អានតួអត្ថបទ
កម្ពុជា-សង្គម

សាលាក្រុងភ្នំពេញថា ការចោទប្រកាន់របស់កូដករមិនឆ្លុះបញ្ចាំងពីតថភាពពិត ខណៈអង្គការសង្គមស្នើឱ្យអាជ្ញាធរពង្រឹងលើក្រមសីលធម៌បន្ថែម

រដ្ឋបាលរាជធានីភ្នំពេញនាពេលថ្មីៗនេះ បានច្រានចោលការចោទប្រកាន់របស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលអះអាងថា អាជ្ញាធរបានប្រើប្រាស់អំពើហឹង្សាមកលើកូដករ ការបៀតបៀនផ្លូវភេទមកលើស្ត្រីជាកូដករ និងការអនុវត្តស្តង់ដារពីរយ៉ាងចំពោះវិធានសុខាភិបាល។ សម្រាប់សាលាក្រុង ការចោទប្រកាន់បែបនេះ ពីសំណាកក្រុមកូដករ គឺមិនបានឆ្លុះបញ្ចាំងអំពីថតភាពជាក់ស្តែង ពិតប្រាកដនោះទេ ដោយសាលាក្រុងបញ្ជាក់ថា អាជ្ញាធរមិនអាចប្រព្រឹត្តិនូវទង្វើអសីលធម៌នៅតាមទីសាធារណៈនោះឡើយ។ ប៉ុន្តែភាគីខាងអង្គការសង្គមស៊ីវិលវិញ បានទទូចឱ្យអាជ្ញធរពង្រឹងលើក្រមសីលធម៌ ការលុបបំបាត់ការរើសអើងលើស្ត្រី និងការរំលោភបំពានគ្រប់រូបភាពដែលកើតមានឡើង។

ក្រុមកូដកររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
ក្រុមកូដកររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ © FB/CCHR
ផ្សាយពាណិជ្ជកម្ម

សំណុំរឿងវិវាទការងាររវាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តអូសបន្លាយអស់រយៈពេលជិត៤៨ថ្ងៃកន្លងមកនេះ​។ គិតមកទល់ពេលនេះ អាជ្ញាធរបានររកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ ជាបន្តបន្ទាប់មកលើក្រុមកូដករ ជាង១០០នាក់ និងកូដករមួយចំនួនទៀតកំពុងតម្រូវឱ្យធ្វើចត្តាឡីស័ក្ត។  ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមកូដករបានចេញមកធ្វើកូដកម្មម្តងទៀត ប៉ុន្តែត្រូវបានអាជ្ញាធរចាប់បញ្ចូនចូលឡានក្រុង ដើម្បីយកទៅធ្វើចត្តាឡីស័ក្ត។ ក្នុងនោះ កាលពីថ្ងៃទី២២ ខែកុម្ភ ក្រុមអង្គការសង្គមសង្គមស៊ីវិល និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានចោទប្រកាន់ទៅអាជ្ញាធរថាបាន អនុវត្តស្តង់ដារវិធានសុខាភិបាលពីរយ៉ាង បូករួមនឹងការប្រើប្រាស់អំពីហឹង្សាមកលើក្រុមកូដករ និងបានបៀតបៀនផ្លូវភេទមកលើស្រី្តជាកូដករជាដើម។

ក្រោយការចោទប្រកាន់បែបនេះពីសំណាកកូដករ សាលាក្រុងភ្នំពេញនៅថ្ងៃទី២៤ កុម្ភៈបានចេញមកប​ដិសេធការចោទប្រកាន់របស់កូដករ និងអង្គការសង្គមស៊ីវិលថា ជាសេចក្តីថ្លែងការណ៍ដែល​មិនបានមិនឆ្លុះបញ្ចាំងអំពីការពិត ឥតភាពជាក់ស្តែង និងមានចេតនាទុច្ចរិត ហើយសាលាក្រុងយល់ឃើញថា នេះគឺមានគោលបំណងផ្សេងដើម្បីកេងចំណេញការអនុវត្តវិធានការសុខាភិបាល។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល សាលាក្រុងភ្នំពេញបញ្ជាក់ថា ការប្រើប្រាស់អំពើហឹង្សា និងការបៀតបៀនផ្លូវភេទមកលើស្រ្តី និងក្រុមកូដករ អាជ្ញាធរមិនអាចប្រព្រឹត្តិនូវទង្វើអសីលធម៌ដូចទៅនឹងការចោទប្រកាន់នោះទេ ក៏ព្រោះថា ការប្រព្រឹត្តសកម្មបែបនេះនៅចំពោះមុខម្នា អាជីវករ អ្នកធ្វើដំណើរ នៅទីប្រជុំជនជាច្រើននាក់ដែលមានកាមេរ៉ាទូរស័ព្ទគ្រប់ដៃ ក៏ដូចជាសមត្ថកិច្ចដ៏ទៃទៀតកំពុងតែបំពេញភារកិច្ចនៅតាមទីសាធារណៈមិនអាចទៅរួច។

បើតាមសាលាក្រុង កូដករគួរតែមានភស្តុតាងឱ្យច្បាស់លាស់ ដើម្បីមានមូលដ្ឋានចាត់វិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តខុសឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ជាការបញ្ជាក់បន្ថែមពីនេះ សាលាក្រុងភ្នំពេញបានលើកឡើង អាជ្ញាធរមិនបានអនុវត្តវិធានការស្តង់ដារពីរយ៉ាងនោះទេ ពោលគឺអាជ្ញាធរបានខិតខំទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលបានរកឃើញទៅលើក្រុមកូដករប៉ុណ្ណោះ។

តែយ៉ាងណា កាលពីពេលថ្មីៗនេះ បណ្តាអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស និងសហជីពចំនួន៥១ស្ថាប័ន បានទទូចឱ្យអាជ្ញាធរទាំងអស់ត្រូវអនុវត្ត និងពង្រឹងខ្លួនលើក្រមសីលធម៌ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ការបៀតបៀនមកលើស្រ្តីគ្រប់រូបភាព និងត្រូវគោរពសិទ្ធនយោជិតជាស្ត្រីឱ្យបានខ្លាំងខ្លា ក៏ព្រោះថា ស្ត្រីបានចូលរួមយ៉ាងសំខាន់ដល់ដង្ហើមសេដ្ឋកិច្ចសង្គម និងគ្រួសារ។  ក្នុងសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា ការរំលោភបំពាន និងប្រើប្រាស់អំពើហឹង្សាមកលើស្ត្រី នៅតែបន្តកើតមានឡើងក្នុងប្រទេសកម្ពុជា។ ចំណែកទង្វើប្រឆាំងមកលើស្ត្រី និងកូដករ គឺបង្កឡើងដោយតួអង្គស្ថាប័នរដ្ឋ ចំពោះការអនុវត្តវិធានការកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ