អានតួអត្ថបទ
កម្ពុជា-សង្គម

កូដ​ករ​ណាហ្កាវើលដ៍​រង​ការ​ឃាត់​ខ្លួន​ ក្រោម​ការ​ចោទ​ប្រកាន់​ថា​រារាំង​វិធាន​ការ​ទប់​ស្កាត់​កូវីដ​១៩

អាជ្ញាធរ​បាន​ឃាត់​ខ្លួន​កូដករ​ណាហ្កវើលដ៍​៣​នាក់​ពី​កន្លែង​យក​សំណាក​កូវីដ១៩ ​កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ ​ម្សិលមិញ​ តាម​ដី​ការ​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​ព្រះ​រាជ​អាជ្ញា​ពាក់​ព័ន្ធ​ករណី​រារាំង​ដល់​ការ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ ខណៈ​ក្រុម​កូដករ​បញ្ជាក់​ថា​ពួក​គេ​មិន​បាន​រារាំង​វិធាន​ការ​របស់​អាជ្ញាធរ​នោះ​ទេ​។

កូដករចំនួន៣នាក់ដែលអាជ្ញាធរបានចាប់ខ្លួន
កូដករចំនួន៣នាក់ដែលអាជ្ញាធរបានចាប់ខ្លួន © Internet
ផ្សាយពាណិជ្ជកម្ម

កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ មានកូដករណាហ្គាវើលដ៍យ៉ាងតិចចំនួន៦នាក់ ត្រូវបានឃាត់ខ្លួន ប៉ុន្តែត្រូវបានដោះលែងវិញភ្លាមៗចំនួន៣នាក់ ខណៈ៣នាក់ទៀតត្រូវបន្តឃាត់ខ្លួន។ អ្នកទាំង៣ ត្រូវបានឃាត់ខ្លួនតាមដីការបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានបន្ថែមថាអ្នកដែលត្រូវបានឃាត់ខ្លួន មាន៣នាក់ ដែលមានឈ្មោះ​ ជួប​ ចាន់ណាត​ ឈ្មោះ​ សេង​ វណ្ណរិទ្ធ និងឈ្មោះ​ សៅ​ សម្បត្ត គឺពាក់ព័ន្ធករណី រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយយោងលើមាត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ។

លោក​សាន សុខសីហា ​អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៦ ខែកុម្ភៈ ថាកូដករ២នាក់ ដែលត្រូវបានឃាត់ខ្លួនតាមដីការបញ្ជា កំពុងស្ថិតនៅក្នុងដំណាក់កាលសួរនាំ និងអាចបញ្ជូនឲ្យតុលាការអនុវត្តបន្ត។ លោក សាន សុខសីហា បញ្ជាក់ទៀតថា បើមិនមានការរារាំងគឺមិនមានការឃាត់ខ្លួននោះទេ។

កូដករណាហ្គាវើលដ៍ម្នាក់សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នាថ្ងៃទី០៦ ខែកុម្ភៈនេះថា កូដករដែលឃាត់ខ្លួន គឺរងការចោទប្រកាន់ថាបានរាំរាំងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់អាជ្ញាធរ ប៉ុន្តែពួកគាត់ទាំងនោះសុទ្ធតែបានយកសំណាករកកូវីដ១៩អស់។ កូដករណាហ្គាវើលដ៍ បញ្ជាក់ថាពួកគេមិនបានរារាំងវិធានការទប់ស្កាត់កូវីដ១៩នោះទេ។

កូដករណាហ្គាវើលដ៍រូបនេះក៏បានអះអាងថា នៅថ្ងៃទី០៦ ខែកុម្ភៈ ពួកគាត់នៅតែបន្តទៅយកសំណាករកកូវីដ១៩ដដែល និងស្នើសុំឲ្យធ្វើកូដកម្មតទៅទៀត សម្រាប់អ្នកដែលអវិជ្ជមានកូវីដ១៩ ហើយអ្នកវិជ្ជមានកូវីដ១៩គឺសម្រាកព្យាបាល ដែលជាការអនុវត្តការរៀនរស់នៅក្នុងបរិបទថ្មីតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែកុម្ភៈនេះ បានតម្រូវឲ្យបញ្ឈប់ជាបន្ទាន់ការប្រមូលផ្តុំធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គា ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាថាលែងមានការឆ្លងជំងឺកូវីដចូលទៅក្នុងចំណោមកូដករ និងក្រុមគ្រួសារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ