អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

ប្រតិបត្តិករ​ទេសចរណ៍​ថា ​ការ​ផ្អាក​ប្រមូល​ពន្ធ​៦​ខែ​លើ​អាជីវ​កម្ម​ទេសចរណ៍​ គឺ​បាន​រួម​ចំណែក​ដល់​ការ​រស់​ឡើង​វិញ​នៃ​វិស័យ​មួយនេះ

ប្រតិបត្តិករ​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃ​ទី​០៦​មករា​នេះ​បាន​បញ្ជាក់​ថា ​អាជីវកម្ម​ទេសចរណ៍​នឹង​បន្ត​មាន​ទឹក​មាត់​លេប​ និង​អាច​រឹង​ដៃរឹង​ជើង​ជាង​មុន ​បន្ទាប់​ពី​រដ្ឋ​សម្រេច​ផ្អាក​ការ​ប្រមូល​ពន្ធ​ចំនួន​៦​ខែ​បន្ថែម​ទៀត​។ ការ​ផ្អាក​ប្រមូល​៦​ខែ​នេះ ​គឺ​អនុវត្ត​ទៅ​លើសកម្មភាព​អាជីវកម្ម​មួយ​ចំនួន​ដូចជា​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ ភោជនីយដ្ឋាន ​និង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ជា​ដើម​។ តែ​យ៉ាងណា ​ប្រតិបត្តិករ​ទេសចរណ៍ ​ចង់​ឃើញ​រដ្ឋ​ពន្យា​ពេល​ប្រមូល​ពន្ធ​ឱ្យ​កាន់​តែ​យូរ​ជាង​នេះ ​ដើម្បី​ផ្តល់​ពេលវេលា​ឱ្យ​ប្រតិបត្តិករទេសចរណ៍​អាច​ពង្រឹង​ខ្លួន​ឱ្យ​បាន​រឹងមាំ​ជា​មុន​បន្តិច​។ 

សណ្ឋាគារមួយកន្លែងក្នុងខេត្តសៀមរាប
សណ្ឋាគារមួយកន្លែងក្នុងខេត្តសៀមរាប © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ ចាប់ពីខែ មករាដល់ខែ មិថុនា​​ ឆ្នាំ២០២២ អាជីវកម្មទេសចរណ៍មួយចំនួនដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុន រឺភ្នាក់ងារទេសចរណ៍ នឹងរួចការបង់ពន្ធចំនួន៦ខែ ដើម្បីជំរុញឱ្យអាជីវកម្មទេសចរណ៍ទាំងអស់អាចងើបឡើងវិញ និងដើម្បីចូលរួមពង្រឹងវិស័យទេសចរណ៍ដែលបានធ្លាក់ចូលក្នុងរណ្តៅអស់មួយរយៈពេលជិត២ឆ្នាំ។  

ជុំវិញការផ្អាកប្រមូលពន្ធនេះ លោកស្រី ឆាយ​ស៊ីវ លីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាយល់ឃើញថា រដ្ឋបានចូលរួមចំណែកក្នុងការកាត់បន្ថយ​ និងការចំណាយផ្នែកហិរញ្ញវត្ថុរបស់អាជីវករទេសចរណ៍បានមួយកម្រិតទៀត ខណៈការស្តារអាជីវកម្មរបស់អាជីករនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ជាពិសេសក្នុងខេត្តសៀមរាប។ ខេត្តសៀមរាប ដែលលោកស្រីចង់សំដៅថា បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេលើវិស័យមួយនេះ។  

តែយ៉ាងណា លោកស្រី ឆាយ ស៊ីវលីនអះអាងថា ការពន្យាពេលប្រមូលពន្ធចំនួន៦ខែនេះ គឺនៅមិនទាន់អាចបំពេញគ្រប់តម្រូវការដែលវិស័យទេសចរណ៍ធ្លាប់រងគ្រោះពីពេលកន្លងមកនោះទេ។ ដោយលោកស្រីលើកឡើងថា រដ្ឋគួរពិចារណាចំពោះការពន្យាពេលប្រមូលពន្ធនេះឱ្យកាន់តែយូរបន្ថែមទៀត ដើម្បីផ្តល់ឱកាសឱ្យប្រតិបត្តិករ សេវាករទេសចរណ៍ទាំងអស់មានពេលវេលាគ្រប់គ្រាន់ក្នុងស្តារអាជីវកម្មឱ្យរឹងដៃរឹងជើងជាមុនសិន។ មិនទាន់រឹងដៃរឹងជើង ក៏ព្រោះថា បញ្ហាកូវីដ១៩ និងវត្តមានភ្ញៀវទេសចរបរទេសនៅមិនទាន់មានភាពប្រាដកប្រជានៅឡើយ។   

ដោយឡែកលោកស្រី ក្លេស ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជាវិញ ក៏បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិដែរថា បច្ចុប្បន្ននេះ អាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋានបានវិលត្រឡប់មកធ្វើប្រតិបត្តិការឡើងវិញច្រើនហើយ។ ក៏ប៉ុន្តែអាជីវកម្មមួយនេះ នៅបន្តប្រឈមខ្លាំងជាងបណ្តាអាជីវកម្មទេសចរណ៍ផ្សេងៗទៅវិញ។ បើតាម លោកស្រី ចិន្តា ផលប្រឈមខ្លាំងគឺដោយសារ អាជីវកម្មសណ្ឋាគារនេះអាចរីកធំធាត់បានដោយសារតែវត្តមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តនាឱកាសពិធីបុណ្យធំៗតែប៉ុណ្ណោះ។ ដោយឡែក ប្រសិនបើគ្មានពិធីបុណ្យនោះទេ ម្ចាស់សណ្ឋាគារនឹងត្រូវបានបិទទ្វារទៅវិញ។  

សូមជម្រាបថា ក្នុងរយៈពេលមួយខែដើមឆ្នាំ២០២២ បរិមាណភ្ញៀវទេសចរចេញដើរលេងកម្សាន្តនៅតាមទិសដៅទេសចរណ៍នានានៅទូទាំងប្រទេសមានចំនួនប្រមាណ ៣,១៥៨,៥៣៧នាក់។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍។​ ក្រសួងទេសចរណ៍បន្តថា កំណើនគួរឱ្យកត់សម្គាល់នេះអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ