អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ចដាក់យន្តការ៨ចំណុច ដើម្បីពង្រឹងការប្រមូលពន្ធគយក្នុងឆ្នាំ២០២២ឱ្យមានប្រសិទ្ធភាព

ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ បាន​សម្រេច​ដាក់ចេញ​នូវទិសដៅ​ការងារ​សំខាន់ៗ​ចំនួន​៨ចំនុច​ ដើម្បី​បង្កើត​សមត្ថភាព​ការងារ​ប្រមូល​គយ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋករ​កម្ពុជា ​ឱ្យកាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ឆ្នាំ២០២២នេះ។ ​ទិសដៅ​ទាំង៨​ចំណុច​នេះ ​ធ្វើឡើង​ក្រោយ​ការ​ប្រមូល​គយ​នាឆ្នាំ២០២១​កន្លងទៅ សម្រេចបានត្រឹមតែ៩៧,១ %នៃផែនការដែលកំណត់តែប៉ុណ្ណោះ ដោយថយចុះចំនួន៥,១%។

អគ្គនាយកដ្ឋានគយនិងរដ្ឋករ
អគ្គនាយកដ្ឋានគយនិងរដ្ឋករ © Internet
ផ្សាយពាណិជ្ជកម្ម

ទិសដៅសំខាន់ទាំង៨ចំនុចដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករសម្រាប់អនុវត្តក្នុងឆ្នាំ២០២២នេះរួមមាន៖ បន្តពង្រឹងការងារបច្ចេកទេសគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ, បន្តជំរុញអនុវត្តឱ្យម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពការងារប្រមូលពន្ធអាកររថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក, បន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្តកិច្ចសហការល្អជាមួយផ្នែកឯកជន។

បន្ថែមពីនេះអគ្គនាយកដ្ឋានគយនិងរដ្ឋករ ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជាពិសេសការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ បន្តធ្វើសាមញ្ញកម្មនីតិវិធី ស្របតាមជំនួយបច្ចេកទេស លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបបទល្មើសឱ្យបានសកម្មដូចភ្លៀងរលឹមទាំងនៅដើមទី កណ្តាលទី និងចុងទី ដោយរាប់បញ្ចូលទាំងការ បង្ក្រាបទំនិញ ក្លែងក្លាយ, ទំនិញល្មើសសិទ្ធិចែកចាយផ្ដាច់មុខ, ទំនិញដែលអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន, និងការសហការ ជាមួយ អង្គភាព ពាក់ព័ន្ធ ក្នុងការកំណត់មុខសញ្ញាករណីសង្ស័យបទល្មើស សម្អាតប្រាក់ជ្រកក្រោមរូបភាពពាណិជ្ជកម្ម។

ជាក់ស្តែង ការដាក់ចេញនូវទិសដៅខាងដើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋករ ក្នុងឆ្នាំ២០២១កន្លងទៅ ប្រមូលចំណូលគយបានចំនួនជិត២ពាន់៣រយលានដុល្លារប៉ុណ្ណោះ (២,២៩៥.២ លានដុល្លារអាមេរិក) ដោយចំនួននេះថយចុះប្រមាណ ៥.១% បើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបានចំនួន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ខណៈគោលដៅទាំងមូលគឺធ្វើយ៉ាងណាឱ្យបាន២.៣៦៣លានដុល្លារ។

ទោះបីការប្រមូលគយមិនសម្រេចដល់គោលដៅយ៉ាងណាក្តី ក៏ប៉ុន្តែការប្រមូល​ចំណូលពន្ធ-អាកររបស់អគ្គនាយកដ្ឋានពន្ធដារវិញ​ សរុប​បានចំនួន​ប្រមាណ​ជាង២,៧ពាន់លាន​ដុល្លារ​ ស្មើនឹង​១២៤, ០២%​ ដោយកើន​លើស​ផែនការ​ច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២១ចំនួន២៤ ០២%។

សម្រាប់ទិសដៅផែនការគ្រប់គ្រងនិងការប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២២នេះវិញ អគ្គនាយកដ្ឋានពន្ធដារក៏បានដាក់ចេញនូវគោលការណ៍យុទ្ធសាស្ត្រសំខាន់ៗមួយចំនួនថែមទៀតផងដែររួមមានជាអាទិ៍៖ បន្តរៀបចំយន្តការគ្រប់គ្រងចំណូលពន្ធក្នុងវិស័យធំៗ ដែលមានសក្តានុពលសម្រាប់ចំណូលពន្ធ ការបន្តរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីសារពើពន្ធថ្មី  បន្តអនុវត្តវិធានការទារបំណុលពន្ធរុំាំរ៉ៃ ដែលសហគ្រាសរឹងរូសពុំព្រមចូលមកទូទាត់បំណុលពន្ធ ការបន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញសហគ្រាសក្នុងវិស័យល្បែងពាណិជ្ជកម្ម(កាស៊ីណូ) ចូលខ្លួនមកចុះបញ្ជីពន្ធដារជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ