អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាបន្តស្ថិតក្នុង«បញ្ជីប្រផេះ»ដែលមានហានិភ័យក្នុងការលាងលុយកខ្វក់

ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង«បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។ ការ​រក្សា​ចំណាត់ថ្នាក់ដដែលនេះ គឺមិនមានន័យថា កម្ពុជាមានការប្រសើរឡើងទេ ទោះបីជាកម្ពុជាបានខិត​ខំប្រឹង​ប្រែង ធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ តាំងពីឆ្នាំពី២០២០ក៏ដោយ។

ទីតាំងកន្លែងកម្សាន្តមួយនៅក្រុងសីហនុ
ទីតាំងកន្លែងកម្សាន្តមួយនៅក្រុងសីហនុ © Internet
ផ្សាយពាណិជ្ជកម្ម

ដូចកាលពីឆ្នាំ២០២១ដែរ គឺកម្ពុជា​​នៅ​តែបន្តស្ថិត​ក្នុង​ក្រសែភ្នែកនៃការតាមដាន​អំពើ​លាង​លុយ​កខ្វល់ជាដដែល ខណៈឆ្នាំ២០២២នេះក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) សម្រេចរក្សាកម្ពុជានៅក្នុង «បញ្ជីប្រផេះ»។ បញ្ជីប្រផេះដែលមានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានហានិភ័យលើ​ការ​លាងលុយ​កខ្វក់។

ក្រុមការងារនេះ បាន​សម្តែង​កង្វល់​ជាខ្លាំង​ដែល​កម្ពុជា​ខកខាន​មិនអាច​បំពេញបាន​តាម​ផែនការ​សកម្មភាព​ដូចដែល​បាន​ដាក់ចេញ​កាលពី​ខែមករា ឆ្នាំ២០២១ ។ អង្គការ​ដដែលនេះបានជំរុញជាថ្មីទៀតឲ្យ​កម្ពុជាត្រូវ​បង្ហាញការ​ប្តេជ្ញាចិត្តកាន់តែខ្លាំងក្លាទៅកាន់សហគមន៍​អន្តរជាតិឲ្យបាន​ឃើញ​ពី​ការវិវឌ្ឍន៍​ឆាប់រហ័ស​ក្នុងការបំពេញ​តាម​ផែនការ​សកម្មភាព​ដែល​ខ្លួនបានដាក់ចេញនៅ​ត្រឹម​ខែមិថុនា ឆ្នាំ២០២២នេះ។

បើពុំដូច្នោះទេ អង្គការ​ក្រុមការងារ​ហិរញ្ញវត្ថុ ព្រមាន​ថា ខ្លួន​នឹង​ពិចារណា​នូវ​ជំហ៊ាន​បន្ទាប់​មកលើ​កម្ពុជា​ពាក់ព័ន្ធនឹងការលាងលុយកខ្វក់​នេះ។ ជំហ៊ាន​បន្ទាប់​ គឺសំដៅដល់​ការអំពាវនាវ​ដល់​ប្រទេស​សមាជិក និង​យុត្តាធិការ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ឲ្យ​បង្កើន​ការតាមដាន​ត្រួតពិនិត្យ​លើ​រាល់​ទំនាក់ទំនង និង​ប្រតិបត្តិការ​អាជីវកម្ម​ទាំងអស់​ជាមួយ​កម្ពុជា។

ជាការកត់សំគាល់ កម្ពុជាត្រូវបានអង្គការនេះ ដាក់​ក្នុង«​បញ្ជីប្រផេះ»អស់រយៈពេល​ជាង៣ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ២០១៩មក។ ប៉ុន្តែកាលពីឆ្នាំ២០២០ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកម្ពុជា។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ គឺស្របពេលដែលគណៈកម្មការអឺរ៉ុប បានស្នើដាក់ប្រទេសកម្ពុជា និងប្រទេសចំនួន១១ទៀតទៅក្នុង«បញ្ជីខ្មៅ»ដែលសហភាពអឺរ៉ុបបង្កើនការតាមដានខ្លាំងជាងមុន បន្ទាប់ពីកម្ពុជាស្ថិតក្នុងបញ្ជីពណ៌«ប្រផេះ»នៃការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មនៅឆ្នាំ២០១៩។ វិស័យ​ដែល​រងហានិភ័យ​ខ្ពស់​ខាង​អំពើលាងលុយ​កខ្វក់​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ