អានតួអត្ថបទ
កម្ពុជា-សង្គម

របាយការណ៍៖ ពលរដ្ឋក្រីក្ររស់នៅទីក្រុងភាគច្រើននៅបន្តប្រឈមបញ្ហាជាច្រើន ទោះបីទទួលបានសេវាសាធារណៈគ្រប់គ្រាន់ក៏ដោយ

អង្គការ​សមាគម​ធាងត្នោត​នៅថ្ងៃទី២៣ កុម្ភៈ​ បាន​បង្ហាញ​របាយការណ៍​សិក្សាថ្មី​មួយថា ​សហគមន៍​ក្រីក្រដែល​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​ស្ទើតែទាំង​អស់​ទទួល​បានសេវា​ទឹកស្អាត​ អគ្គិសនី​ ប្រើប្រាស់​ក្នុងជីវភាព​ប្រចាំថ្ងៃ ​ការអប់រំ​ និង​ការថែទាំ​សុខភាព​បានល្អ​ប្រសើរ ។​ បើតាម​របាយការណ៍ ​សហគមន៍​ក្រីក្រ​រស់​នៅរាជធានី​ភ្នំពេញ​ចំនួន​ ៧៥%​មាន​លំនៅឋាន​រស់នៅផ្ទាល់ខ្លួន។​ ទោះជា​យ៉ាងនេះក្តី​ អង្គការ​សមាគមធាងត្នោត​នៅតែបន្ត​បង្ហាញ​អំពីក្តី​ព្រួយបារម្ភមួយចំនួន​ ពាក់ព័ន្ធ​នឹង​បញ្ហានៃ​ការបណ្តេញ​ចេញ​ដោយបង្ខំ​មកលើប្រជាជន​ក្រីក្រ ​ភាព​អយុត្តិធម៌​លើការ​អភិវឌ្ឍ​ និង​បញ្ហាប្រាក់​ចំណូល​ជាដើម។​

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ (រូបតំណាង)
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ (រូបតំណាង) © STT
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍វាយតម្លៃភាពក្រីក្រសម្រាប់សហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ​ របស់អង្គការសមាគមធាងត្នោតកម្ពុជា បានបង្ហាញឱ្យឃើញថា សហគមន៍ក្រីក្ររស់នៅក្នុងរាជធានីភ្នំពេញ ចំនួន៩៨% មានអគ្គិសនីរដ្ឋប្រើប្រាស់ និងចំនួន៨៧% បានតភ្ជាប់ប្រព័ន្ធទឹកស្អាតរបស់រដ្ឋ។ ​ ក្នុងនោះ សហគមន៍ក៏មានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការអប់រំផងដែរ។ បើតាមរបាយការណ៍ កុមារក្រោមអាយុ១២ ខែ ប្រមាណជា៨២ %បានទទួលការវ៉ាក់សាំងពេញលេញ ខណៈដែល៨២% នៃស្ត្រីមានផ្ទៃពោះទទួលបានការពិនិត្យសុខភាពទៀងទាត់។

ដោយឡែក សម្រាប់លទ្ធភាពដែលទទួលបានការអប់រំវិញ របាយការណ៍ដដែលបានបង្ហាញថា កុមារគ្រប់អាយុស្ទើរតែទាំងអស់ទទួលបានការអប់រំនៅសាលារៀន ដោយកុមារអាយុចន្លោះពី៦ ដល់១២ឆ្នាំ មានចំនួន៩០% និងកុមារអាយុពី១២ ដល់១៤ឆ្នាំ មានចំនួន៩៣%។ បន្ថែមពីនេះ សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ​ចំនួន៧៥% មានលំនៅឋានស្នាក់នៅផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាព និងការសាងសង់បានល្អ។

ទោះបីសហគមន៍ក្រីក្ររស់នៅទីក្រុងភ្នំពេញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែបើផ្អែកតាមរបាយការណ៍របស់អង្គការសមាគមធាងត្នោត ពួកគេនៅតែបន្តជួបប្រទះនូវបញ្ហាជាច្រើនដូចជា ការបណ្តេញចេញពីទីតាំងរស់នៅបច្ចុប្បន្នដោយបង្ខំ និងបំភិតបំភ័យ។ ភាគច្រើននៃការបណ្តេញចេញ គឺធ្វើឡើងទៅលើតំបន់ដែលគ្មានការអនុញ្ញាតពីច្បាប់ ដូចជាតាមបណ្តោយផ្លូវ ប្រឡាយទឹកស្អុយ ផ្លូវរថភ្លើង មាត់ទន្លេ និងបឹងជាដើម។

របាយការណ៍ខាងលើបន្តថា បញ្ហាទឹកជំនន់ ក៏ត្រូវបានបូកបញ្ចូនទៅជាបញ្ហាប្រឈមដ៏ធ្ងន់ធរ ចំពោះសហគមន៍ដែលរស់នៅក្នុងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ផងដែរ។ ខណៈប្រជាពលរដ្ឋរស់នៅលើដីសើម និងបឹង កំពុងតែប្រឈមពីការចាក់បំពេញ រឺលុបពីអាជ្ញាធរ និងក្រុមហ៊ុនឯកជន។  

ចំណែក ភាពអយុត្តិធម៌នៃការអភិវឌ្ឍ គ្រួសារជាច្រើននៅបន្តរស់នៅយ៉ាងលំបាកជាមួយនឹងប្រាក់ចំណូលទាប និងការជំពាក់បំណុល ខណៈដែលតម្លៃអគ្គិសនី និងប្រេងសាំងនៅតែមានតម្លៃថ្លៃ និងបន្តកើនឡើងដដែល។ បន្ថែមពីនេះ សហគមន៍ក៏បន្តត្អូញត្អែរពីការមិនទទួលបានប័ណ្ណសមធម៌ និងកម្ចីប្រាក់ដើម្បីចំណាយលើថ្លៃថ្នាំពេទ្យថែមទៀត។

ទាក់ទិននឹងបញ្ហាទាំងអស់នេះ អង្គការសមាគមន៍ធាងត្នោតបាន ស្នើឱ្យរដ្ឋាភិបាល និងសាលាក្រុងភ្នំពេញត្រូវដោះស្រាយប្រកបដោយតម្លភាព និងអភិបាលកិច្ចល្អ ចំពោះការផ្តល់សំណង និងការតាំងទីលំនៅឋានរបស់ប្រជាជន បន្ទាប់ពីអាជ្ញាធរបញ្ចេញចេញ។ ការធ្វើបែបនេះ ដើម្បីធានានូវជីវភាពគ្រួសារដែលរងផលប៉ះពាល់ និងធានាពីការធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំង និងបញ្ហាជំពាក់បំណុលជាដើម។ ម្យ៉ាងវិញទៀត សាលាក្រុងភ្នំពេញត្រូវ ដោះស្រាយបញ្ហាជន់លិចផ្ទះសម្បែងរបស់ពលរដ្ឋ ក្នុងរដូងភ្លៀងផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ