អានតួអត្ថបទ
កម្ពុជា-សង្គម

កូដករណាហ្កាវើលដ៍ជ្រើសយកការធ្វើកូដកម្មតាមអនឡាញជាបណ្តោះអាសន្ន បន្ទាប់ពីកូដករមួយចំនួនត្រូវបន្តធ្វើចត្តាឡីស័ក

ក្រុមកូដករណាហ្កាវើលដ៍​ បាន​សម្រេច​រើសយក​មធ្យោបាយ​ធ្វើកូដកម្ម​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ជាបណ្តោះអាសន្ន​ ដើម្បី​បន្តទាមទារ​ភាគី​ក្រុមហ៊ុន​ចូលមក​ដោះស្រាយ​វិវាទការងារ​ជាមួយពួកគេ។​ នេះបើតាម​ការបញ្ជាក់​របស់កូដករ​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅព្រឹកថ្ងៃចន្ទ​នេះ។ ​ការសម្រេច​ធ្វើកូដកម្ម​តាមអនឡាញ​ពេលនេះ ​ធ្វើឡើងបន្ទាប់​ពីកូដករ​មួយចំនួន​ត្រូវអាជ្ញាធរ​ចាប់បញ្ជូន​ឲ្យបន្ត​ធ្វើចត្តាឡីស័ក​ ក្រោយពួកគេ​ចេញ​ធ្វើកូដកម្ម​ជាថ្មីកាល​ពីសប្តាហ៍​កន្លងទៅ។​

ក្រុមកូដកររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
ក្រុមកូដកររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ © FB/CCHR
ផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសមធ្យោបាយធ្វើកូដកម្មតាមប្រព័ន្ធអនឡាញនៅពេលនេះ គឺដើម្បីបញ្ជាក់ថាក្រុមកូដករនឹងមិនបោះបង់ចោលវិវាទការងារជាមួយក្រុមហ៊ុននោះទេ ហើយក្រុមកូដករនឹងនៅតែបន្តទាមទារឲ្យមានការដោះលែងតំណាងកម្មករចំនួន៨នាក់ និងកូដករចំនួន៣នាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រី ខៀវ ហ័ង កូដករម្នាក់ដែលបន្តទាមទាររកដំណោះស្រាយ។

បើតាមលោកស្រី ខៀវ ហ័ង ការធ្វើកូដកម្មតាមប្រព័ន្ធអនឡាញនេះ ក្រុមកូដករនឹងទាមទារតាមរយៈការបង្ហោះខ្លឹមសារតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យភាគីពាក់ព័ន្ធចូលមកចរចាវិវាទការងារដែលអូសបន្លាយជិតមួយឆ្នាំ ក្រោយតែក្រុមហ៊ុនបានបញ្ឈប់ពួកគេតាំងពីខែឧសភាឆ្នាំ២០២១មកម៉្លេះ។

ការសម្រេចជ្រើសយកការធ្វើកូដកម្មតាមអនឡាញពេលនេះ ត្រូវបានកូដករដដែល បញ្ជាក់បន្ថែមថា ដោយសារកូដករមួយចំនួនត្រូវបានអាជ្ញាធរចាប់បញ្ជូនខ្លួនឲ្យធ្វើចត្តាឡីស័កបន្តទៀត។ កាលពីថ្ងៃទី២១កុម្ភៈ ក្រុមកូដករបានជូនដំណឹងអំពីការចេញធ្វើកូដកម្មជាថ្មី បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កអស់មួយរយៈ។ បើតាមលោកស្រី ខៀវ ហ័ង មានកូដករប្រមាណជាង១០០នាក់ត្រូវបានអាជ្ញាធរតម្រូវឲ្យធ្វើចត្តាឡីស័កជាបន្តទៀត។

ទោះយ៉ាងណា ជាកូដករមួយរូប លោកស្រី ខៀវ ភ័គ ថាការធ្វើកូដកម្មតាមប្រព័ន្ធអនឡាញនេះ គ្រាន់តែជាជម្រើសបណ្តោះអាសន្នប៉ុណ្ណោះ ហើយក្រុមកូដករនឹងពិចារណាជាបន្តទៀត នៅពេលមានវិធានការណាមួយពីអាជ្ញាធរ។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ដែរនោះ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ថាជម្រើសធ្វើកូដកម្មតាមប្រព័ន្ធអនឡាញពេលនេះ គឺកើតចេញពីវិធានរបស់សាលាក្រុងភ្នំពេញ និងមន្ទីរសុខាភិបាល ដែលតម្រូវឲ្យក្រុមកូដករបន្តធ្វើចត្តាឡីស័ក។

ប្រធានសហជីពរូបនេះ បន្តទៀតថា ជម្រើសរបស់កូដករពេលនេះ ដើម្បីបញ្ជាក់ក្រុមកូដករមិនព្រងើយកន្តើយក្នុងការទាមទាររកដំណោះស្រាយសមស្រប ទោះបីជាឧបសគ្គអ្វីក៏ដោយ។

គួរបញ្ជាក់ថា សំណុំរឿងវិវាទការងាររវាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តអូសបន្លាយអស់រយៈពេលជាង៥០ថ្ងៃមកនេះ ដោយមិនទាន់មានដំណោះស្រាយ។ គោលបំណងនៃកូដកម្មនោះ គឺភាគីកម្មករស្នើសុំការចូលធ្វើការងារវិញ ខណៈដែលភាគីក្រុមហ៊ុនរក្សាជំហរបញ្ឈប់ពួកគេ ដោយយោងលើមូលហេតុខាតបង់ចំណូលក្នុងអំឡុងពេលវិបត្តិកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ