អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

ប្រមុខមុខទូតកម្ពុជា៖ កិច្ចព្រមព្រៀង AUKUS អាចជាចំណុចចាប់ផ្តើមនៃបញ្ហាក្តៅក្នុងតំបន់

ប្រមុខទូតកម្ពុជា ​លោក ប្រាក់ ​សុខុន​ បាន​ថ្លែងផ្តើម​ក្នុងវេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់កិច្ច​សហប្រតិបត្តិការ​នៅឥណ្ឌូ-ប៉ាស៊ីហ្វិក​ នៅទីក្រុង​ប៉ារីស​ ថាការ​បង្កើត​ឱ្យមាន​កិច្ចព្រមព្រៀង​សន្តិសុខ AUKUS​ គឺជា​ចំណុច​ចាប់ផ្តើម​នៃបញ្ហា​ដ៏​ក្តៅ​នៅក្នុង​តំបន់​ ពិសេស​តំបន់​អាស៊ាន ​តាមរយៈ​ការប្រណាំង​ប្រជែង​សព្វាវុធ​ ការប្រឈម​មុខប្រកួត​ប្រជែង​ដាក់គ្នា និង​ការបង្កើន​ភាពតានតឹង​។ បន្ថែមពីនេះ ​ដើម្បី​អាចកាត់​បន្ថយ​ហានិភ័យនៃ​ជម្លោះ ​លោកប្រមុខ​ទូត​បែរជា​ជម្រុញ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ (RCEP)​ ដែល​ផ្តួចផ្តើម​គំនិត​ដោយ​ប្រទេស​ចិនទៅវិញ។​

ប្រមុខទូតកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងផ្តើមក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស
ប្រមុខទូតកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងផ្តើមក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស © mfa.gov
ផ្សាយពាណិជ្ជកម្ម

វេទិកាថ្នាក់រដ្ឋមន្រ្តី​ដើម្បី​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក បានរៀបចំឡើង​ដោយប្រទេសបារាំង នៅថ្ងៃទី​២២កុម្ភៈ ដែលមានការចូលរួម​ពីរដ្ឋមន្រ្តីការបរទេសទាំង ២៧រូបនៃប្រទេសសមាជិកសហភាពអឺរ៉ុប និងសមភាគីមកពីប្រមាណ ៣០ប្រទេសនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលមានវត្តមាននៅក្នុង​វេទិកានោះ បានថ្លែងបារម្ភចំពោះ​កិច្ចព្រមព្រៀងសន្តិសុខ​ត្រីភាគីទប់ទលឥទ្ធិពលចិន AUKUS ថា កំពុងតែនាំអោយប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមានទាំងកម្ពុជាផង ត្រូវ​ប្រឈម​នឹងការប្រណាំងប្រជែងផ្នែកសព្វាវុធ ការប្រឈមមុខដាក់គ្នា និងការបង្កើនភាពតានតឹងដាក់គ្នា​​។

ជាការរំព្ញកមួយដែរថា កិច្ចព្រមព្រៀង​ AUKUS គឺជាកិច្ចព្រមព្រៀងសន្តិសុខដ៏​​ធំសម្បើមមួយ​រវាង​ប្រទេស​អូស្ត្រាលី សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស ក្នុងគោលដៅ​ទប់ទល់​ឥទ្ធិពល​​ចិន នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងនេះដែរត្រូវបានធានាអះអាងម្តងហើយម្តងទៀតថា មិន​គំរាម​កំហែង​ដល់​ស្ថិរភាព​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​មិនមាន​គោលដៅ​សំដៅ​ប្រទេស​ណា​មួយ​ទេ ក្រៅតែតែ​ពីប្រទេសចិន។

បន្ថែមពី​ក្តីបារម្ភពាក់ព័ន្ធនឹងកិច្ច​ព្រមព្រៀង​សន្តិសុខ​ទប់ទល់ឥទ្ធិពលចិននេះ លោក ប្រាក់ សុខុន បានបង្វែរឱ្យមាន​ការខិតខំប្រឹងប្រែង​បន្ថែមទៀតដើម្បីទាញយកប្រយោជន៍ជាធរមាន​នៃភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) ដែលផ្តួច​ផ្តើមគំនិតដោយប្រទេសចិន ជប៉ុន និង​កូរ៉េខាងត្បូងទៅវិញ។ ប្រមុខទូតកម្ពុជា ថាការពឹងផ្អែកគ្នាទៅវិញទៅមក​ដោយផ្អែកលើសេដ្ឋកិច្ច​កាន់តែ​ច្រើន​នឹងអាចកាត់បន្ថយហានិភ័យនៃជម្លោះ ហើយប្រទេសទាំងនោះចាំបាច់ត្រូវពង្រឹង​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់និងអន្តរតំបន់បន្ថែមទៀត។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​២៣កុម្ភៈថា ​វត្តមាន​កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS គឺប្រៀបដូចជាការចាក់ស៊ាំងលើ​ភ្លើងដែលកំពុងឆាប់ឆេះស្រាប់​ ពោលគឺវានឹងកាន់តែ​ធ្វើឱ្យកម្តៅភូមិសាស្ត្រនយោបាយ​ ក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសអាស៊ីអាគ្នេយ៍ កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ លោកបណ្ឌិតយល់ថា ប្រទេសតូចៗនៅតំបន់អាស៊ីគ្នេយ៍កំពុងរងសម្ពាធនិងស្ថិតនៅក្នុងជម្រើសដ៏លំបាកនៅក្នុងការជ្រើសរើស​ប្រទេសមហាអំណាច នៅក្នុងតំបន់និងពិភពលោក។ និងថា អ្វីដែលកម្ពុជាប្រាថ្នាចង់ឃើញ គឺ យុទ្ធសាស្ត្រនិងគំនិតផ្តួចផ្តើមណាដែលមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា និងដែលមិនមានលក្ខណៈប្រកួតប្រជែងគ្នាដែលនាំឱ្យបង្កើន​ភាពតានតឹង​កាន់តែខ្លាំងនៅក្នុងតំបន់នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ