អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

របាយការណ៍៖ ពលករ​ចំណាក​ស្រុក​ខ្មែរ​ផ្ញើ​ប្រាក់​ត្រឡប់​មក​ស្រុក​វិញ​ជាង​៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ

នៅ​ថ្ងៃ​ទី​២៥​កុម្ភៈម្សិលមិញ ក្រសួង​ការងារ​បាន​បង្ហាញ​របាយការណ៍មួយ​ឲ្យ​ដឹង​ថា ពលករ​ចំណាក​ស្រុក​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​បរទេស បាន​ផ្ញើ​ប្រាក់​ត្រឡប់​មកក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​​ស្រុក​កំណើត​ បាន​ជាង​៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​។ សម្រាប់​ក្រសួង​ការងារ ប្រាក់​ចំណូល​ពី​ក្រៅ​ប្រទេស​របស់​ក្រុម​ពលករ​ខ្មែរ​នេះ រួម​ចំណែកមួយ​ផ្នែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​ដល់ការ​ទ្រទ្រង់​ជីវភាព​របស់​គ្រួសារ​ពួក​គេ​នៅ​កម្ពុជា​។

ពលករខ្មែរដែលកំពុងត្រៀមចូលទៅប្រទេសថៃ( រូបតំណាង)
ពលករខ្មែរដែលកំពុងត្រៀមចូលទៅប្រទេសថៃ( រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ មានពលករ​ខ្មែរយ៉ាង​ហោច​ណាស់​១លាន​៣​សែន​នាក់ កំពុង​រស់​នៅ​និង​បំពេញ​ការងារ​នៅ​បរទេស​។ ការងារ​របស់​ពួក​គេ​នៅ​ក្រៅ​ប្រទេស បាន​ចាក់​បញ្ចូល​ទឹក​ប្រាក់​ត្រឡប់​មក​កម្ពុជា​វិញ ប្រមាណ​៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​។

តាម​រយៈលំហូរ​មូលនិធិ​នេះ រដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ត​ជំរុញ​ការ​អនុវត្តគោលនយោបាយស្តីពីការធ្វើចំណាកស្រុកការងារសម្រាប់កម្ពុជា ឆ្នាំ ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ រួមទាំងការការពារសង្គមក្នុងពេលកំពុងធ្វើការ និងត្រឡប់មកផ្ទះវិញ។

ជា​ការ​ពិត​ហើយ​ថា ការ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ពលករ​ខ្មែរ ដើម្បីទៅធ្វើ​ការ​នៅក្រៅ​ប្រទេស បាន​ផ្ដល់​ត្រឡប់​មក​វិញ​នូវ​ប្រាក់​ចំណូល​សម្រាប់​ក្រុម​គ្រួសារ​ពួក​គាត់ ក៏​ដូច​ជា​ចំណេះ​ជំនាញ​ថ្មីៗ។ ប៉ុន្តែ​លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារនិង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​សៅរ៍ ទី​២៦​​កុម្ភៈនេះ​ថា ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​បរទេស​ទាំងអស់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​រត់ការ ទម្រាំ​បាន​ចេញ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។ អម្រែក​នេះ បង្ខំ​ឲ្យ​ពួក​គាត់​ត្រូវ​ខ្ចី​បុល​ពីស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ហើយ​ត្រូវ​សង​ត្រឡប់​ទៅ​វិញ នៅ​ពេល​បាន​ចេញ​ទៅ​ធ្វើ​ការ​ជា​ស្ថាពរ​។

បើ​តាម​លោក ឃុន ថារ៉ូ នេះ​គេ​នៅ​មិន​ទាន់​និយាយ​ដល់ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​សំណាក់​និយោជក​មក​លើ​ពលករ​ខ្មែរ​ កង្វះកិច្ចគាំពារសង្គមពីអាជ្ញាធរ​នៃ​ប្រទេស​ដែលពលករ​ទៅ​ធ្វើ​ការ និង​កិច្ច​អន្តរាគមន៍​យឺតយ៉ាវ​ពី​សំណាក់​ស្ថានទូត​ខ្មែរ​នៅ​បរទេសចំពោះ​ពលករ​ខ្មែរ នៅ​ពេល​ដែលពួក​គេ​ជួប​បញ្ហា​នានា។ លោក ឃុន ថារ៉ូ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យក​ចិត្ត​ទុក​ដាក់ សិក្សា​ស្វែង​យល់ និង​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ដល់​ពលករ​ខ្មែរ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

សូម​ជម្រាប​ជូន​ថា មក​ទល់​ពេលនេះ ពលករ​កម្ពុជា​ដែល​កំពុ​ង​ធ្វើ​ការ​នៅ​បរទេស មាន​ចំនួន​សរុប​ជាង​១​លាន​៣​សែន​នាក់ ក្នុង​នោះ ១​លាន​២​សែន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាង​៤​ម៉ឺន​៥​ពាន់​នាក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ២​ម៉ឺន​៣​ពាន់​នាក់​នៅ​ម៉ាឡេស៊ី ១​ម៉ឺន​១​ពាន់​នាក់​នៅ​ប្រទេស​ជប៉ុន ជាង​៨​០០នាក់​នៅ​សិង្ហបុរី ២០០​នាក់​នៅ​ហុងកុង និង​៤៣​នាក់​នៅ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ