អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

សង្គ្រាម​រុស្ស៊ី-​អ៊ុយក្រែន៖ រដ្ឋមន្ត្រី​ការបរទេស​អាស៊ានអំពាវនាវឲ្យមានការអត់ធ្មត់​ខ្ពស់បំផុត

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ចេញមុខ​សំដែងការ​ព្រួយ​បារម្ភ​ចំពោះ​ការវិវត្តន៍​នៃ​ស្ថាន​ភាពការណ៍​ និង​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​នៅ​អ៊ុយ​ក្រែន។ អ៊ុយ​ក្រែន​ដែល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​កង​ទ័ព​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​នៅ​តែ​បន្ត​មក​ដល់​ពេល​នេះ​។ នៅ​ចំពោះ​មុខ​នេះ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ បានអំពាវ​នាវ​ឲ្យ​គ្រប់​ភាគី ​ត្រូវ​មាន​ការ​អត់​ធ្មត់​ខ្ពស់​បំផុត​ ហើយ​ស្វែង​​រក​ការ​សន្ទនា​គ្រប់​មធ្យោបាយ​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នៃ​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ​។

រដ្ឋមន្ត្រីការបរទេសអាសា៊នចំនួន៦ និងអគ្គរដ្ឋលេខាធិកាអាសា៊ន១រូបអញ្ចើញចូលរួមកិច្ចប្រជុំចង្អៀតស្តីអំពីបញ្ហាតំបន់ និងសមាជិក
រដ្ឋមន្ត្រីការបរទេសអាសា៊នចំនួន៦ និងអគ្គរដ្ឋលេខាធិកាអាសា៊ន១រូបអញ្ចើញចូលរួមកិច្ចប្រជុំចង្អៀតស្តីអំពីបញ្ហាតំបន់ និងសមាជិក © FB/ Ministry of Foreign Affairs and International Cooperation - Cambodia
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ដោយ​ចុះ​កាលបរិច្ឆេទ​ខែកុម្ភៈ២០២២ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បានអំពាវ​នាវ​ឲ្យ​គ្រប់​ភាគីទាំងអស់ ត្រូវមានការ​អត់ធ្មត់ជាអតិបរមា និង​ខិត​ខំឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​បន្ត​កិច្ច​សន្ទនា​គ្រប់​ច្រក​ផ្លូវ​ ដើម្បី​ដោះ​ស្រាយ​ជម្លោះនៃប្រទេសជិតខាងទាំងពីរនេះ។ ​

បើតាម​ក្រុម​រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន​ដែល​មានការប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ កិច្ច​សន្ទនា​គ្រប់​ច្រក​ផ្លូវ​ គឺសំដៅ​ទៅ​ដល់​មធ្យោបាយ​ការទូត ដើម្បី​ទប់​ស្ថានការណ៍​កុំឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ កាត់​បន្ថយ​ភាព​តាន​តឹង និង​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី​តាម​ច្បាប់​អន្តរជាតិ​ គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ច​សហការ​នៅ តំបន់​អាស៊ីអាគ្នេយ៍។

ទោះបីជាសង្គ្រាមនៅតែបន្ត ហើយមនុស្សរាប់រយនាក់​ត្រូវបានស្លាប់ និង​រាប់លាននាក់​ត្រូវ​បង្ខំ​ភៀស​ខ្លួន​ក៏ដោយ  តែរដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅតែជឿថា​នៅមិន​ទាន់​ហួសទេ​សម្រាប់​កិច្ច​សន្ទនាដោយ​សន្តិ​វិធី​ដើម្បី​ទប់​ស្កាត់​កុំឲ្យស្ថានការណ៍នេះ វិវត្តន៍ទៅរហូតដល់គ្រប់គ្រងលែងបាន។

សំណុំរឿងរុស្ស៊ី និង​អ៊ុយក្រែន គឺជាការទទួលខុស​ត្រូវ​របស់​គ្រប់​ភាគី​ក្នុងការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃការ​គោរពគ្នា​ទៅ​វិញ​ទៅមក​លើ​អធិបតេយ្យភាព បូរណភាពទឹកដី និង​សិទ្ធិ​ស្មើគ្នា​នៃប្រជាជាតិទាំងអស់។ នេះគឺគូសបញ្ជាក់នៅក្នុង​សេចក្តី​ថ្លែងការណ៍ដដែលនេះ។

ក្រុមអ្នក​វិភាគ បានហៅ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននៅពេលនេះថាជាវិញ្ញាសារអន្តរជាតិដំបូងរបស់ប្រធានអាស៊ានថ្មី ហើយជម្លោះនេះក៏បានជះឥទ្ធិពលផងដែរ មកលើផែនការប្រជុំរបស់អាស៊ាន និងបណ្តាប្រទេសធំៗលើពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ