អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង ប្រកាសបញ្ចប់ឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់

នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ខេត្តព្រះសីហនុកាលពីថ្ងៃពុធម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រុញឲ្យអាជ្ញាធរខេត្តឆ្នេរសមុទ្រមួយនេះ បញ្ចប់ឲ្យបានជាអតិប្បរមានូវបទល្មើសឧក្រិដ្ឋនានា ឲ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ការថ្លែងរបស់លោក ស ខេង ដូច្នេះ គឺបន្ទាប់ពីលោកទទួលបានរបាយការណ៍ពីស្នងការប៉ូលីសខេត្តព្រះសីហនុ ដែលបង្ហាញពីបទល្មើសសាហាវៗកន្លងមក។  លោកថារូបភាពសាហាវឃោរឃៅនៅខេត្តព្រះសីហនុ វានឹងប៉ះពាល់ដល់កេរឈ្មោះកម្ពុជាទាំងមូល នៅពេលដែលមានការផ្សព្វផ្សាយនៅទូទាំងពិភពលោក។ 

លោកឧបនាយករដ្ឋមន្ត្រី ស ខេង
លោកឧបនាយករដ្ឋមន្ត្រី ស ខេង © FB
ផ្សាយពាណិជ្ជកម្ម
01:20

សូមស្តាប់ប្រសាសន៍ លោក ស ខេង៖

សូមរំលឹកថាខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមានការវិនិយោគពីសំណាក់អ្នកជំនួញចិនកាលពីឆ្នាំ២០១៨កន្លងទៅ ដោយមានលំហូរជនជាតិចិនគ្រប់ប្រភេទរាប់ម៉ឺននាក់ចូលមកកម្ពុជា។ រហូតមកទល់បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ មានការប្រែប្រួលយ៉ាងខ្លាំង។ ក៏ប៉ុន្តែអំឡុងពេលនៃការអភិវឌ្ឍន៍ខេត្តមាត់សមុទ្រនេះ បទល្មើសគ្រប់ប្រភេទ ដែលបង្កឡើងដោយជនជាតិចិន ក៏កើតមានច្រើនសន្ធឹកសន្ធាប់ដែរ រហូតដល់អាជ្ញាធរខ្មែរ សុំជំនួយសហការពីក្រសួងសន្តិសុខចិនទៀតផង។ សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២១កន្លងទៅ អាជ្ញាធរខេត្តមិនបានបញ្ចេញចំនួនបទល្មើសជាក់លាក់ប៉ុន្មាននោះទេ ក៏ប៉ុន្តែបានបង្ហាញពីការថយចុះ ដោយបទល្មើសព្រហ្មទណ្ឌថយចុះ២៤% បទល្មើសឧក្រិដ្ឋថយចុះ៥២% បទល្មើសមជ្ឈិមថយចុះ១៨% បទល្មើសគ្រឿងញៀនថយចុះ១៧% បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទថយចុះ ៤៨%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ