អានតួអត្ថបទ
កម្ពុជា-សិទ្ធមនុស្ស

ករណីណាហ្គាវើលដ៍៖ តំណាងរដ្ឋាភិបាលទាត់ចោលការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សអន្តរជាតិ

ស្ថានបេសកម្មអចិន្ត្រៃកម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញមុខទាត់ចោល នូវការ​លើកឡើង​របស់​ក្រុម​អ្នកជំនាញ​នៃអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅថ្ងៃទី​១៦កុម្ភៈ​។ ក្រុមសិទ្ធិមនុស្សដែលបាន​រិះគន់​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញថា បង្កើតរបៀបវារៈបញ្ចប់កូដកម្ម​របស់​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​ តាម​រយៈការ​តម្រូវ​ឲ្យអ្នកតវ៉ាបន្ត​ធ្វើចត្តាឡីស័ក​ការពារ​ជំងឺកូវីដ១៩។​ ប៉ុន្តែ​តំណាង​រដ្ឋាភិបាលកម្ពុជា បាន​ចាត់ទុក​ការ​លើកឡើងនេះថា បង្កឲ្យមានការ​យល់​ច្រឡំ និងគ្មាន​ការទទួល​ខុស​ត្រូវ។

នយោជិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍
នយោជិកក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ © Internet
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​បន្ទាប់ពី​ការបរិហារ្តិ៍​ពី​ក្រុម​អ្នក​រាយការណ៍ពិសេស​សិទ្ធិមនុស្ស​នៅកម្ពុជា ស្ថានបេសកម្មអចិន្ត្រៃកម្ពុជា បានទទួច«ឲ្យអ្នក​រាយការណ៍ពិសេស ត្រូវបំពេញ​ការងារ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​អង្គ​ហេតុ​ពិត និងគណនេយ្យភាព និង​មិន​ត្រូវ​ឲ្យ​ធ្វើ​នយោបាយូបនីយកម្មឡើយ»។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍នៅថ្ងៃទី១៧​កុម្ភៈរបស់ស្ថានបេសកម្មអចិន្ត្រៃកម្ពុជា នៅទីក្រុងហ្សឺណែវ។

ប្រតិកម្ម​ឆ្លើយឆ្លង​យ៉ាងដូច្នេះ​​គឺដោយ​សារតែ​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​បាន​តម្រូវ​ឲ្យអ្នក​តវ៉ា​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​បន្ត​ធ្វើ​ចត្តាឡីស័ក​ការពារ​ជំងឺកូវីដ១៩ បន្ទាប់ពី​រក​ឃើញ​មានការ​ឆ្លង​ទៅ​លើក្រុម​អ្នកតវ៉ាជាច្រើននាក់។

ប៉ុន្តែបើតាមក្រុម​អ្នក​ជំនាញសិទ្ធិមនុស្ស​របស់​UN​ អាជ្ញាធរ​មិនត្រូវ​យក​វិធានការ​សុខភាព​សាធារណៈ​ មកដាក់​កំហិត​ក្នុង​ការ​បង្ក្រាប​លើសកម្មភាព​តវ៉ា​ស្រប​ច្បាប់​ និង​ដោយ​សន្តិវិធី​របស់​ក្រុម​កូដករ​នោះទេ។

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបង្ហាញក្តីព្រួយបារម្ភ និងរិះគន់កាន់តែខ្លាំងចំពោះការអនុវត្តវិធានការសុខាភិបាល ដូចជាការធ្វើចត្តាឡីស័កមកលើក្រុមកូដករពីសំណាកអាជ្ញាធរក្រុងភ្នំពេញ ។ ការរិះគន់បែបនេះធ្វើឡើងដោយសារតែ ការអនុវត្តវិធានការសុខាភិបាលរបស់អាជ្ញាធរមានភាពមិនស៊ីសង្វាក់គ្នា និងកង្វះតម្លាភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩។

ទោះជាយ៉ាងណា ស្ថានបេសកម្មអចិន្ត្រៃកម្ពុជា បានការពារ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​កម្ពុជា​ថា​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ដើម្បី​​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ ក៏ដូចជាសិទ្ធិ​សេរីភាពអ្នកដទៃ។

ឆ្លើយតបចំពោះក្រុមអ្នកជំនាញសិទ្ធិមនុស្សដែលថា ជាងមួយសប្តាហ៍បន្ទាប់ពីអាជ្ញាធរបង្ខំឱ្យក្រុមកូដកររាប់រយនាក់ធ្វើតេស្តរកមេរោគកូវីដ១៩ ពួកគេនៅមិនទាន់ទទួលបានលទ្ធផលតេស្តនៅឡើយ គឺតំណាង​រដ្ឋាភិបាល​កម្ពុជា​អះអាងថានេះ​ជាការលើក​ឡើង​ធ្វើ​ឲ្យមានការ​យល់​ច្រឡំ។ បើតាមស្ថានបេសកម្មអចិន្ត្រៃកម្ពុជា មានបាតុករយ៉ាងហោចណាស់ ៥៨​នាក់ បានរក​ឃើញ​វិជ្ជមានកូវីដ១៩ តាំងពីថ្ងៃទី២៨​មករា​មកម្ល៉េះ។

គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ កុម្ភនេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៥៣នាក់បានតេស្តវិជ្ជមានកូវីដ១៩ ក្រោយអាជ្ញាធរបានប្រកាសថាមានកូដករម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២១៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ