អានតួអត្ថបទ
កម្ពុជា-សង្គម

សហជីពធំៗ ស្នើឲ្យដោះលែងមេដឹកនាំសហជីព៨រូប ស្របពេលលោក ស ខេង ស្នើឲ្យសមត្ថកិច្ចអត់ធ្មត់បន្ថែមទៀត

ក្រុមបុគ្គលិក​ ដែលបំរើ​ការងារ​នៅក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ ​នៅតែបន្ត​ធ្វើការតវ៉ា​សុំចូល​ធ្វើការវិញ​ និង​ ស្នើឲ្យមាន​ការដោះលែង​តំណាង​របស់ពួក​គេ៨នាក់​ដែលសមត្ថកិច្ច​ចាប់ខ្លួន​អស់រយៈពេល​ជិត១ខែ​មកហើយ។​ ជាមួយគ្នានេះ​ សហជីព​ធំៗចំនួន៣​ ដែលជា​សមាជិក​សហជីព​អន្តរជាតិ​ ITUC​ កាលពីថ្ងៃ​ទី២៥ ​ខែមករា​ ក៏បាន​ចេញសេចក្តី​ថ្លែងការណ៍​ឲ្យមានការ​ដោះលែង​តំណាង​សហជីព​ប្រចាំក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ផងដែរ​ ស្របពេល​ដែលរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក​ ស ខេង​ អំពាវនាវ​ឲ្យសមត្ថកិច្ច​មានការអត់ធ្មត់​ករណី​វិវាទ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៏នេះ។​

ក្រុមបុគ្គលិកធ្វើកូដកម្មនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍
ក្រុមបុគ្គលិកធ្វើកូដកម្មនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ © Central
ផ្សាយពាណិជ្ជកម្ម

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីចែករថយន្តដល់នគរបាលវរៈការពារព្រំដែនកាលពីថ្ងៃអង្គារម្សិលមិញ បានប្រាប់ទៅសមត្ថកិច្ច ដែលរួមមានក្រសួងការងារ អាជ្ញាធរក្រុងនិងនគរបាលផងដែរ បន្តប្រកាន់នូវជំហរអត់ធ្មត់​សម្របសម្រួល ជុំវិញការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏។

លោក ស ខេង បានគូសបញ្ជាក់ថាភាគីទាំងពីរពោលគឺ ភាគីនិយោជកនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងភាគីបុគ្គលិក ក្រោមការសម្របសម្រួលរបស់អាជ្ញាធរ គួរតែខិតខំរកវិធីបញ្ចប់ឲ្យបានឆាប់គឺជាការល្អ ដោយលោកស្នើកុំឲ្យភាគីទាំងពីរបែរខ្នងដាក់គ្នា ដែលជាហេតុមិនអាចរកដំណោះស្រាយរួមបាន។

ស្របពេលដែលលោក ស ខេង លើកឡើងដូច្នេះ មេដឹកនាំសហជីពធំៗ រួមមានសហភាពការងារកម្ពុជា (CLC) សហភាពសហជីពកម្ពុជា (CCU) និងសហភាពសហព័ន្ធសហជីពកម្ពុជា(CCTU) ក៏បានចេញសេចក្តីថ្លែងការបង្ហាញនូវការសោកស្តាយ និងព្រួយបារម្ភជាថ្មី ខណៈដែលដំណោះស្រាយជុំវិញបញ្ហាវិវាទការងាររវាងនិយោជក និងនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៏ នៅតែមានភាពជាប់គាំង។ ក្រៅពីនេះ សហជីពធំៗ ក៏បានស្នើសុំឲ្យមានការដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៏ចំនួន៨នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនអស់រយៈពេលជិត១ខែមកនេះ ដោយចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សូមបញ្ជាក់ថា អស់រយៈពេលជាង១ខែទៅហើយ ដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង១៣០០នាក់ បាននាំគ្នាធ្វើកូដកម្មទាមទារឲ្យពួកគេបានចូលធ្វើការវិញ និងឲ្យក្រុមហ៊ុនទូទាត់ប្រាក់សំណងត្រឹមត្រូវក្នុងករណីមានការបញ្ឈប់ពួកគេពីការងារ។ ក៏ប៉ុន្តែក្រុមហ៊ុនបានប្រកាន់ជំហរតឹងរឹង ដោយសំអាងថាការបញ្ឈប់បុគ្គលិកជាង១៣០០នាក់នេះ គឺដោយហេតុផលនៃការខាតបង់ប្រាក់ចំណូលអំឡុងពេលនៃវិបត្តិកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ