អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ីថា អាមេរិកនឹងបន្ទោសលោក ហ៊ុន សែន លើបញ្ហាផ្ទៃក្នុងកម្ពុជា នាកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក

លោក សម រង្ស៊ី ​អតីត​ប្រធាន​នៃអតីត​គណបក្ស​សង្គ្រោះជាតិ​ នៅថ្ងៃទី១​មីនាម្សិលមិញ​បាន​លើកឡើង​ដោយបន្លាច​ជាមុនថា​ វត្តមាន​លោកនាយរដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅលើទឹក​ដី​អាមេរិក​នៅចុងខែមីនានេះ ​នឹង​រងការស្ដីបន្ទោស​ពីសំណាក់​សហរដ្ឋអាមេរិក​លើបញ្ហា​ចំពោះមុខ​មួយ​ចំនួន​របស់​កម្ពុជា។ ​តែអ្នកនាំ​ពាក្យ​គណបក្ស​កាន់អំណាច​ថា ​ការលើក​ឡើងនេះ ​គ្រាន់តែចង់​បាន​ការឆ្លើយ​តបពី​លោក ហ៊ុន សែន​ ប៉ុណ្ណោះ ​ខណៈដែល​អ្នកនាំពាក្យ​បក្សកាន់​អំណាច​រូប​នេះ ​អះអាងថា ​ប្រមុខ​បក្ស​កាន់​អំណាច​រក្សាភាព​ស្ងៀមស្ងាត់​លែងឆ្លើយឆ្លង​នឹង​លោក សម រង្ស៊ី​ ទៀតហើយ។​

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ចូ បៃឌិន
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ចូ បៃឌិន AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

នៅបន្ទាប់ពីសេតវិមានប្រធានាធិបតីនៅថ្ងៃចន្ទទី១មីនាម្សិលមិញ ប្រកាសពីការត្រៀមរៀបចំកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅចុងខែមីនានេះ លោក សម រង្ស៊ី ឯណេះបានលើកយករបៀបវារៈដោយឡែកមកនិយាយថា វត្តមានលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នៅលើទឹកដីអាមេរិកនឹងរងការស្ដីបន្ទោសពីសំណាក់សហរដ្ឋអាមេរិកលើបញ្ហាចំពោះមុខមួយចំនួន។ បញ្ហាទាំងនោះរួមមានៈ ការគាំទ្ររបបដឹកនាំភូមាសព្វថ្ងៃ  ទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជានិងចិន និងសំណុំរឿងតុលាការរបស់លោក កឹម សុខា។

នៅក្នុងសំណុំរឿងរបស់លោក កឹម សុខា លោក សម រង្ស៊ី សង្កត់ធ្ងន់ថា អាមេរិកនឹងទាមទារឲ្យលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់មកលើអាមេរិកថា នៅពីក្រោយសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២មីនានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចលើកឡើងថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅចុងខែមីនានឹងមិនបញ្ចូលរបៀបវារៈស្ដីពី បញ្ហាផ្ទៃក្នុងកម្ពុជាទេ ទោះជាពេលកន្លងកម្ពុជានិងអាមេរិកធ្លាប់មានបញ្ហារកាំរកូសខ្លះក៏ដោយ។ ផ្ទុយទៅវិញកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក មានរបៀបវារៈច្បាស់លាស់មិនមែនដូចការបន្លាចទាំងអំបាលមាណរបស់លោក សម រង្ស៊ី ឡើយ។ នេះបើតាមលោក សុខ ឥសាន ។

បន្ថែមលើនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជាមើលឃើញកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក គេអាចនឹងនិយាយលើបញ្ហាដែលកំពុងតែមានចំពោះមុខដូចជាៈវិបត្តិសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម។ ហើយក៏គ្មានហេតុផលណាដែលអាមេរិកមកជីកកកាយរឿងរ៉ាវផ្ទាល់របស់កម្ពុជា ខណៈដែលប្រទេសមួយនេះត្រៀមធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះដែរ។

បើតាមសេតវិមានប្រធានាធិបតី  កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នឹងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងរំលឹកខួប៤៥ឆ្នាំនៃទំនាក់ទំនងអាមេរិក និងអាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ