អានតួអត្ថបទ

កង្វល់ជុំវិញបញ្ហាភូមាត្រូវបានប្រេសិតប្រធាននិងអគ្គលេខាធិការអាស៊ានលើកមកជជែកគ្នាមុនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស

បញ្ហា​ភូមា​ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនានារបស់អាស៊ាន ត្រូវបានប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន លើកយកមកជជែកគ្នាតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃចន្ទម្សិលមិញ ជាមួយ​នឹង​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។ ការលើកពីបញ្ហាភូមាមកជជែកនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្តើមឡើង នៅកម្ពុជា ដែលប្រទេសនេះធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ ​

ជំនួបតាមប្រព័ន្ធវីដេអូអនឡាញរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន
ជំនួបតាមប្រព័ន្ធវីដេអូអនឡាញរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ©
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួបតាមប្រព័ន្ធវីដេអូអនឡាញរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ភាគីទាំងពីរបានលើកឡើងយ៉ាងទូលំទូលាយ អំពីសា្ថនភាពនយោបាយនាពេលបច្ចុប្បន្ ននៅក្នុងប្រទេសភូមា និងផលប៉ះពាល់ទៅលើការងារនានារបស់អាស៊ាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការអស៊ាន បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបញ្ចប់អំពើហិង្សា និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីឲ្យភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមក្នុងកិច្ចសន្ទនាមួយប្រកបដោយបរិយាបន្ន សំដៅសម្រេចបាននូវសន្តិភាពយូរអង្វែង។

តាមរយៈកិច្ចប្រជុំនេះដែរ លោក ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ ២០២២ ក៏បានលើកឡើងពីអាទិភាពនានារបស់លោក រួមទាំងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសភូមា ខណៈដែលលោក លឹម ចុកហ៊ុយ ក៏បានត្រៀមលក្ខណៈរួចរាល់ហើយរបស់អគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីគាំទ្រ ជាពិសេសការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភូមា ដែលត្រូវការជំនួយជាទីបំផុត។

សូមបញ្ជាក់ថានៅថ្ងៃទី១៦ និង១៧ ខែកុម្ភៈនេះ ប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្រោយមានការលើកពេលកាលពីខែមុន។ រដ្ឋមន្ត្រីការបរទេសភូមា មិនត្រូវបានស្វាគមន៍ឲ្យចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះទេ គឺភូមាមានសិទ្ធិចូលរួមត្រឹមតែមន្ត្រីមិនមែននយោបាយប៉ុណ្ណោះ។

ជាគោលការណ៍លទ្ធភាពចូលរួមរបស់ភូមានៅក្នុងកិច្ចប្រជុំធំៗរបស់អាស៊ាន លុះត្រាតែប្រទេសដែលដឹកនាំដោយយោធា​រដ្ឋប្រហារមួយនេះ ប្រឹង​ប្រែង​ធ្វើឲ្យប្រសើរឡើងក្នុង​ការគោរព​លក្ខខណ្ឌ​ជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ានជាមុនសិន។ ទោះយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយទេថា ការផាត់ចោលការចូលរួមរបស់ភូមានៅពេលនេះ អាចនឹងធ្វើឲ្យភូមាកែប្រែឥរិយាបទ ឬរឹតតែធ្វើឲ្យមានការលំបាកដល់ប្រធានអាស៊ាននៅឆ្នាំនេះ ក្នុងការប្រឹងប្រែងទាញភូមាឲ្យមកជាអាស៊ាន១០វិញឬយ៉ាងណានោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ