អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

ក្រសួងទេសចរណ៍៖ កំណើនទេសចរដើមឆ្នាំ ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញទេសចរណ៍ផ្ទៃក្នុង

ពេញមួយ​ខែ​ដើម​ឆ្នាំ២០២២​នេះ ​មានភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ​៣លាននាក់​បាន​ដើរកម្សាន្ត​ នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ប្រទេស។ ​នេះបើតាម​ក្រសួង​ទេសចរណ៍ ​កាលពី​ថ្ងៃទី៣១​ ខែមករា​ ដោយ​បាន​ចាត់ទុក​កំណើន​នេះ​ថាជា​សញ្ញាវិជ្ជមាន​នៃការ​ងើបឡើងវិញ​នៃវិស័យ​នេះ។​ តែប្រតិបត្តិ​ករ​ទេសចរណ៍​ នៅតែ​មើលឃើញ​ផលប៉ះពាល់​ពីការរីករាល​ដាល​កូវីដ១៩​ប្រភេទ​អូមីក្រុង ​ដែលត្រូវ​បាន​រកឃើញ​ឆ្លងនៅ​ក្នុង​សហគមន៍​ជាបន្តបន្ទាប់។​  

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

បើតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២២នេះ មានភ្ញៀវទេសចរប្រមាណ៣លាន១៥ម៉ឺននាក់ ដែលបានដើរកម្សាន្ត នៅទូទាំងប្រទេស ដែលអាចចាត់ទុកថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃ ក្នុងសម្រាប់ឆ្នាំ២០២២នេះ។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០១ ខែកុម្ភៈ នេះថា នៅដើមឆ្នាំ២០២២ ទេសចរផ្ទៃក្នុងមានការកើនឡើងរាប់ចាប់តាំងពីថ្ងៃឆ្លងឆ្នាំសកលមក ហើយកំណើននេះ មានការកើនឡើងកាន់តែច្រើនទៅៗ។ ការណ៍នេះ ធ្វើឲ្យអាជីវកម្មទេសចរណ៍ចាប់ផ្តើមងើបឡើងវិញខ្លះៗដែរ។ ​

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបន្តថា ទោះបីជាវិស័យទេសចរណ៍បង្ហាញសញ្ញាវិជ្ជមាននាដើមឆ្នាំ ប៉ុន្តែការឆ្លងរាលដាលកូវីដ១៩ប្រភេទបំប្លែងថ្មីអូមីក្រុង គឺប៉ះពាល់ខ្លះលើវិស័យនេះ ដែលធ្វើឲ្យប្រទេសមួយចំនួនមានការប្រយ័ត្នប្រយែងរឹតត្បិតសកម្មភាពនានា ហើយក៏ធ្វើឲ្យទេសចរក្នុងស្រុកមានការប្រុងប្រយ័ត្នដែរ ប៉ុន្តែអ្នកដើរកម្សាន្តនៅតែដើរកម្សាន្ត ដោយអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល។

​លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍​ទេសចរណ៍​ ដែលមានមូលដ្ឋាននៅក្រុងសៀមរាប បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០១ ខែកុម្ភៈថាជាង២ឆ្នាំកន្លងទៅ នេះគឺជាលើកទី១ហើយ ដែលលោកចាប់ផ្តើមដំណើការសេវាកម្មមគ្គុទេសក៍​ទេសចរណ៍ឡើងវិញ ប៉ុន្តែលោកថាលោកទើបតែទទួលបានទេសចរមួយក្រុមប៉ុណ្ណោះ។ បើតាមលោក ខៀវ ធី នៅក្នុងតំបន់អង្គរមានទេសចរបរទេសប្រមាណ៥០នាក់ជាមធ្យមនៅក្នុងមួយថ្ងៃ។​

ចំពោះការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសរបស់ប្រជាជនខ្មែរវិញ គឺមានមួយចំនួនដែរ ប៉ុន្តែមាននៅក្នុងកម្រិតមិនច្រើននោះទេ ពោលគឺជាលក្ខណៈគ្រួសារ ឬជាដំណើរកម្សាន្តក្រេបទឹកឃ្មុំ ដែលមិនមែនជាដំណើរកម្សាន្តជាក្រុមធំឡើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ