អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ក្រសួងសុខាភិបាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ប្រសិនបើមិនទៅធ្វើតេស្តរកអូមីក្រុង

ក្រសួង​សុខាភិបាល​នៅព្រឹកថ្ងៃទី ០៤​ មករានេះ​បាន​ប្រាប់​ឲ្យ​អ្នក​តវ៉ា​នៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ នាំគ្នាទៅ​ធ្វើ​តេស្ត​រកជំងឺអូមីក្រុង​ហើយ​ព្រមាន​ថា​ ប្រសិន​បើពួកគេមិនទៅ​ធ្វើ​តេស្តទេ នោះ​នឹង​ប្រឈម​ការ​ចាត់វិធានការតាមផ្លូវច្បាប់ ​ស្តីពីការ​ទប់ស្កាត់ការ​ឆ្លង​រីករាលដាល​ជំងឺកូវីដ១៩។​ ការព្រមាន​បែបនេះ​ ធ្វើឡើង​បន្ទាប់ពី​ ក្រសួង​សុខាភិបាល​ បាន​អះអាង​ពីការ​រកឃើញ​នូវ​ករណី​ឆ្លង​មេរោគកូវីដ១៩​ប្រភេទថ្មី​«អូមីក្រុង»​ ទៅលើ​កូដករ​ម្នាក់​ជាអតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូហ្គាវើលដ៍​ដែល​កំពុង​តវ៉ា។​

ក្រុមកូដករនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍
ក្រុមកូដករនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ © Central
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ មករានេះ ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ប្រភេទ«អូមីក្រុង» ទៅលើស្ត្រីមានផ្ទៃពោះម្នាក់ ដែលជាកូដកររបស់ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលទៅបានពិនិត្យសុខភាពនៅពីថ្ងៃទី២៨ មករាកន្លងមក។ បើតាម ក្រសួងសុខាភិបាល ស្ត្រីរូបនេះបានឆ្លងមេរោគកូវីដ១៩ ក្នុងអំឡុងពេលធ្វើបាតុកម្មនៅខាងមុខស្ថានទូតអូស្រ្តាលី។

ក្រសួងសុខាភិបាលបានប្រាប់ឲ្យអ្នកដែលកំពុងធ្វើការតវ៉ា ត្រូវទៅពិនិត្យ និងយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩នៅទីតាំងដែលបានកំណត់ ស្ថិតក្នុងតំបន់កោះពេជ្រ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី ៦មករា ឆ្នាំ២០២២។

បើតាម​ក្រសួង​សុខាភិបាល ប្រសិន​បើពួកគេមិនទៅ​ធ្វើ​តេស្តទេ នោះនឹងប្រឈមការចាត់វិធានការតាមផ្លូវច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។  

លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ​ និងសេវាកម្មកម្ពុជា បានលើកឡើងថា ក្រសួងកំពុងមានចេតនារំសាយកូដកម្ម ដោយលើកយកបញ្ហាកូវីដ១៩មកដាក់ជាប្រធានបទចំពោះកូដករ។ ប៉ុន្តែការធ្វើបែបនេះ  លោកស្រីយល់ថា ជាការគិតគូដល់សុខមាលភាពសាធារណៈ ខណៈកូដករក៏បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលពិនិត្យយកសំណាកដែលក្រសួងបានតម្រូវ។ ប៉ុន្តែលោកស្រី ផល្លីនស្នើឱ្យក្រសួងត្រូវមានតម្លាភាព និងសុច្ចរិតភាព ក្នុងដំណើរការតេស្តរកជំងឺកូវីដ១៩ពីក្រុមកូដករទាំងអស់។

ចំណែកចេតនា និងរបៀបវារៈដើម្បីបញ្ចប់កូដកម្មតាមរយៈការយកបញ្ហាជំងឺកូវីដ១៩មកធ្វើការកម្មវត្ថុនោះ ប្រធានសហជីពរូបនេះ បាននិយាយថា មិនអាចធ្វើទៅរួចនោះទេ ដោយសារតែកូដករទាំងអស់ប្រកាន់ភ្ជាប់នូវវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន និងថាប្រសិនបើមានការឆ្លងមែន កូដករតម្រូវធ្វើចត្តាឡីស័ក្តត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ ដូច្នេះក្រោយរយៈពេល៥ថ្ងៃ កូដករអាចវិលមកធ្វើកូដកម្មបានជាធម្មតា។ 

ជាការកត់សម្គាល់ អ្នកស្រី ឈួន សំអាន ដែលជាអ្នកមានជំងឺផ្ទាល់បានចេញមកបកស្រាយនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៤ មករានេះថា​ អ្នកស្រីពិតជាមានវិជ្ជមានជំងឺកូវីដ១៩ពិតមែន។ ក៏ប៉ុន្តែអ្នកស្រីអះអាងថា ចាប់តាំងពីពេលដែលអ្នកស្រីពិនិត្យឃើញថា ខ្លួនមានផ្ទៃពោះមក ការចូលរួមធ្វើកូដកម្មត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី១៥ មករា​ មកម្ល៉េះ។ អ្នកស្រី ឈួន សំអាន បន្តថា ដើមហេតុនៃការឆ្លង មិនមែនដោយសារតែអ្នកស្រីធ្វើកូដកម្មនៅមុខស្ថានទូតអូស្ត្រាលី ដូចដែលភាគីរដ្ឋាភិបាលបញ្ជាក់ក្នុងសេចក្តីប្រកាសនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ