អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អ្នករាយការណ៍UN ហៅវិធានការធ្វើចត្តាឡីស័កក្រុមកូដករណាហ្គាវើលដ៍របស់អាជ្ញាធរ ថាជារបៀបវារៈបញ្ចប់កូដកម្ម

ក្រុម​អ្នកជំនាញ​នៃអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅថ្ងៃទី​ ១៦ កុម្ភៈ​ បាន​រិះគន់​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​តម្រូវ​ឱ្យក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​បន្ត​ធ្វើចត្តាឡីស័ក​ក្នុង​ក្របខណ្ឌ​ការពារ​ជំងឺកូវីដ១៩។​ បើតាម​  ក្រុម​អ្នក​ជំនាញ​របស់​UN​ អាជ្ញាធរ​មិនត្រូវ​យក​វិធានការ​សុខភាព​សាធារណៈ​ មកដាក់​កំហិត​ក្នុង​ការ​បង្ក្រាប​លើសកម្មភាព​ឧស្សាហកម្ម​ស្រប​ច្បាប់​ និង​ដោយ​សន្តិវិធី​របស់​ក្រុម​កូដករ​នោះទេ។​

ក្រុមកូដកររាប់រយនាក់ធ្វើតេស្តរកមេរោគកូវីដ១៩​ (រូបតំណាង)
ក្រុមកូដកររាប់រយនាក់ធ្វើតេស្តរកមេរោគកូវីដ១៩​ (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងហ្សឺណែវ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបង្ហាញក្តីព្រួយបារម្ភ និងរិះគន់កាន់តែខ្លាំងចំពោះការអនុវត្តវិធានការសុខាភិបាល ដូចជាការធ្វើចត្តាឡីស័កមកលើក្រុមកូដករពីសំណាកអាជ្ញាធរក្រុងភ្នំពេញ ។ ការរិះគន់បែបនេះធ្វើឡើងដោយសារតែ ការអនុវត្តវិធានការសុខាភិបាលរបស់អាជ្ញាធរមានភាពមិនស៊ីសង្វាក់គ្នា និងកង្វះតម្លាភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩។

ត្រង់ចំណុចនេះ ក្រុមអ្នកជំនាញ បានអះអាងថា ជាងមួយសប្តាហ៍បន្ទាប់ពីអាជ្ញាធរបង្ខំឱ្យក្រុមកូដកររាប់រយនាក់ធ្វើតេស្តរកមេរោគកូវីដ១៩ ពួកគេនៅមិនទាន់ទទួលបានលទ្ធផលតេស្តនៅឡើយ និងនៅមិនទាន់ទទួលបានការបញ្ជាក់អំពីពេលវេលាច្បាស់លាស់ដែលកូដករនឹងត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័កនោះទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញUNបញ្ជាក់ថា អាជ្ញាធរបានរារាំង ក្រុមកូដករមិនឱ្យធ្វើដំណើរទៅទីតាំងធ្វើកូដកម្ម ហើយបង្ខំឱ្យពួកគេឡើងលើរថយន្តក្រុង ដើម្បីយកទៅធ្វើតេស្តមេរោគកូវីដ១៩។ ជាក់ស្តែងក្រុមកូដករនៅបន្តរង់ចាំលទ្ធផលតេស្តលើកទី២ ខណៈលទ្ធផលលើកទី១អវិជ្ជមានក៏ដោយ ហើយអាជ្ញាធរតម្រូវឱ្យអ្នកអវិជ្ជមានទាំងអស់នោះ ត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃបន្ថែមទៀត។

ទាក់ទិននឹងការធ្វើចត្តាឡីស័ក​នេះ ក្រុមអ្នកជំនាញសិទ្ធមនុស្ស បានលើកឡើងថា វិធានការបែបនេះ គឺជាការបញ្ឈប់សកម្មភាពធ្វើកូដកម្មដោយស្របច្បាប់របស់កូដករ។  ម្យ៉ាងវិញទៀត ដំណើរការធ្វើតេស្តនាពេលបច្ចុប្បន្ន ជាទូទៅមិនទាមទារឱ្យធ្វើចត្តាឡីស័កនោះទេ ចំពោះបុគ្គលដែលទទួលបានលទ្ធផលតេស្តអវិជ្ជមាននៃមេរោគកូវីដ១៩។

បើតាមក្រុមអ្នកជំនាញUN អាជ្ញាធរហាក់ដូចជាប្រឹងប្រែងរារាំងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងការធ្វើកូដកម្មដោយស្របច្បាប់របស់ក្រុមកូដករ ក្រោមហេតុផលបញ្ហាកូវីដ១៩។ ក្រុមអ្នកជំនាញបន្តថា ការព្រួយបារម្ភអំពីសុខភាពសាធារណៈពីសំណាកអាជ្ញាធរ គឺជារឿងមិនសមហេតុផល មិនចាំបាច់ និងមិនសមាមាត្រក្នុងកាលៈទេសៈនេះទេ។ ប៉ុន្តែអាជ្ញាធរគួរតែចូលរួមក្នុងការសន្ទនាដោយសន្តិវិធី និងមានភាពអត់ធ្មត់ជាមួយក្រុមកូដករ ជាជាងការប្រើវិធានការធ្ងន់ធ្ងរទាំងអស់នេះ។

បន្ថែមពីនេះ ក្រុមអ្នកជំនាញរបស់UN ក៏មានការព្រួយបារម្ភបន្ថែមទៀតផងដែរ ចំពោះវិធានការអាជា្ញធរដែលនឹងអាចឈានដល់ការចាប់ខ្លួន ក៏ដូចជាប្រើប្រាស់អំពើហឹង្សាពីសំណាក់ប៉ូលីស មកលើក្រុមកូដករ។ ខណៈមេដឹកនាំ និងសកម្មសហជីពចំនួន៣៥នាក់ត្រូវបានចាប់ខ្លួន និងកូដករ៣នាក់កំពុងស្ថិតក្នុងការឃុំខ្លួនដោយរងការចោទប្រកាន់ពីបទ« រារាំងការអនុវត្តវិធានការទប់ស្កាត់ជម្ងឺកូវីដ១៩»។

អ្នករាយការណ៍ពិសេស UN បន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវគោរពសិទ្ធិក្នុងការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំដោយសន្តិវិធី និងសិទ្ធិបង្កើត និងចូលរួមសហជីព ស្របតាមសេចក្តីប្រកាសសិទ្ធិមនុស្ស អាស៊ាន និងលិខិតូបករណ៍ពាក់ព័ន្ធនានា។

សូមជម្រាបថា គិតចាប់តាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ កុម្ភនេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៥៣នាក់បានតេស្តវិជ្ជមានកូវីដ១៩ ក្រោយអាជ្ញាធរបានប្រកាសថាមានកូដករម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២១៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ