អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កម្ពុជាកោះប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានជាថ្មី ក្រោយខកខានដ៏ចម្រូងចម្រាសកាលពីខែមករា

ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃកម្ពុជា ​នៅថ្ងៃទី១០​ ខែកុម្ភៈនេះ​ បាន​ចេញ​សេចក្តី​ប្រកាស​ផ្លូវការ​ អំពីការ​រៀបចំ​កិច្ច​ប្រជុំចង្អៀត​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​(AMMR)​ ពីថ្ងៃ​ទី១៥​-១៧ ​ខែកុម្ភៈ ​ឆ្នាំ២០២២ ​ខាង​មុខ​ នៅរាជ​ធានី​ភ្នំពេញ​ តាម​រយៈការ​ចូលរួម​ដោយ​ផ្ទាល់​ និង​តាម​អនឡាញ។​ ការ​ប្រកាស​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​របស់កម្ពុជា​នៅពេលនេះ ​គឺធ្វើឡើង​បន្ទាប់​ពីកិច្ច​ប្រជុំ​ដែលបាន​គ្រោងឡើងនៅ​ខែមករា​ កន្លង​ទៅនៅ​ខេត្តសៀមរាប​ត្រូវ​បាន​លើកពេល។​

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា © mfa.gov
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀតក្រសួងការបរទេសកម្ពុជាបានសម្រេចយកថ្ងៃទី១៥ដល់១៧ ខែកុម្ភៈសប្តាហ៍ក្រោយបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនឹងត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចប្រជុំចង្អៀតនេះ នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេលថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសបន្តថា លោក ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន។

សូមរំលឹកថាកម្ពុជាបានប្រកាសលើកពេលម្តងហើយកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ  ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ដោយមូលហេតុ រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួម។

ក៏ប៉ុន្តែអ្នកវិភាគនយោបាយតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនបានលើកឡើងថា ការមិនមកចូលរួមរបស់រដ្ឋមន្ត្រីការបរទេសខ្លះកាលពីខែមករា គឺជាលេស ដែលចង់គេចវេស ខណៈមានការសង្ស័យថាកម្ពុជា ដែលជាប្រធានអាស៊ាន អាចអនុញ្ញាតឲ្យប្រទេសភូមាចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។ជាមួយគ្នានោះ ប្រធានាធិបតីឥណ្ឌូនេស៊ី បាន​សរសេរនៅលើទំព័រ ​Twitter ​របស់​លោក​ថា ប្រសិន​បើ​មិន​មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​៥​ចំណុច​ ដែលអាស៊ាន​បាន​ឯកភាព​គ្នា​ទេ ​តំណាង​របស់​ប្រទេស​ភូមា​ អាច​ចូល​រួម​ប្រជុំ​អាស៊ាន​បាន ​ត្រឹម​កម្រិត​មិន​មែន​នយោបាយ​​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ