អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន ថាមិនឈឺក្បាលនឹងបញ្ហាភូមាទេ នៅតែជាង១០ខែទៀតកម្ពុជាលែងជាប្រធានអាស៊ាន

ប្រមុខ​រដ្ឋាភិបាលកម្ពុជា​នៅថ្ងៃ​ចន្ទនេះ បានប្រើពេល​ជាច្រើន ​ដើម្បី​បកស្រាយ​ពី​មូល​ហេតុ​ដែល​មិន​អាច​រក​ដំណោះស្រាយជូន​ប្រទេស​ភូមាបាន នៅក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​ធ្វើ​ជាប្រធានអាស៊ាន​ឆ្នាំ​នេះ។ បើតាម​លោក ហ៊ុន សែន លោក​នឹង​មិនឈឺក្បាល​ចំពោះ​ជម្លោះនយោបាយ​នៅភូមាតទៅទៀតឡើយ ដោយសារតែ​នៅ​សល់​ពេល​ជាង១០ខែ​ទៀត​ កម្ពុជា​ត្រូវផុតអាណត្តិជាប្រធានអាស៊ានហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង © FB/SMP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៧ ពីខេត្ត​ក្រចេះទៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទៅ៧​កុម្ភៈ លោកប្រមុខរដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ាន បានអះអាងថា លោក​បានព្យាយាម​អស់ល​ទ្ធភាពហើយ ​ដើម្បី​ដោះស្រាយពីវិបត្តិនៅភូមាដែលអូសបន្លាយ​រាប់​សិបឆ្នាំមកនេះ តែថាលោកនៅតែបំពេញតួនាទី​ជាប្រធានអាស៊ាន​លើបញ្ហាភូមារហូតដល់ចប់ភារកិច្ច។

លោក ហ៊ុន សែន អះអាងថា កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលសម្របសម្រួលចំពោះបញ្ហាមីយ៉ាន់ម៉ា គឺទទួលបានការគាំទ្រ ច្រើនជាងការរិះគន់ ខណៈប្រកាសថា លោកនៅរង់ចាំមើលពីការដោះស្រាយបញ្ហាភូមា​ដោយ​​ប្រទេស​ដទៃ។

ប្រទេសចិនកាលពីថ្ងៃទី១០ខែមករា តាមរយៈអ្នកនាំពាក្យនៃក្រសួងការបរទេសបានឆ្លើយសំណួរពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមាថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ានក្នុងការដើរតួនាទីស្វែង​រក​ដំណោះស្រាយបញ្ហាខ្វែងគំនិតគ្នាលើ​វិបត្តិ​នយោបាយភូមា តាម​រយៈ​ការ​សន្ទនា។

ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាដែលមានភូមិផង​របងជាមួយនឹង​ភូមា ​បាន​អះអាងថា​ ខ្លួន​កំពុង​យក​ចិត្ត​ទុកដាក់​ពី​ស្ថានការណ៍នៅភូមា​ ព្រមទាំង​គាំទ្រតួនាទី​កម្ពុជា​ក្នុង​នាម​ជាប្រធានអាស៊ាន​នៅឆ្នាំ​នេះ ខណៈ​ដែល​កម្ពុជា​កំពុង​ស្វែង​រក​ដំណោះស្រាយឲ្យភូមា។

ជម្លោះនយោបាយនៅភូមា​ដែល​កើត​មាន​រាប់ទស្សវត្សមកនេះ បើតាម​លោក ហ៊ុន សែន គឺមិន​ដោះស្រាយ​ចប់​ត្រឹម​តែ​ក្នុងរយៈខ្លី ឬ​ក្នុងពេល​ដែលកម្ពុជា​ធ្វើ​ជាប្រធានអាស៊ាននេះឡើយ។ ដោយចោទសួរពីលទ្ធភាព​ផ្តួលរលំ​ពួកយោធានៅភូមាដោយ​ក្រុម​ប្រឆាំង លោក ហ៊ុន សែន បានប្រតិកម្មថា ក្រុម​ប្រឆាំង​នៅភូមា​មាន​ការ​យល់​ច្រឡំ​ចំពោះ​គោលបំណង​របស់​លោកដែល​ទៅជួបមេដឹកនាំ​យោធា ​ទើប​ពលរដ្ឋភូមា​នាំ​គ្នាជេរប្រមាថ​រូបលោក​។

បើតាម លោក ហ៊ុន សែន ដើម្បី​មានប្រជាធិតេយ្យ​ និង​សិទ្ធិមនុស្សទៅបាន​លុះ​ត្រា​តែ​សង្គ្រាម​ត្រូវ​បាន​បញ្ជប់ជាមុនសិន។ ​លោក ហ៊ុន សែន អះអាងថា ការដែលរបបសឹកយល់ព្រមដោះលែងសាស្ត្រាចារ្យម្នាក់​សញ្ជាតិ​អូស្ត្រាលី​ដែលជា​មនុស្ស​របស់​លោកស្រី អង់សាន ស៊ូជី គឺដោយសារតែមាន​អន្តរាគមន៍​របស់​ប្រធានអាស៊ានដែល​បាន​លើក​ឡើង​នៅចំពោះមុខ លោក មិនអ៊ុង ឡាំង នៅក្នុងដំណើរទស្សនកិច្ច​នៅភូមាកាលពីដើមខែមករា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ