អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

កូដករណាហ្គាវើលដ៍ថានឹងយក​សំណាក​តាមការ​អំពាវនាវ​របស់​អាជ្ញាធរ

នៅថ្ងៃទី០៥ ខែកុម្ភៈនេះ កូដករណាហ្គាវើលដ៍នឹងទៅយកសំណាក​រក​កូវីដ១៩​ទាំងអស់គ្នា តាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល។ នេះបើតាម​ការ​បញ្ជាក់​របស់​កូដករ​ណាហ្គាវើលដ៏ម្នាក់ ដោយ​លើកឡើង​ទៀត​ថា​ការ​ធ្វើកូដកម្ម​នឹង​នៅ​តែបន្ត ក្រោយ​ការ​ធ្វើ​សំណាក​រយៈពេល​២ថ្ងៃ​រួចរាល់។   

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល ធ្វើ​កូដកម្ម នៅ​មុខ​កាស៊ីណូ​ណាហ្គាវើល ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុកកូដករណាហ្គាវើលដ៏​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​សុខាភិបាល​ចុះ​មក​យក​សំណាក​របស់​ពួក​គាត់​នៅ​កន្លែង​កូដកម្ម​នាថ្ងៃទី០៥ ខែកុម្ភៈ និង​បាន​បញ្ជាក់​ថា​នឹង​មិន​មាន​ការ​ធ្វើ​កូដកម្ម​នោះ​ទេ តែ​នឹង​នាំគ្នា​ទៅ​យក​សំណាក តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ កាលពី​ថ្ងៃទី០៤ ខែកុម្ភៈ។

លោក ជួប ចាន់ណាត ជា​កូដករ​ណាហ្គាវើលដ៍ម្នាក់​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​០៥ ខែ​កុម្ភៈនេះថា​ បុគ្គលិក​ណាហ្កាវើលដ៏ ដែល​ចូលរួម​ធ្វើ​កូដកម្ម​មិន​បាន​គេចវេះ ឬរឹងរូស​មិន​យក​សំណាក តាម​វិធានការ​របស់​អាជ្ញាធរ​នោះ​ទេ។ ប៉ុន្តែ​កាល​ពី​ថ្ងៃទី០៤ ខែកុម្ភៈ ក្រុមកូដករ​មិន​បាន​យក​សំណាក​ដោយ​សារ​តែ​ល្ងាច​ពេក ហើយ​កូដករ​ក៏​មាន​គ្នាច្រើន​ប្រមាណ​ជាង​៧០០នាក់ និង​មិនមាន​ការ​ឃ្លាំមើល​ពី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​មាន​តម្លាភាព​។

លោក ជួប ចាន់ណាត បន្តថា​កូដករ​ណាហ្គាវើលដ៍​នឹង​មិន​ធ្វើ​កូដកម្ម​ទេ នៅ​ថ្ងៃទី០៥ និងថ្ងៃទី០៦ ខែ​កុម្ភៈ ដោយ​មិន​ចង់​ឲ្យ​លាយឡំ​ការ​ធ្វើកូដកម្ម​ជា​មួយ​គ្នានិង​ការ​យកសំណាក។ បើតាម​កូដករ​រូប​នេះ កូដករ​ណាដែល​វិជ្ជមាន​នឹង​ត្រូវ​ព្យាបាល ហើយ​អ្នក​ដែល​អវិជ្ជមាន​នឹង​បន្ត​ធ្វើ​កូដកកម្ម​ទៀត​។

វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាច​សុំការ​បញ្ជាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានទេ នៅថ្ងៃទី០៥ ខែកុម្ភៈនេះ ប៉ុន្តែ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃទី០៤ ខែកុម្ភៈ ក្រុម​គ្រូពេទ្យ​បាន​ផ្លាស់​ប្តូរ​ទីតាំង​យក​សំណាក​មក​នៅ​កន្លែង​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជាក់​ស្តែង​តប​ទៅ​តាម​ការ​សំណូមពរ។ ប៉ុន្តែ​កូដករ​ភាគ​ច្រើន​នៅ​តែ​រឹងរូស​ មានៈ មិន​ព្រម​សហការ​ឱ្យ​យក​សំណាក​។

រដ្ឋបាលរាជធានីភ្នំពេញ​បាន​តម្រូវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គា ហើយ​ត្រូវ​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល រហូត​ដល់​ធានា​ថាលែង​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​ចូល​ទៅ​ក្នុង​ចំណោម​កូដករ និង​ក្រុមគ្រួសារ។

សូមជម្រាបជូនថា​ការ​ចុះ​យក​សំណាក​កូដករ​ណាហ្គាវើលដ៏​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​កូដករ​ណាហ្គាវើល​វិជ្ជ​មានកូវីដ១៩ ប្រភេទ​អូមីក្រុង​នាដើម​សប្តាហ៍​នេះ។ ប៉ុន្តែ​ក្រុម​កូដករ​ធ្លាប់​បាន​អះ​អាង​ថា អ្នក​ដែល​វិជ្ជមាន​កូវីដ១៩​ប្រភេទ​អូមីក្រុង​នោះ មិន​បាន​ចូល​រួម​ធ្វើ​កូដកម្ម​ជាង​៣សប្តាហ៍​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ