អានតួអត្ថបទ
កម្ពុជា-សង្គម

បុគ្គលិកក្រុមហ៊ុនណាហ្គា បដិសេធការលើកឡើងរបស់ភាគីក្រុមហ៊ុនថា មិនចុះបញ្ចាំងពីរូបភាពពិតទៅកាន់សាធារណជន

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅព្រឹក​ថ្ងៃទី២៨​ មករា​នេះបាន​រៀបចំ​សន្និសីទ​កាសែតមួយ​ ដើម្បីឆ្លើយ​តប​ទៅនឹង​ការលើកឡើង​របស់​ភាគីក្រុមហ៊ុន។​ ភាគីក្រុមហ៊ុន​ដែលធ្លាប់​បានអះអាងថា ​ការបញ្ឈប់​បុគ្គលិក​ជាង១៣០០នាក់​ ដោយសារ​ក្រុមហ៊ុន​រងការខាត​បង់​ចំណូល ​និងមិន​មានហេតុផល​ណាត្រូវ​រើងអើង​សហជីព​ និងរំលោភ​បំពាន​សិទ្ធិការងារ​ដល់បុគ្គលិក​នោះទេ។​ តែជាការ​ឆ្លើយតប​ បុគ្គលិក​ណាហ្គា​បាន​បដិសេធ​ថា ​វាមិនបាន​ឆ្លុះបញ្ចាំង​អំពីរូបភាព​ពិត​ និងជាក់ស្តែងនោះទេ។ ​ប៉ុន្តែនេះ ​ក្រុមហ៊ុនគ្រាន់តែ​ធ្វើឡើង​ដើម្បីតែ​បំភាន្ត​ភ្នែក​សាធារណជន​ប៉ុណ្ណោះ។

បុគ្គលិក និយោជិត និងសមាជិកសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍បន្តធ្វើកូដកម្ម ដើម្បីទាមទារដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍
បុគ្គលិក និយោជិត និងសមាជិកសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍បន្តធ្វើកូដកម្ម ដើម្បីទាមទារដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ © FB/CCHR
ផ្សាយពាណិជ្ជកម្ម

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះ តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានចេញសេចក្តីបំភ្លឺឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ចំនួន៨ចំណុច ដែលភាគីក្រុមហ៊ុនបានលើកឡើងអំពីហេតុផលសំខាន់ៗមួយចំនួនរហូតឈានដល់ការបញ្ឈប់បុគ្គលិកជាង១៣០០នាក់ និងការផ្តល់ប្រាក់បញ្ចប់កិច្ចសន្យាស្របតាមច្បាប់។ 

ក្នុងសេចក្តីបំភ្លឺដែលចេញពីខាងតំណាងកូដករបានឱ្យដឹងថា ក្រុមហ៊ុនក្នុងរយៈ៣ឆ្នាំដោយគិតចាប់តាំងពីឆ្នាំ២០១៨​ ដល់ឆ្នាំ២០២០ ចំណូលសរុបរបស់ក្រុមហ៊ុនមានចំនួនជាង១ពាន់លានដុល្លារ ដែលផ្ទុយពីការលើកឡើងរបស់ភាគីក្រុមហ៊ុនថា ប្រាក់ចំណូលក្នុងឆ្នាំ២០២០បានរងការខាតបង់ជាង៧៧លានដុល្លារ។

បន្ថែមពីនេះតំណាងកូដករបានបញ្ជាក់ទៀតថា ក្រុមហ៊ុនបានបញ្ឈប់សមាជិកសហជីពស្ទើតែ៨០%នៃបុគ្គលិកដែលថៅកែបានបញ្ឈប់ជាង១៣០០នាក់ ជាពិសេសថ្នាក់ដឹកនាំសហជីព សកម្មជនសហជីព និងប្រតិភូបុគ្គលិកទាំងអស់ដែលមានអតីតភាពការងារច្រើន។ ការបញ្ឈប់ស្ទើតែទាំងស្រុងនេះ ភាគីបុគ្គលិកយល់ឃើញថា ជាហេតុផលដើម្បីបំផ្លាញសហជីព និងព្រមទាំងរំលោភបំពានច្បាប់ជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងខ្លឹមសារនៃមាត្រា ៩៥ នៃច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិលេខ ៨៧​និង៩៤ជាដើម។

ដោយឡែក ទាក់ទិននឹងការទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាកាងារវិញ ភាគីនិយោជិកបានសង្កត់ធ្ងន់ថា ភាគីនយោជកបានគម្រាមកំហែង និងបង្ខំឱ្យកម្មករទទួលយកប្រាក់សំណងដែលមានចំនួនតិចជាងការលើកឡើងរបស់ក្រុមហ៊ុន និងថា ថៅកែបានព្រមានពីការបញ្ឈប់ដោយឯកតោភាគីថែមទៀតផង ស្របពេល ការគណនាប្រាក់សំណងប្រាក់បញ្ចប់កិចសន្យា គឺកម្មករទទួលបានផលប្រយោជន៍ទាបជាងច្បាប់ទៅវិញ។ និងចុងក្រោយនោះ បុគ្គលិកថា ក្រុមហ៊ុនមិនបានលើកទឹកចិត្តឱ្យកម្មករនិយោជិកបង្កើតសហជីពនោះទេ ដោយរាល់ពេលសហជីពដាក់ពាក្យសុំចរចាតម្លើងប្រាក់ឈ្នូល ត្រូវបានថៅកែធ្វើទុក្ខបុកម្នេញ និងបញ្ឈប់ថ្នាក់ដឹកនាំសហជីពចាប់ពីឆ្នាំ២០១៣ ២០១៩ និងឆ្នាំ២០២១ជាដើម។  

ជុំវិញសេចក្តីបំភ្លឺនេះ តំណាងកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តទទូចឱ្យអាជ្ញាធរដោះលែងតំណាងទាំង៨រូបរបស់ពួកគេឱ្យមានសេរីភាពឡើងវិញ ដើម្បីចូលតុចរចារស្វែងរកដំណោះស្រាយជូនកូដករកំពុងធ្វើកូដកម្មទាំងអស់ឱ្យស្របតាមច្បាប់ដែលមានចែង។ ក្នុងនោះ បុគ្គលិកក្រុមហ៊ុនណាហ្គាបានលើកឡើងថា ពួកគេនៅតែរក្សាជំហរដដែលចំពោះការទាមទារដោះលែងតំណាងសហជីពទាំង៨រូប និងថាមិនរើសតំណាងថ្មីដើម្បីជំនួសតួនាទីរបស់តំណាងចាស់ដែលកំពុងជាប់ឃុំនោះឡើយ។ មិនរើសតំណាងថ្មីដោយសារតែតំណាងទាំង៨រូបនេះ ត្រូវបានជ្រើសតាំងដោយស្នាមមេដៃ និងចុងប៊ិចរាប់ពាន់នាក់ពីបុគ្គលិកក្រុមហ៊ុនផ្ទាល់។  

បើតាមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ពួកគេនឹងនៅតែបន្តតវ៉ាដដែល ទោះបីជាមានការរំខានមកលើសុវត្ថិភាពធានាពីសំណាកអាជ្ញាធរក៏ដោយ។ ក្នុងនោះ បុគ្គលិកណាហ្គាវើលដ៍វបានបន្តថា ដើម្បីបិទបញ្ចប់ការធ្វើកូដកម្ម​នេះ គឺត្រូវឱ្យថៅកែ និងអ្នកគ្រប់គ្រងចេញមកដោះស្រាយជាមួយបុគ្គលិក ដោយផ្ទាល់ និងត្រូវគោរពសិទ្ធិសហជីព និងគោរពសិទ្ធិការងារជាដើម៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ