អានតួអត្ថបទ
កម្ពុជា-សង្គម

សាលាក្រុង៖ អាជ្ញាធរមិនដែលគំរាមកំហែងអ្នកកាសែតយកព័ត៌មានវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលសូម្បីតែម្តង

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត​ មាសភក្ដី តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​១៣មីនានេះ បានច្រានចោលការលើកឡើងរបស់​សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) ដែលថាមានអ្នក​កាសែត៣រូប​រងការយាយី​ពីសំណាក់​អាជ្ញាធរក្រុងភ្នំពេញ អំឡុងពេលនៃការយកព័ត៌មាន​វិវាទការងារ​របស់​​​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល។ មិនត្រឹមតែ​ករណីមួយ​នេះទេ តែអ្នកនាំពាក្យរូបនេះអះអាងថា កន្លងមកអាជ្ញាធរក្រុងមិនដែលបានយាយី ​និង​រារាំងដល់ការយកព័ត៌មានជុំវិញរឿងវិវាទការងារនេះឡើយ។

លោក ម៉េត មាសភក្ដី
លោក ម៉េត មាសភក្ដី © Internet
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបដិសេធចំពោះការផ្សព្វ​ផ្សាយព័ត៌មានរបស់សម័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) ដែលថាមានអាជ្ញាធរស្លៀកពាក់ស៊ីវិលធ្វើ​សកម្មភាពគំរាមកំហែងយាយី ដល់អ្នកសារព័ត៌មាន VOD ២រូប​ និងអ្នកសារព័ត៌មានពលរដ្ឋមួយរូបទៀតកាលពីថ្ងៃសុក្រទី​១១មីនា​នេះ។ លោកបន្តអះអាង​​ថា កន្លងមកអាជ្ញាធរក្រុងមិនដែលបានយាយី​និង​រារាំងដល់ការយកព័ត៌មានជុំវិញរឿងវិវាទការងារនេះម្តងណាឡើយ។

គួរជ្រាបថា នៅ​ថ្ងៃទី១១មីនា Camboja បានថ្កោលទោសចំពោះសកម្មភាពគំរាមគំហែងដោយកម្លាំងអាជ្ញាធរមកលើអ្នកសារព័ត៌មាន ខណៈពួកគេកំពុងយកព័ត៌មានអំពីការបន្តធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏។ បើតាម Camboja អ្នកសារព័ត៌មានស្រ្តីរបស់ VODថា កម្លាំងអាជ្ញាធរបានមកឃាត់នាង​ និងសហការី ដែលជាជនជាតិបរទេស មិនអោយថតរូប ដោយសួរនាំរកលិខិត ត្រូវបានបង្ខំឲ្យលុបរូបភាពចោលទាំងអស់។ នាងបន្តថា ក្នុងករណីមិនលុបទេនោះ​ កម្លាំងអាជ្ញាធរនឹងនាំយកនាងទៅប៉ុស្ដ៍ប៉ូលីស។

ប៉ុន្តែបើតាមលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ចាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យ ទី១៣ មីនា មិនមានរឿងពិតដូចការថ្កោលទោសរបស់សមាគមសារព័ត៌មាន (CamboJa)នេះឡើយ។ ជារឿងមិនពិតដូចការចោទប្រកាន់នោះ គឺបើតាមការរាយការណ៍របស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ អ្នកកាសែតនោះ​ បានចូលទៅក្នុងក្រុមបាតុករ នៅពេលដែលសមត្ថកិច្ចកំពុងអនុវត្តតួនាទី​ និងភារកិច្ចរបស់ខ្លួននៅទីតាំង​ ​ ធ្វើឲ្យ​សមត្ថកិច្ចស្មានថាពួកគាត់ជាក្រុមបាតុករ​ ដែល​​តម្រូវ​អោយឡើងរថយន្តដើម្បីទៅធ្វើចត្តាឡីស័ក​។ បន្ទាប់ពីសួរនាំ អ្នកសារព័ត៌មាននោះ មិនបានតម្រូវអោយឡើងរថយន្តដើម្បីធ្វើចត្តាឡីស័កនោះទេ។

បន្ថែមពីនេះ​ ​មិនមានសកម្មភាពសមត្ថកិច្ច​គំរាមកំហែង​អោយលុបរូបភាព ដូចការចោទប្រកាន់នោះទេ។ ដូច្នេះ លោកបានលើកឡើងថា ករណីនេះ​មិនអាចចោទ​ប្រកាន់​សមត្ថកិច្ច ថាបាន​គំរាម​កំហែង​ ឬធ្វើទុក្ខ​បុក​ម្នេញ​ដល់អ្នកកាសែតនោះដែរ។

សូមបញ្ចាក់ផងដែរថា តាមរបាយការណ៍​ប្រចាំឆ្នាំ២០២១ ស្តីពី​ការ​ប្រឈម​របស់​អ្នកសារពត័មាន​ឯករាជ្យ​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ CCIM នៅ​ថ្ងៃ​ទី​១០ ខែ​មីនា បង្ហាញ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុងឆ្នាំ២០២១កាន់​តែ​អាក្រក់​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០២០​។ ​​អាក្រក់ព្រោះថា ​អ្នក​សារព័ត៌មាន​ឯករាជ្យខ្លះនៅតែជួប​បញ្ហា​ប្រឈមសម្ពាធ​​នយោបាយ​ ការ​ដាក់​គំនាប​​របស់​រដ្ឋាភិបាល​ និង​បញ្ហា​ផ្លូវ​ច្បាប់​​ជាដើម​​។ តែយ៉ាងណាមិញ ក្រសួងព័ត៌មានបានច្រានចោល​ចំពោះរបាយការណ៍សិក្សានេះ ដោយបានអះអាងថាមិនបានធ្វើការផ្ទៀងផ្ទាត់និងធ្វើការសិក្សាលម្អិតច្បាស់លាស់ទៅតាមករណីនីមួយៗ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ