អានតួអត្ថបទ
កម្ពុជា-សង្គម

លោកស ខេង នឹងដឹកនាំប្រជុំករណីវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ តែមិនមែនជាការសម្រេច

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅរសៀលថ្ងៃទី០៩ មីនា ​នឹងដឹកនាំកិច្ចប្រជុំពិភាក្សាជុំវិញបញ្ហាវិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ កិច្ចប្រជុំដែលនឹងរៀបចំឡើងនៅសាលាក្រុងភ្នំពេញ នឹងមានការចូលរួមពីភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យមើលអំពីបញ្ហាវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជិត៣ខែកន្លងមកនេះ។ ក៏ប៉ុន្តែ លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា កិច្ចប្រជុំផ្ទៃក្នុងនេះ គឺគ្រាន់តែ ពិនិត្យ​និងស្តាប់មើលរបាយការណ៍បឋមប៉ុណ្ណោះ ដោយមិនទាន់ពិភាក្សាស្វែងរកដំណោះស្រាយនោះទេ។ 

ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ © The Cambodia Daily Khmer
ផ្សាយពាណិជ្ជកម្ម

ថ្លែងបញ្ជាក់មកកាន់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី០៩ មីនា លោកខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា កិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធនានា គឺគ្រាន់តែពិនិត្យមើល និងស្តាប់នូវរបាយការណ៍បឋមជុំវិញ បញ្ហាវិវាទការងាររវាងក្រុមហ៊ុន និងបុគ្គលិកប៉ុណ្ណោះ ដោយមិនទាន់មានកិច្ចប្រជុំដោះស្រាយលើបញ្ហានេះនៅឡើយទេ។

ការស្តាប់នូវរបាយការណ៍ជាបឋមនេះ លោកខៀវ សុភ័ក្ត្រ លើកថា ក៏ព្រោះតែក្រសួងមហាផ្ទៃនៅមិនទាន់បានជ្រាបអំពីកិច្ចការងារដែលក្រសួងពាក់ព័ន្ធបានដោះស្រាយនៅឡើយ។ ដូច្នេះ​ជាជំហានដំបូងនៃកិច្ចប្រជុំ គឺដើម្បីប្រមូលព័ត៌មាន និងស្តាប់អំពីរបាយការណ៍របស់រដ្ឋមន្ត្រីពាក់ព័ន្ធនានា។

តែយ៉ាងណា​ អ្នកនាំពាក្យរូបនេះ​នៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ អំពីលទ្ធផលដែលនឹងអាចសម្រេចបានក្រោយកិច្ចប្រជុំផ្ទៃក្នុងរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធទាំងអស់។

បើតាម លោក ខៀវ សុភ័ក្ត្រ ជំហររបស់លោក ស ខេង នៅតែចង់ឱ្យបញ្ហានេះ​ត្រូវដោះស្រាយដោយសន្តិវិធី ពោលគឺចូលតុចរចារដើម្បីបិទបញ្ចប់វិវាទការងារនេះឱ្យបានឆាប់។  

ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង ក៏ធ្លាប់បានអំពាវនាវឱ្យមានអាជ្ញាធរ ក្រសួងពាក់ព័ន្ធទាំងអស់ ពន្លឿនការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ដើម្បីបង្កាកុំឱ្យរីករាលដាលកាន់តែធំ និងរុំារៃ។

ដោយឡែក កិច្ចប្រជុំផ្ទៃក្នុង ដែលនឹងរៀបចំនៅសាលាក្រុងភ្នំពេញនារសៀលម៉ោង១ថ្ងៃនេះ  គឺមានសមាមាត្រចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ហ៊ុនហេង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិន សំហេង អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ និងអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន។

គួរឱ្យកត់សម្គាល់ដែរថា ការបើកកិច្ចប្រជុំនេះ ធ្វើឡើងក្រោយ អាជ្ញាធរបានចាប់ខ្លួនកូដករចំនួន ១៨០នាក់ កាលពីថ្ងៃទី០៧ មីនា ដោយចាប់ដាក់ឡានដើម្បីដឹកយកទៅដាក់កន្លែងធ្វើចត្តាឡីស័កនៅក្នុងខណ្ឌព្រែកព្នៅឡើងវិញ បន្ទាប់ពីពួកគេបានចេញមកធ្វើកូដកម្មសារជាថ្មី ដើម្បីទាមទារដំណោះស្រាយពីថៅកែក្រុមហ៊ុន។ ការចាប់ខ្លួនកូដករជាង២រយនាក់នេះ ធ្វើឡើងក្រោមហេតុផលថា កូដករទាំងអស់នោះបានបំពានវិធានការសុខភិបាល។

ដោយកាលពីថ្ងៃទី០៨ មីនា រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្រុមកូដករចំនួន១៨០ខាងដើម មានចេតនាពុំចូលរួមអនុវត្តវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលនឹងអាចនាំឱ្យមានហានិភ័យចំពោះសុខភាពសាធារណៈ ដោយបង្កការឆ្លងរាលដាលទៅអ្នកដទៃ ញាតិមិត្ត ក្រុមគ្រួសារ និងសហគមន៍។ បន្ថែមពីនេះ​អាជ្ញាធរក៏បានព្រមានចាត់វិធានការតាមផ្លូវដោយពិន័យអន្តរការណ៍ជាប្រាក់ពី១ ០០០ ០០០រៀល ទៅ៥ ០០០ ០០០រៀល ហើយក្នុងករណីមិនរាងចាល នឹងពិន័យទ្វេដង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ