អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

បញ្ហាភូមានិងតំបន់ ត្រូវបានលើកមកដាក់តុជជែកក្នុងជំនួបនាយករដ្ឋមន្ត្រីកម្ពុជានិងម៉ាឡេស៊ី

លោកនាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប​ បាន​នឹង​កំពុង​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​ចំនួន​២ថ្ងៃនៅ​កម្ពុជា។​ នៅកម្ពុជា​ក្នុង​ជំនួប​ជាមួយ​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ លោកហ៊ុន​ សែន​ ភាគីទាំងពីរ​មានការជជែក​ពីការស្តារ​ឡើងវិញ​នូវការ​ស្តារសេដ្ឋកិច្ច​ឡើងវិញ​ក្រោយវិបត្តិកូវីដ១៩។​ ហើយ​ជាពិសេស​អ្វីដែល​គេមិនអាច​រំលង​បាននោះ​ គឺ​បញ្ហាក្តៅនៅ​ក្នុង​ប្រទេស​ភូមា ​ក្នុងនាម​កម្ពុជា​ជាប្រធាន​អាស៊ាននៅឆ្នាំនេះ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  និងលោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី © FB/SMP
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបរួចរាល់រវាងប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី និងកម្ពុជា ដែលធ្វើឡើងអស់ពេលមួយព្រឹកនៅឯវិមានសន្តិភាពនៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងពីបញ្ហាមួយចំនួនដែលបានលើកយកមកដាក់លើតុជជែកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកហ៊ុន សែន បានបញ្ជាក់ថា ភាគីទាំងពីរបានជជែកពីបញ្ហាសមុទ្រចិនខាងត្បូង ការប្រកួតប្រជែងពីភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច ដែលជាកង្វល់រួមនៃប្រទេសទាំងពីរ និងក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ។

ជាប្រធានអាស៊ាននៅឆ្នាំ២០២២ បញ្ហាក្តៅគគុករបស់ភូមាក៏នៅតែជាចំណោទមួយដែលត្រូវដាក់លើតុជជែកបន្ថែមរវាងប្រមុខរដ្ឋាភិបាលទាំងពីរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ជំហរជាថ្មីអំពីការជំរុញការអនុវត្តគោលការណ៍ព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុច ដើម្បីស្វែងរកដំណោះស្រាយទៅក្នុងវិបត្តិនយោបាយរបស់ភូមាបច្ចុប្បន្ន។ គោលការណ៍ទាំង៥ ដែលមានជាអាទិ៍ ការបញ្ឈប់អំពើហិង្សាជាបន្ទាន់ ការសន្ទនាដោយន័យស្ថាបនា ការសម្រួលដល់តួនាទីប្រេសិតពិសេសអាស៊ាន ការផ្តល់ជំនួយមនុស្សធម៌ និងការរៀបចំទស្សនកិច្ចដោយអនុញ្ញាតឲ្យប្រេសិតពិសេសជួបជជែកជាមួយគ្រប់ភាគីពាក់ព័ន្ធ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ចាត់ទុកកិច្ចព្រមព្រៀងទាំង៥ចំណុច ជាសារៈសំខាន់មួយក្នុងការដោះស្រាយវិបត្តិភូមា។ សម្រាប់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោកបន្តគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ហើយចង់ឃើញភូមាត្រលប់មកភាពប្រក្រតីសាជាថ្មីឡើងវិញ។

ទោះយ៉ាងណា មុនមានជំនួបរវាងប្រមុខរដ្ឋាភិបាលទាំងពីរ ក៏មានបញ្ហាប្រទាំងប្រទឹសខ្លះជុំវិញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់ប្រទេសភូមា។ ប្រមុខការទូតម៉ាឡេស៊ី បានរិះគន់ដំណើរទស្សនិច្ចកិច្ចនោះថា អាចជាបង្កើតភាពភ័ន្តច្រឡំថា អាស៊ានទទួលស្គាល់របបយោធាភូមា។

លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា លោកនាយរដ្ឋមន្ត្រីហ៊ុន សែន នឹងគូសបញ្ជាក់ជាថ្មីលើបញ្ហានេះ ដើម្បីស្វែងរកការយល់គ្នាទៅវិញទៅមក។

យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ជំនួប លោក ហ៊ុន សែន អះអាងបញ្ហានេះគ្មានអ្វីត្រូវលើកមកបកស្រាយទៀតទេ ព្រោះបានកន្លងផុតរួចទៅហើយ។

ក្រៅពីបញ្ហាទាំងនេះ សម្រាប់ភាពជាដៃគូទ្វេភាគី ទាំងកម្ពុជា ទាំងម៉ាឡេស៊ី បានលើកយកពីបញ្ហាស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ និងការជំរុញផលិតផល រួមនឹងការវិនិយោគ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចបន្ថែម។

គួរបញ្ជាក់ថា អំឡុងពេល២ថ្ងៃនៅកម្ពុជា លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមានចូលក្រាបបង្គំគាល់ ព្រះបរមនាថ នរោត្តម សីហមុនី។ ហើយក្រោយពីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏មានជំនួបជាមួយឥស្សរិជនជាន់ខ្ពស់កម្ពុជា មានលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ