អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កិច្ច​ប្រជុំ​ពិសេស​អាស៊ាន-អាមេរិក៖ លោកហ៊ុន សែន សង្ឃឹម​ថា​ទំនាក់​ទំនង​ទាំង​សង​ខាង ​កាន់​តែ​រីក​ចម្រើន

​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ ​បាន​ដាក់​ក្តី​សង្ឃឹម​ខ្លួន​ថា ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​រវាង​អាស៊ាន ​​និង​អាមេរិក​ កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​ បន្ទាប់​ពី​កិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន​-អាមេរិក​ ធ្វើ​ឡើង​រួចរាល់​។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​ ហ៊ុន​ សែន ​នៅ​ថ្ងៃ​០១​​កុម្ភៈ ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក ​ចូ ​បៃ​ដិន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​បាន​ប្រកាស​ទន្ទឹង​រង់​ចាំធ្វើ​ការ​ជា​មួយ​កម្ពុជា​នៅ​ឆ្នាំ​នេះ​។

ប្រធានាធិបតីអាមេរិកលោក ចូ​ បៃឌិន(ខាងឆ្វេង) និង លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន(ខាងស្តាំ)
ប្រធានាធិបតីអាមេរិកលោក ចូ​ បៃឌិន(ខាងឆ្វេង) និង លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន(ខាងស្តាំ) © Internet
ផ្សាយពាណិជ្ជកម្ម

«ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។ នេះគឺជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹងការហៅទៅចូលរួមប្រជុំអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ពីសំណាក់លោកប្រធានាធិបតី ចូ បៃឌិន។ ទោះយ៉ាងណាកិច្ចប្រជុំអាស៊ាន-អាមេរិក ដែលរៀបធ្វើឡើងនេះ នៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយនោះទេ។

សម្រាប់លោក ហ៊ុន សែន កិច្ចប្រជុំកំពូលពិសេសនេះ នឹងផ្តល់ប្រយោជន៍ដល់ភាគីទាំងសងខាងក្នុងការផ្លាស់ប្តូរយោបល់គ្នា ដើម្បីពង្រឹងកិច្ចទំនាក់ទំនងភាពជាដៃគូឲ្យកាន់តែរីកចម្រើន។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ លោកហ៊ុន​សែន បានប្រកាសថា លោករង់ចាំធ្វើការជាមួយរដ្ឋបាលរបស់លោក ចូ បៃឌិន យ៉ាងជិតសិ្នទ្ធបំផុត។

ពីសេតវិមាន ថ្ងៃទី១៤មករា លោក ចូ បៃឌិន បានផ្ញើលិខិតមួយច្បាប់ដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ដោយប្រកាសពីការទន្ទឹងរង់ចាំពេលវេលាធ្វើការជាមួយកម្ពុជាក្នុងរបត់ជាប្រធានអាស៊ានឆ្នាំនេះ។ លោក ចូ បៃឌិន បញ្ជាក់ជំហររបស់អាមេរិកថា ខ្លួនសង្ឃឹមថាទំនាក់ទំនងអាស៊ាន-អាមេរិកកាន់តែរីកចម្រើន និងសម្រេចបានគោលដៅរួមនៅក្នុងតំបន់។ ម៉្លោះហើយ សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅប៉ុន្មានខែខាងមុខ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ចូ បៃឌិន។

ជាការកត់សម្គាល់ កិច្ចប្រជុំអាស៊ាន-អាមេរិក អាច​នឹង​ត្រូវ​ធ្វើឡើងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ បើតាមការបញ្ជាក់របស់លោក ហ៊ុន សែន ថ្លែង​ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ​ថ្មី កិច្ចប្រជុំអាស៊ាន-អាមេរិក នឹងធ្វើឡើងនៅអំឡុងខែកុម្ភៈនេះ។ កិច្ចប្រជុំនៅឆ្នាំនេះ ដែលអាចមានប្រធានបទជាច្រើនត្រូវពិភាក្សា មានដូចជា វិបត្តិនយោបាយភូមា បញ្ហាសមុទ្រចិនខាងត្បូង និងការស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ