អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ជនបរទេសមួយគ្រួសារដែលសកម្មក្នុងការងារបរិស្ថានទទួលបានសញ្ជាតិខ្មែរ

លោក ដាវិស បេន យ៉ូសែប​ គឺ​ជា​ជនបរទេស​ដែល​ធ្វើ​ការ​ងារ​យ៉ាងសកម្ម​ក្នុង​កិច្ច​ការពារ​បរិស្ថាន​នៅកម្ពុជា ត្រូវបាន​ទទួលសញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ តាមរយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រនៅ​​ថ្ងៃទី២៦​​ខែ​មករា​២០២២។ ក្រសួង​បរិស្ថានចាត់​ទុក​ការ​ផ្តល់​សញ្ជាតិនេះ​ គឺជាការ​ទទួល​ស្គាល់​នូវ​ការ​លះបង់​កម្លាំងកាយ​ កម្លាំងចិត្ត​របស់​បុរស​ជាជនជាតិ​អាមេរិកាំង​រូបនេះ​ និង​ក្រុមគ្រួសារ​សរុប​ចំនួន​៤នាក់​ ដើម្បី​បុព្វហេតុ​ការពារ​ និង​អភិរក្ស​ធនធាន​ព្រៃឈើ ​និង​សត្វព្រៃ​ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត​-ភ្នំពក​ នៅ​ក្នុង​ខេត្ត​ព្រះវិហារ។​

ក្រុមគ្រូសារលោក ដាវិស បេន យ៉ូសែប គឺជាជនបរទេសដែលធ្វើការងារយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជា
ក្រុមគ្រូសារលោក ដាវិស បេន យ៉ូសែប គឺជាជនបរទេសដែលធ្វើការងារយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

លោក ដាវិស បេន យ៉ូសែបគឺជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី។ ពួកគេបាននាំកូនស្រីទាំង២នាក់​មករស់​នៅ​ និង​ចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារ។

ជាការកត់សំគាល់ ក្រុម​គ្រួសារជាជនបរទេស​ស្បែកស​នេះ បាន​ស្ម័គ្រចិត្តមករស់នៅក្នុងព្រៃក្នុង​ខេត្ត​ព្រះ​វិហារ ដើម្បីការពារ អភិរក្សសត្វ និងព្រៃឈើនៅកម្ពុជា ដោយបោះបង់ចោលការងារ និងកូនៗមិនបានចូលរៀនសូត្រតាមសាលារៀនឡើយ​។

ដោយសារតែលះបង់​បែបនេះហើយ ទើបនៅ​ថ្ងៃទី២៦​ខែមករា​ឆ្នាំ​២០២២ ព្រះមហា​ក្សត្រ​កម្ពុជា​បាន​ប្រទាន​សញ្ជាតិ​ជាចង្កោមគ្រួសារដល់​ លោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិក កើតនៅទីក្រុង Verdun ប្រទេសបារាំង និង​ ភរិយា គឺលោកស្រី ជាវិស សារិន ប៉ាទ្រីសា ជាជនជាតិអូស្ត្រាលី កើតនៅទីក្រុង Hornsby។ ចំណែកកូនស្រីទាំងពីរនាក់ ដែល​កើត​នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី ក៏ទទួលបាន​សញ្ជាតិ​ខ្មែរ​ដូចគ្នា។

ក្រសួងបរិស្ថានកម្ពុជា បានចូលរួមអបអរសាទរចំពោះ លោក បេន និងក្រុមគ្រួសារដែល​ទទួលបានសញ្ជាតិខ្មែរ ដោយ​ចាត់ទុកថា នេះគឺជាការទទួលស្គាល់នូវការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក បេន និងក្រុមគ្រួសារសរុបចំនួន៤នាក់ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ ក្រសួង​ដដែលនេះ អះអាងថាការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិរបស់លោក បេន និងក្រុមគ្រួសារជាមួយក្រសួងបរិស្ថាន គឺប្រកប ដោយភាពស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រយោជន៍ធនធានធម្មជាតិជាធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ