អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

Amnesty International៖ ក្នុងឆ្នាំ២០២១ ព្រៃឈើក្នុងដែនជម្រកសត្វព្រៃជាង៦ពាន់ហិកតាត្រូវបំផ្លាញ ក្រោមដៃមន្ត្រីពុករលួយ

នៅក្នុងឆ្នាំ​២០២១​ ព្រៃឈើ​ជាង៦​ពាន់​ហិកតា​ក្នុងដែន​ជម្រកសត្វព្រៃ​ធំៗ​ចំនួន​២ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវបានកាប់​បំផ្លាញ ​តាមរយៈ​ការទទួល​សំណូក​ និងការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់អាជ្ញាធរ​ពាក់ព័ន្ធ។​ នេះ ​បើតាម​របាយការណ៍ថ្មី​របស់​អង្គការ​លើកលែង​ទោសអន្តរជាតិ (Amnesty International)​ និង​បាន​គូស​បញ្ជាក់​បន្ថែម​​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់នេះ បាននិង​កំពុង​ផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់​​សិទ្ធិនិងវប្បធម៌​របស់ជនជាតិដើមភាគតិច​។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ថ្មីក្រោមចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យអន្តរាយដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ថ្មីក្រោមចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យអន្តរាយដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។ © Amnesty International
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី២៨មករា ​​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ថ្មីក្រោម​ចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យអន្តរាយដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។ របាយការណ៍ថ្មីនេះបាន​រកឃើញថា នៅក្នុងឆ្នាំ២០២១ ព្រៃឈើប្រមាណ ៦,២៧១ ហិកតា ត្រូវបានកាប់បំផ្លាញ នៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរគឺ ដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ។

ដោយ​ពឹងផ្អែក​លើ​ទិន្នន័យបានមកពី​បទសម្ភាសន៍​ជាមួយសកម្មជនការពារព្រៃ​​ក្នុងសហគមន៍ក្នុងតំបន់ ​ចំនួន​២០រូប របាយការណ៍ក៏បានគូសបញ្ជាក់ថា សកម្មភាព​កាប់បំផ្លាញព្រៃឈើយ៉ាងច្រើនសម្បើមនេះ មិនត្រឹមតែបានបំផ្លាញដល់ជីវចម្រុះនិងអាកាសធាតុនោះទេ តែវាកំពុងបំផ្លាញ​វប្បធម៌ និងសិទ្ធិរបស់ជនជាតិដើមភាគតិច​កួយដែរ​។

នៅក្នុងរបាយការណ៍នោះ ​បានថែមទាំងចោទ​ប្រកាន់​ចំៗទៅលើអាជ្ញាធរពាក់ព័ន្ធ និងជាពិសេស មន្ត្រីក្រសួងបរិស្ថានថា មិនបានអើ​ពើនឹងការរាយការណ៍បទល្មើសពីប្រជាពលរដ្ឋ។ និងថា ពេលខ្លះ​ មន្ត្រីក្រសួងបរិស្ថាន​ទាំងនោះ បានចុះទៅ​ស៊ើបអង្កេត ប៉ុន្តែ​​គ្រាន់តែ​ស៊ើបអង្កេត​ដើម្បី​ទទួលលុយក្រោមតុ​ពី​ជនល្មើសតែប៉ុណ្ណោះ។

​លោក Richard Pearshouse ប្រធាន​ផ្នែកកិច្ចការ​វិបត្តិ​និង​បរិស្ថាន​នៃ​អង្គការ​ Amnesty បានថ្លែងឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ជាបន្ទាន់​​នូវសកម្មភាពអោយដៃ ​និង​ឃុបឃិតជាមួយជនទុច្ចរិត​កាប់បំផ្លាញព្រៃឈើ​តទៅទៀត។ និងដោយបន្តថា ការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធដែលរួមមាន​មន្ត្រីប៉ូលិស និងមន្ត្រីនៃក្រសួង​បរិស្ថាន នឹងធ្វើអោយព្រៃឈើដែលនៅសេសសល់ដ៏តិចតួចបំផុត​នៅកម្ពុជាហិនហោចអស់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា តាមរយៈវិទ្យុបារាំងrfi នៅថ្ងៃទី២៨មករា បានហៅរបាយការណ៍ថ្មីនេះថា ជារបាយការណ៍ចោទប្រកាន់ គ្មានមូលដ្ឋាន និងបែបភូតកុហកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ អះអាងថា ក្រសួងស្វាគមន៍និងបើកការស៊ើបអង្កេតបន្ថែមទៀត ប្រសិនបើមានភស្តុតាងច្បាស់លាស់ពីអង្គការ Amnestyនោះ។ ប៉ុន្តែបើត្រឹមលើកឡើងបែបអនាមិក នោះបង្ហាញថា អង្គការ Amnesty គ្រាន់តែជាអង្គការប្រឌិតរបាយការណ៍ឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងសងសឹកជំនួសឱ្យបក្ខពួកខ្លួនដែលកំពុងតែបំពានច្បាប់ និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងកម្ពុជាជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិតែប៉ុណ្ណោះ។

គួរជម្រាបថា របាយការណ៍ចុងក្រោយរបស់ក្រសួងបរិស្ថានបង្ហាញថា គិតតាំងពីឆ្នាំ​២០១៨មក ផ្ទៃដីព្រៃឈើនៅកម្ពុជានៅមានប្រមាណតែជាង ៨,៥លានហិកតា ស្មើនឹង៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ ហើយមូលហេតុចម្បងកាត់បន្ថយគម្របព្រៃឈើ​នៅកម្ពុជានោះ គឺមកពី​កំណើនប្រជាជន​ និង​តម្រូវការ​ប្រើប្រាស់​ដី ដើម្បី​ធ្វើ​កសិកម្ម​ និង​ការ​សាងសង់​ផ្ទះសម្បែង​។ នេះ បើតាមក្រសួងបរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ