អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

លោក ហ៊ុន សែន នឹងបង្ហាញពីការស្វែងរកសន្តិភាពរបស់លោក ខណៈលោកចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅកូរ៉េ

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​បាន​ធ្វើដំណើរ​ចាកចេញ​ពីប្រទេស​កម្ពុជា​ទៅ​ដល់​ប្រទេសកូរ៉េ​ខាងត្បូង​ហើយ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​ចាប់ពី​ថ្ងៃទី១០​ ដល់ថ្ងៃ​១៣ ​ខែកុម្ភៈ ​និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ ២០២២នេះ។​ ក្រៅពី​កម្មវិធី​ធំៗ​ទាំង​នេះ ​លោកនាយករដ្ឋមន្ត្រី​ ក៏មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េបច្ចុប្បន្ន​ និង​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​ខណៈដែល​លោកក៏​ត្រូវ​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ​លើកទី៥​ ផងដែរ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅកូរ៉េ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅកូរ៉េ © FB/SMP
ផ្សាយពាណិជ្ជកម្ម

អមដំណើរដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងរដ្ឋសភាមួយចំនួនទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់សាធារណរដ្ឋកូរ៉េហើយនៅថ្ងៃនេះ បន្ទាប់ពីចាកចេញពីកម្ពុជាកាលពីព្រឹកមិញនេះ។

វត្តមានរបស់លោក ហ៊ុន សែន រយៈពេល៣ថ្ងៃ ត្រូវបានរំលេចតាមរយៈក្រសួងការបរទេសកម្ពុជាថា លោកនឹងមានជំនួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងផ្តោតទៅលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម វប្បធម៌ និងមានការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម។

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ក៏មានជំនួបជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ មុននឹងឈានដល់កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» និងមានការប្រកាសជូនរង្វាន់ស៊ុនហាក់ លើកទី៥ដល់លោក ហ៊ុន សែនជាមួយគ្នានោះ។ ហ្វេសប៊ុករបស់លោក ហ៊ុន សែន ក៏បានសរសេរដែរថា នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាក់អ្នកកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញយ៉ាងខ្លីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាត្រួសៗ អំពីការតស៊ូរបស់លោក ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា អំឡុងពេលទទួលមេដាយពានរង្វាន់កិត្តិយសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅប្រទេសកូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ