អានតួអត្ថបទ
កម្ពុជា-សង្គម

សំណុំរឿងណាហ្គាវើលដ៍៖អ្នកតវ៉ាជិត២០០នាក់ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក

អ្នកតវ៉ា​ប្រមាណ១៨០នាក់​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូនទៅ​កាន់​មណ្ឌល​ចត្តាឡីស័ក​នៅ​ក្នុង​ខណ្ឌព្រែក​សារជាថ្មី​ទៀតកាល​ពីម្សិលមិញ។​ ចំណាត់ការ​នេះ​បានធ្វើឡើង​ ខណៈអ្នកតវ៉ា​ដែលជា​បុគ្គលិក​ និង​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ បាននាំ​គ្នា​តវ៉ាជាថ្មី​ ជំរុញ​ឲ្យមាន​ដំណោះស្រាយ​វិវាទការងារ។​ ការ​ចាប់​ខ្លួន​អ្នកតវ៉ា​ដែលភាគ​ច្រើន​ជាស្ត្រី​នៅកៀក​ថ្ងៃសិទ្ធិនារី​បែបនេះ​ត្រូវបានរិះគន់​ពីសំណាក់អ្នក​ការពារសិទ្ធិមនុស្ស​ ប៉ុន្តែ​អាជ្ញាធររាធានីភ្នំពេញ​​ អះអាងថា ការ​តវ៉ារបស់ក្រុមនេះ​គឺដោយសារតែមានអ្នក​នៅពីក្រោយ។ 

ក្រុមកូដករបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
ក្រុមកូដករបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ © FB/ LICADHO
ផ្សាយពាណិជ្ជកម្ម

ក្នុងរូបភាពជាច្រើន​សន្លឹក​ដែលភ្ជាប់នៅពីលើសេចក្តី​ថ្លែងការណ៍​ថ្ងៃទី៧មីនា ពោលមុនមួយថ្ងៃនៃទិវា​សិទ្ធិ​នារីអន្តរជាតិមកដល់ សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្ម​ខ្មែរ នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ បានអះអាងថា កង​កម្លាំងអាជ្ញាធរ និងជនស៊ីវិល បានប្រើ​អំពើ​ហិង្សាទៅលើ​កូដករ និង​បៀត​បៀន​កេរ្តិ៍​ខ្មាសកូដរ​ជា​ស្ត្រី​ថែម​ទៀត​ផង។ ក្នុងចំណោម​អ្នក​តវ៉ាប្រមាណ១៨០នាក់ ដែលត្រូវបាន​ចាប់​ខ្លួន​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក គឺមាន​ស្ត្រីចំនួន១៥៥នាក់។ ពួកគេបានចេញតវ៉ាជាថ្មីទៀត​ កាលពីថ្ងៃទី៧​មីនា ជំរុញឲ្យ​ថៅកែ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​​ចេញមុខ​ដោះស្រាយ​វិវាទការងារជាមួយបុគ្គលិក​ដែល​ត្រូវបាន​បញ្ឈប់ពីការងារ។ ប៉ុន្តែ​គេឃើញមានតែ​កម្លាំងអាជ្ញាធរ មន្ត្រីក្រសួងការងារ និង​មន្ត្រីសុខាភិបាលប៉ុណ្ណោះដែលចេញមុខ​រារាំងការតវ៉ានេះ។ នេះបើតាម​ការបញ្ជាក់នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សហជីព។

ឆ្លើយបត​នឹង​ការ​លើកឡើងនេះ ពីខាង​សាលារាជធានីភ្នំពេញ បានអះអាងថា ការ​ដែល​ក្រុម​បាតុករ​ចេញ​មុខ​តវ៉ាជាថ្មីទៀតនេះគឺដោយសារតែមានអ្នក​នៅពីក្រោយ​រៀប​ចំសេណារីយូរួចជាស្រេច ​ដើម្បី​ផ្តិត​យក​រូប​ពី​ការ​ចាត់​វិធានការ​របស់​សមត្ថកិច្ច។ បើតាម​អាជ្ញាធររាជធានី គឺក្រុម​នេះបាន​ឆក់​ឱកាស​យក​ថ្ងៃ​សិទ្ធិនារី ដើម្បី​យក​រូបភាព​អវិជ្ជមានពីការអនុវត្តន៍វិធានសុខាភិបាល និង​ការរៀបចំ​សណ្តាប់​ធ្នាប់​សង្គម។

ទោះជាយ៉ាងណា បើតាមសហជីព ក្រុមកូដរកទាំងអស់​គឺត្រូវបាន​កង​កម្លាំង​យកទៅ​ទុកចោល​នៅកន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុងខណ្ឌព្រែកព្នៅ​ ដែលជារូបភាពបិទសិទ្ធិសេរីភាពបុគ្គលិក​ កម្មករ​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​កូដកម្ម​ដើម្បី​សិទ្ធិការងារ។ ក្រុមអ្នកតវ៉ា​នៅតែទទួចឲ្យ​ថៅកែក្រុមហ៊ុន​ល្បែងស៊ីសង ​ណាហ្គាវើលដ៍​ចេញ​មុខ​មកដោះស្រាយជាមួយពួកគេ ហើយ​ដោះលែងតំណាងពួកគេដែលត្រូវបានចាប់​ខ្លួន។ ប៉ុន្តែ​អាជ្ញាធរ​រាជធានីភ្នំពេញ បានអំពាវនាវ​ឲ្យ​អ្នកតវ៉ាឈប់ជឿតាមការ​អូសទាញពីអ្នកនៅពីក្រោយ និង​បញ្ឈប់​ការ​ប្រមូលផ្តុំ ដោយ​ងាក​មក​សហការជាមួយអាជ្ញាធរដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ១៩ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ