អានតួអត្ថបទ
កម្ពុជា-សង្គម

អភិបាលរងខេត្តបន្ទាយមានជ័យ៖ ការបើកច្រកព្រំដែនប៉ោយប៉ែតអាស្រ័យលើភាគីថៃ

ច្រកព្រំដែនសេដ្ឋកិច្ចប៉ោយប៉ែតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ឈមនឹងខេត្តស្រះកែវរបស់ថៃ នៅមិនទាន់អាចបើកដំណើរការឡើងវិញបាននៅឡើយមកទល់បច្ចុប្បន្ននេះ បន្ទាប់ពីច្រកទ្វារដ៏សំខាន់នេះត្រូវបានបិទកាលពីពាក់កណ្តាលឆ្នាំកន្លងទៅ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងនៅក្នុងសន្និសីទកាសែត ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃអង្គារនេះថា ការបើកច្រកប៉ោយប៉ែតឡើងវិញគឺអាស្រ័យទៅលើភាគីថៃ ខណៈដែលថៃកំពុងប្រឈមនឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ដោយឡែកចំពោះពលករខ្មែរចំណាកស្រុកត្រលប់មកពីប្រទេសថៃវិញ គឺត្រូវបានកត់សម្គាល់ថាមានក្នុងរង្វង់ពី៣០០ ទៅ៥០០នាក់ក្នុង១ថ្ងៃ ដែលក្នុងនោះអាជ្ញាធរបានពិនិត្យសំណាករកកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់។

ច្រកព្រំដែនសេដ្ឋកិច្ចប៉ោយប៉ែត
ច្រកព្រំដែនសេដ្ឋកិច្ចប៉ោយប៉ែត © Internet
ផ្សាយពាណិជ្ជកម្ម
01:44

សូមស្តាប់លោក លី សុវណ្ណារិទ្ធ៖

សូមរំលឹកថាដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ច្រកទ្វារប៉ោយប៉ែត និងច្រកទ្វារផ្សេងៗទៀត ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់នៃលំហូរទំនិញខ្មែរ-ថៃ ត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនទាំងពីរប្រកាសបិទចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។ អាជ្ញាធរខេត្តជាប់ព្រំដែន រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ កាលពីចុងឆ្នាំ ២០២១ បានជួបពិភាក្សាគ្នាម្តងហើយស្តីពីលទ្ធភាពបើកច្រកទ្វារព្រំដែនឡើងវិញ ដែលភាគីទាំង២ រំពឹងថានឹងអាចធ្វើឡើងនៅអំឡុងខែមករាឆ្នាំ២០២២នេះ។ ក៏ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយនៅប្រទេសថៃ ជាហេតុធ្វើឲ្យថៃបិទច្រកព្រំដែនបន្តទៀតដោយគ្មានកាលកំណត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ