អានតួអត្ថបទ
កម្ពុជា-ថៃ

កាសែតថៃ៖ ស្ត្រីថៃមួយរូបបានគេចខ្លួនរួច​ពីការប៉ុនប៉ងយកសរីរាង្គ​ដោយជនជាតិចិន​នៅកម្ពុជា

កាសែតអនឡាញថៃ​បានចុះផ្សាយថា ស្ត្រីជនជាតិថៃមួយរូបដែល​ត្រូវបាន​គេល្បួងមកធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ ប្រុងនឹងក្លាយជាជនរងគ្រោះដោយសារការវះយកសរីរាង្គ ដោយក្រុមបងតូចបងធំជាជនជាតិចិន ប៉ុន្តែ​នាងត្រូវបានរត់គេចខ្លួនដោយ​ត្រដាបត្រដួស។ បើតាម​ប្រភពជាមន្ត្រីនគរបាលជាតិថៃ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងត្រួតពិនិត្យឃើញថា ជនជាតិចិននៅកម្ពុជាទាំងនោះ បានគ្រោងចាប់ជនរងគ្រោះប្រមាញ់យកសរីរាង្គ សម្រាប់​លក់នៅក្នុងទីផ្សារងងឹត។

ស្ត្រីថៃមួយរូបបានគេចខ្លួនរួចពីការប៉ុនប៉ងយកសរីរាង្គដោយជនជាតិចិននៅកម្ពុជា។
ស្ត្រីថៃមួយរូបបានគេចខ្លួនរួចពីការប៉ុនប៉ងយកសរីរាង្គដោយជនជាតិចិននៅកម្ពុជា។ © Thai PBS
ផ្សាយពាណិជ្ជកម្ម

រដ្ឋលេខាធិកានៃនគរបាលជាតិ លោក Surachate Hakparn ​បានគូសបញ្ជាក់ប្រាប់កាសែតអនឡាញរដ្ឋថៃជាភាសាអង់គ្លេសឈ្មោះ Thai PBS World ថាជនរងគ្រោះពីការប៉ុនប៉ងយកសរីរាង្គដោយជនទុច្ចរិតជនជាតិចិនកំពុងស្នាក់នៅកម្ពុជា គឺជាស្ត្រីជនជាតិថៃមកពីទីក្រុងបាំងកក មានវ័យ២៥ឆ្នាំ។ បើតាមលោកមន្ត្រីនគរបាលថៃ នាងត្រូវបានគេល្បូងមកធ្វើការខុសច្បាប់ ក្នុងក្រុមហ៊ុនហៅទូរស័ព្ទមួយនៅក្នុង​ខេត្តព្រះសីហនុ ដែលដំណើរការដោយជនជាតិចិន។ នៅពេលនាងធ្វើដំណើរពីថៃដល់កំពង់ផែក្រុងព្រះសីហនុ នាងត្រូវបានប្រាប់ឱ្យទៅធ្វើការភ្លាម។ ពេលនាងមិនព្រម នាងក៏ត្រូវគេវាយដំឃុំខ្លួនទុកឱ្យស្រេកឃ្លាន ហើយប្រាប់ឱ្យទាក់ទងទៅគ្រួសារនាងនៅប្រទេសថៃដើម្បីជម្រិតទារយកប្រាក់ជាថ្នូរនឹងការដោះលែងនាង។

នៅក្នុងអំឡុងពេលនៃការឃុំ​ខ្លួននោះ នាងថានាង​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់ និងមានអ្នកបូមយកឈាមនាងដែរ។ ធ្ងន់ធ្ងរជាងនេះ​ នាងក៏បិះនឹងត្រូវគេវះយកសរីរាង្គរបស់នាងដែរ។ ក្រោយមក នាងបានស្វែងរកផ្លូវរតគេចខ្លួន​មកដល់​មន្ទីរពេទ្យក្រុងប៉ោយប៉ែត ព្រំដែនថៃ រហូតបាត់បង់ស្មារតី និងនាងក៏ត្រូវបានអាជ្ញាធរថៃនៅព្រំដែន​ជួយសង្គ្រោះ នៅថ្ងៃទីពុធទី​៩មិនា កន្លងទៅនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ Thai PBS World។ ​

គិតត្រឹមម៉ោងផ្សាយនេះ វិទ្យុបារាំងអន្តរជាតិមិនទាន់បានការបញ្ជាក់ពី​អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅឡើយទេ។

មកដល់ពេលនេះ មានជនជាតិថៃប្រមាណ ៣០០០នាក់ដែលធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមលោក​រដ្ឋលេខាធិកានៃនគរបាលជាតិ និងបន្ថែមថាប៉ូលីសថៃ និងស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ នឹងស្នើឱ្យមន្ត្រីសន្តិសុខកម្ពុជា ដោះស្រាយជាមួយក្រុមទុច្ចរិតនៅខេត្ត​ព្រះសីហនុនេះផងដែរ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រុញឱ្យអាជ្ញាធរខេត្តឆ្នេរសមុទ្រមួយនេះ បញ្ចប់ឲ្យបានជាអតិប្បរមានូវបទល្មើសឧក្រិដ្ឋនានា ឱ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។ ការថ្លែងរបស់លោក ស ខេង ដូច្នេះ គឺបន្ទាប់ពីលោកទទួលបានរបាយការណ៍ពីស្នងការប៉ូលីសខេត្តព្រះសីហនុ ដែលបង្ហាញពីបទល្មើសសាហាវៗកន្លងមក។  លោកថារូបភាពសាហាវឃោរឃៅនៅខេត្តព្រះសីហនុ វានឹងប៉ះពាល់ដល់កេរឈ្មោះកម្ពុជាទាំងមូល នៅពេលដែលមានការផ្សព្វផ្សាយនៅទូទាំងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ