អានតួអត្ថបទ
កម្ពុជា-គ្រឿងញៀន

ការបង្រ្កាបគ្រឿងញៀនឆ្នាំ២០២១ មានការថយចុះជាង៣៩ភាគរយធៀបនឹងឆ្នាំ២០២០

ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កាលពីឆ្នាំ​២០២១​ គឺមាន​ការថយ​ចុះជាង​៣៩​ភាគរយធៀប​នឹង​ឆ្នាំ២០២០។​ ប៉ុន្តែ​បញ្ហា​គ្រឿងញៀន​នៅតែ​ជា​ក្តី​បារម្ភ​ដល់​អាជ្ញាធរ​ជំនាញ​ ខណៈ​កម្ពុជា​នៅ​តែបន្ត​ទទួល​រងឥទ្ធិពល​អាក្រក់​ពីការកើន​ឡើង​ឥតឈប់ឈរ​នៃការផលិត​ ការចរាចរ​ និង​ការជួញដូរ​គ្រឿងញៀន​នៅលើ​ពិភពលោក​ និងក្នុងតំបន់។​

ការបង្ក្រាបបទល្មើសគ្រឿងញៀន (រូបតំណាង)
ការបង្ក្រាបបទល្មើសគ្រឿងញៀន (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់បណ្ដាមកពីគ្រឿងញៀន។ បញ្ហានេះគឺដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។ នេះគឺជាការគូសបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ​នៅ​ថ្ងៃ​ទី៣១​ខែមករា​នេះ ជុំវិញ​របាយការណ៍បង្ក្រាប​គ្រឿងញៀន​កាលពីឆ្នាំ២០២១។

បើតាម​ប្រធានអាជ្ញាធរជាតិ​គ្រឿង​ញៀន​រូបនេះ ទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ។

ជារួម ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន៦៣០៨ករណី ស្មើនឹង៦០,៣០ភាគរយ ពោលគឺបានថយចុះ៤.១៥៣ករណី ស្មើនឹង៣៩,៧០ភាគរយធៀបនឹងឆ្នាំ២០២០។ ក្នុងចំណោមករណីបង្ក្រាបបាន គឺឃាត់ខ្លួនជនសង្ស័យសរុប១៣៩៧៩នាក់ មានជនបរទេសចំនួន៣៦៥នាក់។

នៅឆ្នាំ២០២១សមត្ថកិច្ច បានចាប់យកគ្រឿងញៀនសរុបជាង៤តោន៦៨៩គីឡូក្រាម ដែលច្រើន​ជាងគេ គឺមេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង៩៤៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ជាង៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីនជាង២៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៧៥គីឡូក្រាម, កាទីណូនជាង១០៦គីឡូក្រាម, នីមេតាសេប៉ាមជាង១១គីឡូក្រាម និងកាកូអីនជាង១គីឡូក្រាម។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បង្ក្រាបបានកញ្ឆាស្រស់ដោយបានកាប់បំផ្លាញបានចំនួន៥៣.១៨៧ដើម កញ្ឆាក្រោមជាង១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង៨៤តោន កើនជាង១ពាន់ភាគរយឯណោះ។

នៅចំពោះមុខបញ្ហាគ្រឿងញៀននេះ លោក ស ខេង ជាថ្មីម្ដងទៀត អំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺបីកុំ និងមួយរាយការណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ