អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន៖ ដំណោះស្រាយរឿងភូមា រឹងពេកក៏មិនបាន ទន់ពេកក៏មិនបាន ត្រូវរកចន្លោះកណ្តាល

ដោយ​សំដៅទៅ​លើ​បញ្ហា​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​នយោបាយ​នៅ​ប្រទេស​ភូមា ​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ពី​ពិធី​សម្ពោធ​ផ្លូវ​នៅ​ខេត្ត​ក្រចេះ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ បទពិសោធន៍​របស់​លោក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ​គឺត្រូវ​មាន​ផ្លូវ​កណ្តាល​មួយ​ មិន​អាច​រឹង​ពេក​ ឬ​ក៏​ទន់​ពេក​បាន​ទេ។​ ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដូច្នេះ ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​លើ​ការ​រិះគន់​កន្លង​មក​ថា​លោក ​បាន​ធ្វើការ​ទូត​បែប​ប្រថុយប្រថាន​(Cowboy diplomacy)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នងពិធីសម្ពោធផ្លូវនៅខេត្តក្រចេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នងពិធីសម្ពោធផ្លូវនៅខេត្តក្រចេះ © SPM Page
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងមន្ត្រីរាជការនានា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បង្ហាញអារម្មណ៍ចង់ព្រលែងចោល ការជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទនយោបាយនៅប្រទេសភូមា ដោយលោកលើកឡើងថា នៅសល់តែ១០ខែ ១៤ថ្ងៃទៀតទេ ចប់ភារកិច្ចប្រធានអាស៊ានហើយ ហើយរុញឲ្យប្រធានអាស៊ានក្រោយធ្វើទៅបើពិបាកពេក។​ ទោះយ៉ាងណាលោកបញ្ជាក់ថា លោកមិនបោះបង់ចោលការខិតខំទេ ដោយពេលណាមួយអ្នករិះគន់អាចនឹងយល់ពីដំណោះស្រាយរបស់លោក។

លោក ហ៊ុន សែន ថាក្នុងការស្វែងរកដំណោះស្រាយបញ្ហាភូមានេះ គេមិនអាចយកគោទៅដាក់នៅមុខនឹមរទេះបានទេ ដោយលោកបង្ហាញនូវបទពិសោធន៍របស់លោកថាបើរឹងពេកក៏មិនបាន ហើយទន់ពេកក៏មិនបាន ត្រូវរកចន្លោះកណ្តាលមួយ។

ឆ្លើយតបទៅនឹងការរិះគន់ខ្លះថា ជាការទូតប្រថុយប្រថាន ឬ(Cowboy Diplomacy) លោកនាយករដ្ឋមន្ត្រីថាលោកមានការសន្ទនាជាបន្តបន្ទាប់បើទោះណាសភាពការណ៍ភូមាមិនមានការប្រែប្រួលទាំងពេលមុន និងក្រោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងនៃពីដោរ កាលពីថ្ងៃទី៧ខែមករាកន្លងទៅ។

តាមលោក ហ៊ុន សែន គេមិនអាចដោះស្រាយបញ្ហាភូមា ដោយផាត់ចោលភាគីកងទ័ព និងរដ្ឋាភិបាលយោធាបានទេ ដោយរំលឹកប្រដូចទៅនឹងស្ថានភាពប្រទេសកម្ពុជាអំឡុងពេលចរចាស្វែងរកដំណោះស្រាយនយោបាយពីអតីតកាល ដែលចាំបាច់ត្រូវតែមានការជជែកជាមួយលោក ខណៈដែលក្រោយមកដំណោះស្រាយនយោបាយមួយបានចេញរួច។

សូមរំលឹកថាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសភូមាកាលពីថ្ងៃទី៧ មករា កន្លងទៅ គឺធ្វើឡើងបន្ទាប់ពីកម្ពុជាក្លាយជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ។ ដំណើរទស្សនកិច្ចនេះ បានរងការគាំទ្រផង និងរិះគន់ផង ថាជារបៀបរបបការទូតបែបប្រថុយប្រថាន រួមនិងការជំទាស់ពីពលរដ្ឋភូមាផងដែរ។ ជាការជំទាស់មិនចង់ឲ្យមានការទទួលស្គាល់របបសិកភូមា ដែលកើតឡើងដោយការធ្វើរដ្ឋប្រហារផ្តួលរំលំ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំស៊ីវិលដែលជាប់ឆ្នោតកាលពីឆ្នាំទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ