អានតួអត្ថបទ
កម្ពុជា-សង្គម

សំណុំរឿងណាហ្គាវើលដ៏៖កូដករមួយចំនួនរក្សាជំហរមិនទទួលសំណងបញ្ចប់វិវាទឡើយ

ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅថ្ងៃទី១០​មីនាម្សិលមិញ ​បានអះអាង​តាមរយៈសេចក្ដី​ជូនដំណឹងថា ​អតីតបុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៏ ​ជាបន្តបន្ទាប់​បានយល់​ព្រម​ទទួលយកការ​ទូទាត់ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យាជាមួយក្រុមហ៊ុន ​គិតមកដល់ថ្ងៃទី៩មីនានេះ។ ​ក្នុងនោះ​អតីតបុគ្គលិក​ចំនួន១៤៧នាក់​ ក្នុង​ចំណោម៣៧៣ ​ទទួល​យកការ​ទូទាត់សំណង ​ដោយនៅ​សល់តែ២២៦​ប៉ុណ្ណោះមិន​ព្រមទទួលយក។​  តែយ៉ាងណាមិញ​កូដករម្នាក់​ក្នុងចំណោមកូដករ​ឯទៀត ​ដែលចេញ​ធ្វើសកម្មភាព​តវ៉ារាល់ថ្ងៃអះអាងថា ​ រូបគេមិន​ទទួលលុយបញ្ចប់រឿងទេ​ ពោលគឺនៅរក្សា​ជំហរដូចដើម​ឲ្យអាជ្ញាធរ​ដោះលែង​តំណាង​ដែលកំពុងជាប់ឃុំ ​និងទទួល​យកពួកគេ​ចូលធ្វើការវិញ។​

បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏កំពុងធ្វើកូដកម្ម
បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៏កំពុងធ្វើកូដកម្ម © FB
ផ្សាយពាណិជ្ជកម្ម

កូដករម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១១មីនានេះថា  ការអះអាងរបស់ក្រសួងការងារគ្រាន់តែជារូបភាពមួយឲ្យសាធារណៈជនមើលមកថា សំណុំរឿងរបស់ក្រុមហ៊ុនណាហ្គាវើលដ៏មានដំណោះស្រាយយ៉ាងល្អដោយគ្រាន់តែទទួលសំណងបញ្ចប់រឿងជាការស្រេច។ កូដរូបនេះបន្ថែមទៀតថា សម្រាប់កូដករដែលយល់ព្រមទទួលសំណងបញ្ចប់រឿងធ្វើឡើងទាំងចិត្តមិនចង់ព្រោះដោយសារពួ​កគេមានតម្រូវការផ្នែកហិរញ្ញវត្ថុបន្ទាន់ប៉ុណ្ណោះ។

កូដករដដែលបានរិះគន់ភាគីពាក់ព័ន្ធថា ដោះស្រាយវិវាទសំណុំរឿងបុគ្គលិកណាហ្គាវើលដ៏អេសមិនចំរមាស់។ អ្វីដែលពួកគេចង់បានគឺ មិនទទួលលុយបញ្ចប់រឿងឡើយ ពោលគឺនៅរក្សាជំហរដូចដើមឲ្យអាជ្ញាធរដោះលែងតំណាងដែលកំពុងជាប់ឃុំសរុបចំនួន១១នាក់ ទទួលពួកគេចូលធ្វើការវិញ ហើយនៅតែទទួចឲ្យថៅកែក្រុមហ៊ុនល្បែងស៊ីសង ណាហ្គាវើលដ៍ចេញមុខមកដោះស្រាយជាមួយពួកគេ។ ក្រៅពីបង្ហាញជំហរដាច់ណាត់មិនទទួលយកសំណង់បញ្ចប់រឿងកូដករដដែលប្រាប់ថា ពួកគេនៅតែបន្តធ្វើបាតុកម្មរហូតទាល់តែមានដំណោះស្រាយសមរម្យ​ ទោះជាត្រូវប្រឈមនឹងការបង្ក្រាបយ៉ាងណាក៏ដោយ។

ក្រសួងការងារតាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១០មីនា បានអំពាវនាវដល់អតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏បញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ហើយក្រសួងនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយរាល់កង្វល់នានារបស់ក្រុមអ្នកតវ៉ា និងត្រូវគិតផងដែរដល់សិទ្ធិស្របច្បាប់របស់អ្នកវិនិយោគគិន។ ទោះជាក្រសួងការងារនិងអាជ្ញាធររាធានីភ្នំពេញបង្ហាញជំហរដោះស្រាយបែបណា ក៏កូដករនៅតែយល់ថា ជំហររបស់ក្រសួងនិងអាជ្ញាធរក្រុងឈរខាងក្រុមហ៊ុនជាងឈរនៅជាមួយពួកគេ។

ពីខាងសាលារាជធានីភ្នំពេញធ្លាប់ បានអះអាងថា ការដែលក្រុមបាតុករចេញមុខតវ៉ាជាថ្មីទៀតនេះគឺដោយសារតែមានអ្នកនៅពីក្រោយរៀបចំសេណារីយូរួចជាស្រេច ដើម្បីផ្តិតយករូបពីការចាត់វិធានការរបស់សមត្ថកិច្ច។

គិតមកដល់ថ្ងៃទី១១ខែមីនានេះ សំណុំរឿងណាហ្គាវើលដ៏អូសបន្លាយជិតបីខែមកហើយ ដោយផ្ទុះឡើងដំបូងនៅអំឡុងពាក់ខែធ្នូឆ្នាំ២០២១។ ព្រោះតែភាពអូសបន្លាយនៃសំណុំរឿងនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ក៏បានលូកដៃចូលរួមដោះស្រាយកាលពីថ្ងៃទី៩ខែមីនា។  ក៏ប៉ុន្តែ លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា កិច្ចប្រជុំផ្ទៃក្នុងនេះ គឺគ្រាន់តែ ពិនិត្យ​និងស្តាប់មើលរបាយការណ៍បឋមប៉ុណ្ណោះ ដោយមិនទាន់ពិភាក្សាស្វែងរកដំណោះស្រាយនោះទេ។ កូដករហាក់ដូចជាមានជំនឿចិត្តលើយន្តការដោះស្រាយរបស់ក្រសួងមហាផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ