អានតួអត្ថបទ
កម្ពុជា-សង្គម

ជប៉ុននិងបារាំងរម្លឹកពីខួប៣០ឆ្នាំនៃការបញ្ជូនកងទ័ពមួកខៀវមកកម្ពុជា ខណៈនាវាយោធាជប៉ុន២គ្រឿង ត្រូវបានទទួលយ៉ាងអធិកអធម

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅរសៀល​ថ្ងៃអង្គារនេះ​ នឹងរៀប​ចំពិធី​សំណេះសំណាល​ និង​ជប់លៀងឲ្យ​កងទ័ពជើង​ទឹក​ជប៉ុនជិត២០០នាក់​ នៅខេត្ត​ព្រះសីហនុ ​ខណៈរដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់​ បានធ្វើពិធី​ទទួល​នាពេលព្រឹក។​ ការប្រារព្ធ​ពិធីទទួលកង​នាវាស្វ័យការពារ​ជប៉ុន​ចំនួន​២គ្រឿង​នៅពេលនេះ​ គឺធ្វើឡើង​ដើម្បីរំលឹក​ខួបលើក​ទី៣០​ នៃកិច្ច​សហប្រតិបត្តិការ​រក្សាសន្តិភាព​របស់កងទ័ព​ជប៉ុន​នៅកម្ពុជា​តាមរយៈអាជ្ញាធរ​បណ្តោះអាសន្ន​នៃអង្គការ​សហប្រជាជាតិ​នៅកម្ពុជា​(UNTAC)។​ នៅថ្ងៃនេះដែរ​ស្ថានទូត​បារាំង​ប្រចាំកម្ពុជា​ក៏បានចេញ​សាររំលឹក​ពីខួប៣០​ឆ្នាំនៃកងទ័ព​មួយខៀវ​របស់ខ្លួន​ផងដែរ។​

ពិធីសំណេះសំណាល និងជប់លៀងឲ្យកងទ័ពជើងទឹកជប៉ុនជិត២០០នាក់ នៅខេត្តព្រះសីហនុ
ពិធីសំណេះសំណាល និងជប់លៀងឲ្យកងទ័ពជើងទឹកជប៉ុនជិត២០០នាក់ នៅខេត្តព្រះសីហនុ © FB/SMP
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខកងទ័ពជើងទឹកកម្ពុជា និងជប៉ុន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថាវត្តមានរបស់នាវាកងស្វ័យការពារជើងទឹកទាំង២គ្រឿង ដែលមានឈ្មោះថា JS URAGA និង JS HIRADO គឺជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាងកងទ័ពនៃប្រទេសទាំងពីរ ខណៈដែលកងទ័ពជប៉ុនបានចេញធ្វើប្រតិបត្តិការរក្សាសន្តិភាពដំបូងនៅកម្ពុជា តាមរយៈអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា ឬអ៊ុនតាក់ កាលពី៣០ឆ្នាំមុន។

ទោះយ៉ាងណា លោក ទៀ បាញ់ បានថ្លែងនូវភាសាត្រង់ទៅត្រង់មកថា បេសកកម្មរបស់កងរក្សាសន្តិភាពអ៊ុនតាក់ នៅកម្ពុជាកាលពី៣០ឆ្នាំមុន គឺជាការជួយបានមួយជំហានក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ លោកថា គឺជាលទ្ធផលមួយផ្នែក មិនទាន់បានពេញលេញនៅឡើយទេ ដោយកម្ពុជាពេលនោះនៅសល់តំបន់ត្រួតត្រាពីភាគីខ្មែរនានា និងការប្រយុទ្ធបែងចែកតំបន់គ្នាគ្រប់គ្រង ទោះជាមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ រួចហើយក៏ដោយ ដែលរៀបចំឡើងដោយអ៊ុនតាក់។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បញ្ជាក់ថាធាតុពិតនៃប្រវត្តិសាស្ត្រកម្ពុជាគឺទើបតែមានរយៈកាលជាង២០ឆ្នាំចុងក្រោយទេ ដែលកម្ពុជាបានបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន។

នៅថ្ងៃនេះដែរស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានបង្ហោះសាររំលឹកពីបេសកកម្មកងទ័ពមួកខៀវបារាំងនៅកម្ពុជាកាលពី៣០ឆ្នាំមុនដែរ។ ទាហានបារាំងចំនួន ១៤០០នាក់ ត្រូវបានបញ្ជូនមកកម្ពុជាដើម្បីថែរក្សាសន្តិភាព និងបណ្តុះបណ្តាលលើជំនាញដោះមីន គឺជាកម្លាំងទ័ពមួកខៀវដ៏ច្រើនទី២ បន្ទាប់ពីឥណ្ឌូនេស៊ី ខណៈដែលបារាំងបានដើរតួនាទីសំខាន់ទាំងលើទិដ្ឋភាពយោធា និងការទូតក្នុងបេសកកម្មមិនធ្លាប់មានកាលសម័យនោះ។  

សូមរំលឹកថា អំឡុងឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ មានកងយោធាសរុបចំនួន ១៥ ៩០០នាក់ មកពី៤៧ប្រទេស បានមកបំពេញការងាររក្សាសន្តិភាពដ៏ធំធេងនៅកម្ពុជា ក្នុងនោះមានកងកម្លាំងរបស់ជប៉ុន២នាក់បានទទួលមរណភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ