អានតួអត្ថបទ
កម្ពុជា-អាស៊ាន

សមាជិកអាស៊ាន៨ប្រទេស បញ្ជាក់ពីការចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ខណៈភូមាត្រឹមមន្ត្រីមិនមែននយោបាយ

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំងអស់​មក​ទល់​ពេល​នេះ​ បាន​បញ្ជាក់​ពី​ការ​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​(ASEAN Foreign Minister’ Retreat) រួច​ហើយ ​លើកលែង​តែ​ប្រទេស​ភូមា​ចេញ​។ ក្នុង​ចំណោម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ដែល​បាន​បញ្ជាក់​ការ​ចូលរួម​កិច្ច​ប្រជុំ​(AFMR)នៅ​ភ្នំពេញ ​ពី​ថ្ងៃ​ទី​១៥​ ដល់​១៧​កុម្ភៈ​នោះ​ ថៃ ​និង​ប្រ៊ុយណេ ​បាន​បញ្ជាក់​ពី​ការ​ចូលរួម​ប្រជុំ​តាម​អនឡាញ​ ខណៈ​ភូមា​ ត្រូវ​អាស៊ាន​អនុញ្ញាត​ឲ្យ​ចូលរួម​ត្រឹម​មន្ត្រី​មិនមែន​នយោបាយ​ប៉ុណ្ណោះ​។

ទង់ជាតិនៃបណ្តាប្រទេសជាសមាជិកអាស៊ាន
ទង់ជាតិនៃបណ្តាប្រទេសជាសមាជិកអាស៊ាន AP - Tatan Syuflana
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីលើកពេលម្តងហើយកាលពីខែមករា កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន នឹងត្រូវរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន(AFMR)នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយផ្តល់ជម្រើស២ សម្រាប់ការចូលរួម គឺដោយផ្ទាល់ និងតាមអនឡាញ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានបញ្ជាក់ថាបានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដោយផ្ទាល់នៅភ្នំពេញនោះរួមមាន វៀតណាម ឡាវ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី រួមនឹងកម្ពុជាជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ ដោយឡែកប្រទេសថៃ និងប្រ៊ុយណេ ក៏បានបញ្ជាក់ពីការចូលរួមដែរ តែចូលរួមតាមអនឡាញ ដោយសាររដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ មានធុរៈចាំបាច់នៅប្រទេសរបស់ពួកគេរៀងខ្លួន។​

លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រាប់វិទ្យុបារាំង RFI ថាករណីប្រទេសភូមា អាស៊ានបានអនុញ្ញាតឲ្យចាត់តំណាងមិនមែននយោបាយចូលរួមប្រជុំ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ ភូមាមិនទាន់មានការឆ្លើយតបថាត្រូវចាត់តំណាងរូបណាឲ្យចូលរួមប្រជុំនៅឡើយ។

សូមបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅខែមករា កន្លងទៅនេះ នៅទីក្រុងសៀមរាបប្រទេសកម្ពុជា ត្រូវបានលើកពេលម្តងហើយ ក្រោមហេតុផលរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនមិនអាចធ្វើដំណើរចូលរួមបាន។

ក៏ប៉ុន្តែភាពចម្រូងចម្រាសជុំវិញបញ្ហាភូមា ត្រូវបានគេមើលឃើញថាជាហេតុផលមួយ ដែលជាប់ពាក់ព័ន្ធនឹងការលើកពេលនៃកិច្ចប្រជុំនេះ ដោយសារការបារម្ភពីការទទួលស្គាល់របស់ប្រធានអាស៊ានទៅលើរបបយោធាភូមា និងតម្រូវឲ្យរបបយោធាភូមាត្រូវតែគោរពគោលការណ៍ជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានឲ្យបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ