អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនឹងត្រូវធ្វើឡើងនៅចុងខែមីនានាទីក្រុងវ៉ាស៊ីនតោន

កិច្ចប្រជុំ​ពិសេសអាស៊ាន-អាមេរិក​ នឹង​ត្រូវធ្វើឡើង​នៅថ្ងៃទី២៨​និងទី២៩​ចុងខែមីនា​នេះនាទីក្រុងវ៉ាស៊ីនតោន​ ទឹកដីសហរដ្ឋអាមេរិក។​ នេះបើតាម​ការបញ្ជាក់​ពីសេតវិមានប្រធានាធិបតី​ នៅថ្ងៃចន្ទ​ម្សិលមិញ។​ កិច្ចប្រជុំ​ពិសេស​អាស៊ាន-អាមេរិក​ ដែល​គ្រោងនឹង​រៀបចំ​ឡើងនៅចុង​ខែមីនានេះ ​គឺធ្វើឡើង​បន្ទាប់​គម្រោង​រៀបចំកាល​ពីខែមករា​ត្រូវបាន​លើកពេល។​

លោកប្រធានាធិបតី ចូ បៃឌិន នៅក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២១
លោកប្រធានាធិបតី ចូ បៃឌិន នៅក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២១ © FB
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំកំពូលពិសេសនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន ដោយទទួលស្គាល់តួនាទីស្នូលរបស់ខ្លួនក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមដ៏លំបាកបំផុតក្នុងតំបន់ និងការរំលឹកខួប៤៥ឆ្នាំនៃទំនាក់ទំនងអាមេរិក និងអាស៊ាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកស្រី Jen Psaki លេខាផ្នែកព័ត៌មាននៃសេតវិមាន កាលពីថ្ងៃចន្ទម្សិលមិញ។

បើតាមសេចក្តីថ្លែងការណ៍ កិច្ចប្រជុំអាស៊ានអាមេរិកនឹងពង្រឹងការចូលរួមរបស់លោកប្រធានាធិបតី Joe Biden នៅក្នុងកិច្ចប្រជុំកាលពីខែតុលាឆ្នាំ2021 ដែលធ្លាប់បានប្រកាសនូវទឹកប្រាក់ចំនួន១០២លានដុល្លារនៅក្នុងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពង្រីកការចូលរួមជួយស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញក្រោយវិបត្តិកូវីដ-១៩។

គួររំលឹកថា លោក ចូ បៃឌិន កាលពីពេលកន្លងទៅបានផ្ញើលិខិតមួយច្បាប់ដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ដោយប្រកាសពីការទន្ទឹងរង់ចាំពេលវេលាធ្វើការជាមួយកម្ពុជាក្នុងរបត់ជាប្រធានអាស៊ានឆ្នាំនេះ។ លោក ចូ បៃឌិន បញ្ជាក់ជំហររបស់អាមេរិកថា ខ្លួនសង្ឃឹមថាទំនាក់ទំនងអាស៊ាន-អាមេរិកកាន់តែរីកចម្រើន និងសម្រេចបានគោលដៅរួមនៅក្នុងតំបន់។ ម៉្លោះហើយ សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅប៉ុន្មានខែខាងមុខ។

ជាការឆ្លើយតប នៅដើមខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ គាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ សម្រាប់លោក ហ៊ុន សែន កិច្ចប្រជុំកំពូលពិសេសនេះ នឹងផ្តល់ប្រយោជន៍ដល់ភាគីទាំងសងខាងក្នុងការផ្លាស់ប្តូរយោបល់គ្នា ដើម្បីពង្រឹងកិច្ចទំនាក់ទំនងភាពជាដៃគូឲ្យកាន់តែរីកចម្រើន និងជិតសិ្នទ្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ