អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ពលរដ្ឋខ្មែរនៅក្រៅប្រទេសគ្រោងបាតុកម្មប្រឆាំង លោក ហ៊ុន សែន ពេលទៅប្រជុំកំពូលអាស៊ាន-អាមេរិក

ពលរដ្ឋខ្មែរ​មួយចំនួន​នៅសហរដ្ឋអាមេរិក ​អះអាងថា ពួកគេ​បានត្រៀម​ខ្លួន​រួច​​ជាស្រេច​ ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​ប្រធានអាស៊ាន​ប្តូរអាស៊ាន​ទៅ​ចូល​រួម​កិច្ច​ប្រជុំកំពូល​អាស៊ាន-អាមេរិក​នៅពេល​ខាងមុខ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច ចាត់ទុកថា ប្រសិន​បើ​ពលរដ្ឋខ្មែរ​មួយចំនួន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងវត្តមានប្រមុខ​រដ្ឋាភិបាល​ខ្មែរ គឺស្មើ​នឹង​ធ្វើ​បាតុកម្មប្រឆាំងនឹង​​ប្រ​ធានាធិបតីអាមេរិកអញ្ចឹងដែរ។

ពលរដ្ឋខ្មែរមួយចំនួននៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពលរដ្ឋខ្មែរមួយចំនួននៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ខ្មែរមួយចំនួន​រស់​នៅ​​សហរដ្ឋអាមេរិក​ អះអាងថា គម្រោង​​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​​នៅពេល​ខាងមុខ ដោយសារ​​​តែពួកគេ យល់ថា រដ្ឋាភិបាលកម្ពុជាបាន​បំផ្លាញ​ប្រជាធិបតេយ្យ​ និងផ្អៀង​ទៅចិន ដើម្បីផលប្រយោជន៍​​​គ្រួសារ​អ្នកមានអំណាច ដោយ​មិន​គិត​គួរ​ពី​ផល​ប្រយោជន៍របស់​ពលរដ្ឋ​ខ្មែរ។ ការរំលាយបក្សប្រឆាំង ការចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គម រួមទាំងករណី​ចាប់​ខ្លួន​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ គឺជា​កម្មវត្ថុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅក្រៅស្រុក​មានការ​ខឹង​សម្បារ ​ហើយលើកទឹកចិត្ត​ឲ្យពួកគេត្រៀម​ធ្វើ​បាតុកម្ម​នេះ។​

ការ​ប្រកាស​ត្រៀម​បាតុកម្មជាថ្មី​ប្រឆាំង​នឹង​វត្តមាន លោក ហ៊ុន សែន នៅពេលនេះធ្វើ​ឡើង បន្ទាប់ពីលោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ដែលជាប្រធានអាស៊ាន​បានបញ្ជាក់ជំហរថា ​លោក​​បាន​សរសេរ​លិខិត​​​ឆ្លើយ​​តប​នឹង​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោក ​ចូ ប៉ៃឌិន​ ​ដែល​បាន​អញ្ជើញ​លោក​ទៅ​ចូល​រួម​កិច្ច​កំ​ពូល​​អាស៊ាន​-​អាមេរិក​ដែល​នឹងធ្វើ​នៅពេល​ខាង​មុខ​នេះ​​។

ជាការ​កត់សំគាល់ បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន លោក ហ៊ុន សែន នៅក្រៅប្រទេស គឺមិនមែនជារឿងថ្មីទេ។ កាល​ពី​ខែកញ្ញាឆ្នាំ​២០១៨ ពលរដ្ឋ​ខ្មែរ​នៅអាមេរិក និងនៅអឺរ៉ុប ​ដែល​ជាអ្នកគាំទ្រ​គណបក្សប្រឆាំង ក៏បានធ្វើ​បាតុកម្ម​ប្រឆាំង លោក ​ហ៊ុន សែន នៅពេល​ដែលលោក​ទៅ​ចូលរួម​កិច្ច​ប្រជុំមហាសន្និបាត​លើក​ទី៧៣​របស់​អង្គការ​សហប្រជាជាតិ។

ប៉ុន្តែតាមរយៈបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃ៧ កុម្ភៈ លោក សុខ ឥសាន បានចាត់​ទុក​គម្រោង​បាតុកម្ម​ជាថ្មី​ប្រឆាំង​នឹង​វត្តមាន​ប្រធានអាស៊ាននៅពេលនេះថា ប្រៀប​ដូចជាបាតុកម្ម​ប្រឆាំង​នឹង លោក ចូ បៃដិន អញ្ចឹងដែរ ដោយសារតែ​ប្រធានាធិបតីអាមេរិករូបនេះជាអ្នកអញ្ជើញប្រធានអាស៊ានទៅចូលរួមកិច្ចប្រជុំនេះ។ បើតាម​អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា ដំណើរទៅអាមេរិក ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ របស់ប្រមុខ​រដ្ឋាភិបាលកម្ពុជា គឺជាកិត្តិយសទៅវិញទេ ដែលត្រូវបានលោកប្រធានាធិបតីអាមេរិកអញ្ជើញជាផ្លូវការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ