អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងសេដ្ឋកិច្ចថា យន្តការដេញថ្លៃនាំចូលជ្រូករស់មកកម្ពុជា ដើម្បីការពារដល់អ្នកចិញ្ចឹមក្នុងស្រុក និងអ្នកបរិភោគ

ក្រសួង​សេដ្ឋកិច្ច​ បាន​អះអាង​ថា​ យន្តការ​ដេញ​ថ្លៃ​នាំ​ចូល​ជ្រូក​រស់​មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា​ គឺ​រៀបចំ​ឡើង​ដើម្បី​ការពារ​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ អ្នក​បរិភោគ​សាច់​ជ្រូក​ និង​បង្កើត​ការ​ប្រកួតប្រជែង​ដោយ​តម្លាភាព ​ព្រម​ទាំង​ការ​ផ្គត់ផ្គង់​ជ្រូក​ក្នុង​តម្លៃ​សមរម្យ។​ ការ​បញ្ជាក់​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​ច្រាន​ចោល​នូវ​សំណើសុំ​ផ្អាក​ការ​រៀបចំ​នីតិ​វិធី​ដេញ​ថ្លៃ​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅ​ប្រទេស​ របស់​ក្រសួង​កសិកម្ម​។  បើ​តាម​ក្រសួង​សេដ្ឋកិច្ច​ យន្តការ​ដេញ​ថ្លៃ​នេះ​ ដាក់​ឱ្យ​អនុវត្ត​តែ​ក្នុង​ករណី​ដែល​ខ្វះ​ជ្រូក​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ​។

រូបភាព​ឯកសារ៖​ សត្វ​​ជ្រូក​​រស់​​នាំ​​ចូល​​ពី​​ប្រទេស​​វៀត​ណាម។​
រូបភាព​ឯកសារ៖​ សត្វ​​ជ្រូក​​រស់​​នាំ​​ចូល​​ពី​​ប្រទេស​​វៀត​ណាម។​ © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីប្រកាសព័ត៌មានចំនួន២ទំព័ររបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា គោលបំណងនៃការរៀបចំគំនិតផ្តួចផ្តើមយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា គឺដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយតម្លាភាពរវាងក្រុមហ៊ុននាំចូលជ្រូក និងធានាបាននូវការផ្គត់ផ្គង់ជ្រូករស់ក្នុងកម្រិតថ្លៃមួយសមរម្យ។ បន្ថែមពីនេះ យន្តការដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច ក៏ដើម្បីការពារដល់អ្នកចិញ្ចឹម និងអ្នកបរិភោគជ្រូកក្នុងស្រុកទាំងអស់ផងដែរ។

ជាការបញ្ជាក់បន្ថែមពីក្រសួងសេដ្ឋកិច្ច គោលការណ៍ដាក់ដេញថ្លៃនេះត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានកង្វះខាតជ្រូកក្នុងស្រុកតែប៉ុណ្ណោះ។ ហើយដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកដែលជួបបញ្ហាខ្វះខាតនេះបាន គឺត្រូវផ្អែកទៅលើយន្តការអនុវត្តរបស់ក្រសួងកសិកម្មដូចជា  កំណត់កូតានៃបរិមាណនាំចូល កំណត់គុណវុឌ្ឍិនៃក្រុមហ៊ុននាំចូល និងធ្វើការដេញថ្លៃដោយតម្លាភាព។

បើតាម សេចក្តីប្រកាសព័ត៌មានខាងដើម យន្តការដេញថ្លៃនាំចូលជ្រូករស់នេះ គឺមានគោលបំណងសំខាន់ ដើម្បីជួយលើកកម្ពស់ ការប្រកួតប្រជែងប្រកបដោយតម្លាភាព ដល់ការធ្វើអាជីវកម្មនាំចូលជ្រូករស់រវាងក្រុមហ៊ុននាំចូលជ្រូក និងប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូកក្នុងស្រុក។ និងថា ដើម្បីធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករ ព្រមទាំងរក្សាបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់នៅលើទីផ្សារក្នុងកម្រិតសមរម្យ សម្រាប់ជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។  

ម្យ៉ាងវិញទៀត ក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ដែរថា ក្រសួងកំពុងរៀបចំវិធានការជាក់លាក់ពាក់ព័ន្ធនឹងថ្លៃអគ្គីសនី ចំណី ពូជ ជីវសុវត្ថិភាព ដើម្បីកាត់បន្ថយថ្លៃដើមនៃការចិញ្ចឹម និងលុបបំបាត់ការនាំចូលជ្រូករស់ពីក្រៅប្រទេស សំដៅធ្វើយ៉ាងណាឱ្យអ្នកចិញ្ចឹមក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

ជារួមការបញ្ជាក់ច្បាស់ៗពីក្រសួងសេដ្ឋកិច្ចបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានដាក់សំណើឱ្យក្រសួងសេដ្ឋកិច្ចផ្អាកគំនិតផ្គួចផ្តើមដេញថ្លៃនាំចូលជ្រូករស់ពីក្រៅប្រទេសមកទីផ្សារកម្ពុជា ដោយក្រសួងកសិកម្មអះអាងថា ការអនុវត្តយន្តការបែបនេះ នឹងអាចបើកឱកាសឱ្យមានការនាំចូលជ្រូកមកកម្ពុជាក្នុងទំហំលើសលុប ក៏ដូចជាអាចបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់អ្នកចិញ្ចឹមក្នុងស្រុកផងដែរ។ ក្រសួងកសិកម្មបន្តថា បច្ចុប្បន្នកម្ពុជាអាចផ្គត់ផ្គង់ជ្រូកបានគ្រប់គ្រាន់ ដោយមិនចាំបាច់មានការដាក់ដេញថ្លៃនាំចូលទៀតនោះទេ។ តែយ៉ាងណាសំណើនេះត្រូវបានច្រានចោលពីក្រសួងសេដ្ឋកិច្ច​។

ក្រោយសំណើររបស់ក្រសួងកសិកម្មត្រូវបានបដិសេធ នៅថ្ងៃទី១១ កុម្ភៈ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចេញញត្តិគាំទ្រទៅកាន់ក្រសួងកសិកម្មវិញ។ ក្នុងញត្តិនោះ សមាគមបញ្ជាក់ថា ក្រសួងកសិកម្មបានប្រឹងប្រែងជំរុញឱ្យក្រុមហ៊ុនចិញ្ចឹមសត្វ កសិករចិញ្ចឹមជ្រូកឱ្យមានសន្ទុះ និងរីកចម្រើនខ្ពស់។ ខណៈបច្ចុប្បន្ន កម្ពុជាបានផ្អាកការនាំចូលជ្រូករស់ទាំងស្រុងពីក្រៅប្រទេស​ បន្ទាប់ពីផលិតកម្ម និងការផ្គត់ផ្គង់ក្នុងស្រុកពុំមានការខ្វះខាត ដូច្នេះកម្ពុជាមិនចាំបាច់ដេញថ្លៃនាំចូលទៀតនោះទេ។  បើតាមសមាគម កសិករ កសិដ្ឋាន និងក្រុមហ៊ុនកំពុងសិក្សាអំពីលទ្ធភាព ឈានទៅរកការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរនាពេលអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ