អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

កម្មករនិយោជិតណាហ្គាវើលដ៍ថា​គ្រោង​ធ្វើកូដកម្ម​ឡើង​វិញ​ក្រោយ​ផុតវិធាន​ការ​ចត្តាឡីស័ក

កម្មករនិយោជិតណាហ្គាវើលដ៍រក្សាគោលជំហរបន្តធ្វើកូដកម្ម នៅពេលដែលពួកគាត់រួចផុតពីវិធានការចត្តាឡីស័ក។ នេះជាការលើកឡើងរបស់កូដករ​ណាហ្គា​វើលដ៍ម្នាក់នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ដោយ​អះអាង​ទៀត​ថា​ពួក​គាត់​នឹង​ធ្វើ​កូដកម្មរហូត​មាន​ដំណោះ​ស្រាយ​។ ប៉ុន្តែ​អភិបាល​ក្រុង​ភ្នំពេញ​ថា​អ្​វីដែល​ពួក​គាត់​ធ្វើ​មិនមែន​ជា​កូដកម្មទេ​ តែជាបាតុកម្ម ដូច្នេះត្រូវស្នើសុំការអនុញ្ញាតពីសាលាក្រុង។

ក្រុមកម្មករនិយោជិតណាហ្គាវើលដ៍ធ្វើកូដកម្ម ទាមទារឲ្យមានដំណោះស្រាយការងារ
ក្រុមកម្មករនិយោជិតណាហ្គាវើលដ៍ធ្វើកូដកម្ម ទាមទារឲ្យមានដំណោះស្រាយការងារ © អង្គការលីកាដូ
ផ្សាយពាណិជ្ជកម្ម

និយោជិត​ណាហ្គាវើលដ៍​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅថ្ងៃទី​១៣ ខែកុម្ភៈ​នេះ​ថា​ ពួកគាត់​មិន​បាន​កំណត់​ថ្ងៃ​ច្បាស់​នៅ​ឡើយ​ថា​នឹង​ធ្វើកូដកម្ម​នា​ពេល​ណានោះ​ ដោយ​សារ​តែការ​យក​សំណាក​បាន​ធ្វើ​ឡើង កាល​ពីថ្ងៃទី៥ រហូត​ដល់​ថ្ងៃទី០៧ ខែកុម្ភៈ កន្លង​ទៅ​។ ដូច្នេះ ពួក​គាត់​ត្រូវ​បន្ត​រង​ចាំ​លទ្ធផល​តេស្ត​កូវីដ១៩ រហូត​ដល់ថ្ងៃទី១៦ ខែ​កុម្ភៈ ទើប​រួចផុត​វិធាន​ការ​ចត្តាឡីស័ក​របស់​ក្រសួង​សុខាភិបាល​។

និយោជិត​រូប​នេះ បញ្ជាក់​ថាពួក​គាត់​នឹង​បន្ត​ធ្វើ​កូដកម្ម​រហូត​ដល់​មាន​ដំណោះ​ស្រាយ។ ដំណោះ​ស្រាយ​ដែល​លោក​ស្រី​លើក​ឡើង​រួម​មាន​ការ​ដោះលែង​ថ្នាក់​ដឹក​នាំសហជីព និង​សកម្ម​ជន​សហជីព ដែល​ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន និង​ចរចា​បញ្ចប់​វិវាទ​ការងារ ដែល​បន្ត​អូស​បន្លាយ​រាប់​ខែ​មក​ហើយ​នោះ។​ លោក​ស្រីបាន​លើក​ឡើង​ពីក្តី​បារម្ភ​ចំពោះ​ការចោទ​ប្រកាន់ និង​ចាប់​ខ្លួន​កូដករ ៣នាក់ កាលពី​ថ្ងៃទី០៥ ខែកុម្ភៈ ហើយ​បើទោះ​ជា​មាន​ការ​ចាប់​ខ្លួន ៤នាក់​ថែមទៀត​ នោះ​ក្រុម​កម្មករ​និយោជិត​ណាហ្គាវើលដ៍​នៅ​បន្ត​ធ្វើ​ការ​តវ៉ា​ដដែល​។

អភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ថា​ រដ្ឋបាលរាជធានី​ភ្នំពេញ​មិន​ហាម​ឃាត់​ទេ ការ​ធ្វើ​កូដកម្ម ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​វិញ គឺ​តម្រូវ​ឲ្យ​មាន​ការ​ស្នើ​សុំ​មក​អាជ្ញាធរ​ជា​មុនសិន​។ បើ​តាម​លោក ឃួង ស្រេង ការ​ធ្វើសកម្មភាព​តវ៉ា​នៅ​ទី​សាធារណៈ​គឺ​ជា​សកម្មភាព​បាតុកម្ម​។

បើ​តាម​អភិបាល​រាជធានីភ្នំ​ពេញ​រូបនេះ ទីក្រុង​ធំៗ​នៃ​ប្រទេស​ប្រជាធិប​តេយ្យ អាជ្ញាធរ​បាន​រៀប​ចំ​ទី​កន្លែង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​មតិ ជាក់​ស្តែង​រាជធានី​ភ្នំពេញ​មាន​ទីតាំង​មួយ​សម្រាប់​សម្តែង​មតិ ដូច្នេះ​ពួកគាត់​មិន​អាច​នឹក​ឃើញ​ធ្វើ​នៅ​ទីតាំង​ណា​ក៏​បាន​នោះ​ទេ​។ លោក​បន្ត​ថា ទោះបី​ពួក​គាត់​រួច​ផុត​ពី​ចត្តាឡីស័ក ក៏ពួក​គាត់​មិន​អាច​ធ្វើ​សកម្មភាព​នៅ​តាម​ដងផ្លូវ ​ឬ​សួនសាធារណៈ​បាន​ទៀត​ដែរ ពោល​គឺ​ពួក​គាត់​ត្រូវ​ដាក់លិខិត​មក​សាលា​រាជធានី ទើប​មាន​ការ​ចង្អុល​បង្ហាញ​ទីតាំង​ឲ្យ​ពួក​គាត់ ហើយ​ម្យ៉ាង​ទៀត​មិន​អាច​មាន​ការ​ធ្វើសកម្មភាព មួយ​ខែ​ទល់​មួយ​ខែ ឬ​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំទេ​ ត្រូវ​មាន​រយៈពេល​ទៅ​តាម​ច្បាប់​សម្តែង​មតិ​។

កាលពីថ្ងៃទី៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ ក្រុមកម្មករ​និយោជិត​នៃ​ក្រុម​ហ៊ុនកាស៊ីណូ​ណាហ្គាវើលដ៍​បានយក​សំណាក​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល​។ ក្នុង​ថ្ងៃដដែល​នោះ​កម្មករ​និយោជិត​៣នាក់​ត្រូវបាន​អាជ្ញាធរ​ឃាត់​ខ្លួន​នឹង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​វិធាន​ការ​ទប់ស្កាត់​កូវីដ​១៩​របស់​អាជ្ញាធរ​។ ក្រោយ​ពេល​យក​សំណាក រដ្ឋបាល​រាជធានីភ្នំពេញ បាន​តម្រូវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុម​ហ៊ុនណាហ្គា ហើយ​ត្រូវ​បន្ត​អនុវត្ត​តាមវិធាន​ការ​សុខាភិបាល រហូត​ដល់​ធានា​ថា​លែង​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​ចូល​ទៅ​ក្នុង​ចំណោមកូដករ និងក្រុមគ្រួសារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ