមចម្រុះពណ៌របស់សមាសធាតុគណបក្សនយោបាយណាមួយឡើយ។ នេះការលើកឡើងរបស់លោក ណុប វី។

យ៉ាងណា ផ្អែក​តាម​សេចក្តីព្រាង​អនុក្រឹត្យ​​ចុងក្រោយ​ ចុះ​ថ្ងៃទី០៨ កក្កដា ស្តីពី​ការបង្កើត​ច្រក​ទ្វារ​អីុនធឺណិត​ជាតិ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា «National Internet Gateway» រដ្ឋាភិបាល​មាន​គោលបំណង​​គ្រប់គ្រង​រាល់​ការតភ្ជាប់​បណ្តាញ​អីុនធឺណិត​ទាំងអស់​នៅក្នុង​ប្រទេស​ ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​សន្តិសុខជាតិ និង​ថែរក្សា​របៀបរៀប​រយ​សណ្តាប់ធ្នាប់​សង្គម។

ក្រោយរដ្ឋាភិបាលបានបង្កើតអនុក្រឹត្យនេះមក កាលពីថ្ងៃទី ១៩ កុម្ភៈឆ្នាំ២០២១កន្លងទៅ បណ្តាអង្គការសង្គមស៊ីវិលចំនួន៦២ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជានិរាករណ៍អនុក្រឹត្យនេះវិញ ដោយពួកគេលើកអំពីក្តីកង្វល់ថា វាបានជះឥទ្ធិពលខ្លាំងដល់សិទ្ធិសេរីភាព និងផ្ទុយពីអ្វីដែលរដ្ឋាភិបាលបានបង្ហាញឆន្ទៈថានឹងគោរពតាមរយៈសេចក្តីព្រោងច្បាប់ស្តីពីការទទួលបានព័ត៌មាន និងនៅក្នុងវេទិកានានា។ សូមជម្រាបថា បើតាមរបាយការណ៍របស់BBC Media Action ក្នុងឆ្នាំ២០២១ កម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធអីុនធឺណិត ចំនួន ១០លាននាក់ រឺស្មើនឹង៨៧%នៃប្រជាជនសរុបដែលចន្លោះអាយុចាប់ពី១៥ ដល់៣០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ