អានតួអត្ថបទ
កម្ពុជា-សង្គម

បុគ្គលិកណាហ្គាវើលដ៏ប្រកាសជួបជុំតវ៉ាឡើងវិញនៅថ្ងៃនេះ ទោះអាជ្ញាធរព្រមានក៏ដោយ

ក្រុម​បុគ្គលិក​ដែលបំរើ​ការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៏​ នៅថ្ងៃចន្ទ​ ទី​២១ ខែកុម្ភៈ​ នេះ បាន​ប្រកាស​ថាពួកគេ​បាន​ចេញ​ធ្វើកូដកម្ម​ឡើងវិញ​ចាប់ពីថ្ងៃ​នេះតទៅ ​ដើម្បីទាមទារ​ឲ្យមាន​ដំណោះស្រាយ​សមស្រប​ ដែលអាច​ទទួល​យកបាន។​ ការចាប់​ផ្តើមធ្វើ​កូដកម្ម​ឡើងវិញ​របស់​ក្រុមបុគ្គលិក​ណាហ្គាវើលដ៏​ ធ្វើឡើង​បន្ទាប់ពី​ពួកគេផ្អាក​ការ​ជួបជុំ​ និង​គោរពតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ កាលពីថ្ងៃ​ទី០៥​ ខែកុម្ភៈ​ ដើម្បីទប់​ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩។​

ក្រុមបុគ្គលិកដែលបំរើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏ចេញធ្វើកូដកម្មឡើងវិញ (រូបតំណាង)
ក្រុមបុគ្គលិកដែលបំរើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏ចេញធ្វើកូដកម្មឡើងវិញ (រូបតំណាង) © central
ផ្សាយពាណិជ្ជកម្ម

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ បានឲ្យដឹងថា ការដែលពួកគេប្រកាសចេញមកធ្វើកូដកម្មវិញនេះ គឺដោយសារតែពួកគេបានគោរព និងអនុវត្តនូវិធានការរបស់ក្រសួងសុខាភិបាលរួចហើយ ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលមានកូដករមកទល់ពេលនេះ ត្រូវបានរាយការណ៍ថាបានឆ្លងកូវីដប្រភេទអូមីក្រុងប្រហាក់ប្រហែល១០០នាក់។

យោងតាមសេចក្តីប្រកាសរបស់សហជីព ក្រុមបុគ្គលិក បានបញ្ជាក់ថាពួកគេបានផ្អាកធ្វើកូដកម្មចាប់តាំងពីថ្ងៃទី០៥ ខែកុម្ភៈ ហើយបាននាំគ្នាទៅធ្វើតេស្ត លើកទី១ និងលើកទី២ ព្រមទាំងបានធ្វើចត្តាឡីស័ករួចរាល់អស់ហើយ នៅតាមផ្ទះរៀងៗខ្លួន។

កាលពីថ្ងៃទី១៥​ ខែកុម្ភៈ កន្លងទៅនេះ សាលារាជធានីភ្នំពេញបានព្រមានចាត់វិធានការ ទៅលើក្រុមបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដែលអាជ្ញាធរចាត់ទុកថាជាបាតុកម្មខុសច្បាប់នោះ ដោយមិនលើកលែងឡើយ ប្រសិនបើពួកគេបន្តធ្វើសកម្មភាពជួបជុំគ្នានៅក្បែទីតាំងសាធារណៈ ខុសពីទីលានប្រជាធិបតេយ្យនាសួនច្បារគីឡូម៉ែត្រលេខ៦ ដែលកំណត់ដោយច្បាប់។

ក៏ប៉ុន្តែសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ បានបញ្ជាក់ថាការដែលសាលារាជធានីឲ្យក្រុមកូដករទៅសម្តែងមតិនៅទីលានប្រជាធិបតេយ្យ គឺវាលើសពីអ្វី ដែលមានចែងនៅក្នុងវិវាទការងារ ដែលច្បាប់ស្តីពីការងារតម្រូវឲ្យកូដកម្មត្រូវតែធ្វើឡើងនៅខាងមុខ និងប្របរបងនៃក្រុមហ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ