អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកម្ពុជា ត្រូវបានធ្វើឡើងដោយមិនមានតំណាងភូមា

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បាន​ចាប់ផ្តើម​ជួបប្រជុំ​គ្នា​ហើយ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​នៅរាជធានី​ភ្នំពេញ ​ជាកិច្ច​ប្រជុំ​ចង្អៀត​(AMMR)​ លើក​ដំបូង​បន្ទាប់​ពីកម្ពុជា​ឡើង​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២២​នេះ។ ​កិច្ចប្រជុំ​នេះ ​មានការ​ចូលរួម​ដោយ​ផ្ទាល់ពី​រដ្ឋមន្ត្រី​ការបរទេស​ចំនួន​៦រូប​ ខណៈ​ ៣រូបទៀត​ រួមមាន​ថៃ ​ប៊្រុយណេ ​និង​វៀតណាម​ ចូលរួម​តាមប្រព័ន្ធ​អនឡាញ។​ ដោយឡែក​ រដ្ឋមន្ត្រី​ការបរទេស​ភូមា ​មិនត្រូវ​បាន​អញ្ជើញ​ឲ្យចូលរួម​ឡើយ។​

រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅរាជធានីភ្នំពេញ ជាកិច្ចប្រជុំចង្អៀត(AMMR)
រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅរាជធានីភ្នំពេញ ជាកិច្ចប្រជុំចង្អៀត(AMMR) © mfaic
ផ្សាយពាណិជ្ជកម្ម

វត្តមាននៅក្នុងសាលប្រជុំដោយផ្ទាល់នៃសណ្ឋាគារសូហ្វីតែលភូកេត្រាភ្នំពេញមានរដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ជាម្ចាស់ផ្ទះ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសថៃ និងប្រ៊ុយណេ ចូលរួមតាមអនឡាញ ខណៈរដ្ឋមន្ត្រីការបរទេសវៀតណាមមកដល់កម្ពុជាហើយក៏ចូលរួមប្រជុំតាមអនឡាញដែរ ក្រោយរកឃើញថាវិជ្ជមានកូវីដ-១៩។

ដោយឡែក រដ្ឋមន្ត្រីការបរទេសភូមា មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានពេលនេះទេ ដោយហេតុថាភូមានៅមិនទាន់អាចធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន។ ទោះយ៉ាងនេះក្តី ភូមាក៏មិនបានបញ្ជូនតំណាងមិននយោបាយមកចូលរួមដែរ។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំចង្អៀត AMMR នៅកម្ពុជាពេលនេះ គឺផ្តោតទៅលើអទិភាព និងសមិទ្ធផលសំខាន់ៗ ដែលកម្ពុជារំពឹងទុក និងទទួលបាន នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ 

នេះបើតាម លោក លុយ ដាវីដ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ថ្លែងប្រាប់RFI នាពេលកន្លងទៅ។ លោកបញ្ជាក់ថា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីការបរទេសទាំងអស់មានការពិភាក្សាអំពីវឌ្ឍនភាពការងារ ដែលសម្រេចបានកាលពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ នៅប្រ៊ុយណេ រួមនឹងការងារទំនាក់ទំនងមួយចំនួនជាមួយដៃគូរខាងក្រៅ។

ក្រៅពីនេះ ក៏មានការលើកយកបញ្ហារសើបដែលកើតឡើងនៅក្នុងតំបន់ និងអន្តរជាតិយកមកពិភាក្សាដែរ ដោយបញ្ហាចំបងជាងគេគឺ ការគ្រប់គ្រងការរាត្បាតជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩។ បន្ថែមពីនេះ ក៏មានបញ្ហាផ្សេងៗដែរ ដែលត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការបរទេសអាស៊ាននានា។  

សូមបញ្ជាក់ថាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានពេលនេះ គឺជាជំហានមួយ ក្នុងការឈានទៅរកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅខែសីហាខាងមុខ និងឈានទៅរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលនឹងគ្រោងធ្វើនៅខែវិច្ឆិកា ចុងឆ្នាំ២០២២នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ