អានតួអត្ថបទ
កម្ពុជា-ច្បាប់

សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”ត្រូវបានអនុម័ត ជាផ្នែកមួយផ្តល់ជំនឿចិត្តដល់ដៃគូពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានគណៈ​រដ្ឋមន្ត្រី​អនុម័ត​នៅថ្ងៃ​សុក្រនេះ។ ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង និងការបង្កើនការនាំចេញកសិផល ខណៈសមាហរណកម្មសេដ្ឋកិច្ចពិភពលោកកំពុង​អភិវឌ្ឍប្រកបដោយការប្រកួតប្រជែងដ៍ស្រួចស្រាវ។

ដំឡូងមី (រូបតំណាង)
ដំឡូងមី (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់នេះ គឺបានកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក និងការឆ្លង រាតត្បាតពីសំណាក់សមាសភាពចង្រៃ។  លើសពីនេះ សេចក្តីព្រាងច្បាប់នេះ ក៏ជាការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ សម្រាប់ការសម្រួលការធ្វើពាណិជ្ជកម្មផងដែរ។

បើតាម​រដ្ឋាភិបាលកម្ពុជា សេចក្តីព្រាងច្បាប់ថ្មីនេះនឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចជា ការពារផលប្រយោជន៍របស់ប្រជាកសិករ តាមរយៈការគ្រប់គ្រង ការការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។

ជាងនេះទៀតនេះ សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ក៏កំណត់ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថាននៅកម្ពុជា។ ជាក់ស្តែងការផ្ទុះឡើងនូវសមាសភាពចង្រៃដូចជា ខ្យងមាស ខ្នងដូង ជំងឺស្លឹកប្រាក់លើដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី និងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោតជាដើម ពិតជាបានបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។

ជាការកត់សំគាល់​ ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់នេះឡើង គឺជាការបំពេញបាននូវលក្ខខណ្ឌតម្រូវ និងស្តង់ដារភូតគាមអនាម័យ ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ អង្គការពាណិជ្ជកម្មពិភពលោក ក្របខ័ណ្ឌអាស៊ាន ជាដើម និងការពារបានជាដាច់ខាតពីការចាត់ទុកកម្ពុជាថាជាជម្រក ឬសម្បុកនៃសមាសភាពចង្រៃលើដំណាំគ្រប់ប្រភេទ ដែលមិនអនុញ្ញាតឱ្យផលិតផលមានដើមកំណើតពីរុក្ខជាតិរបស់កម្ពុជាចូលទីផ្សារអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ