អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកឃ្លាំមើល៖ការផ្តិតមេដៃសុំនៅក្រៅឃុំរបស់តំណាងសហជីពអាចស្ថិតក្រោមសម្ពាធណាមួយ

ក្រុមមន្ត្រី​សិទ្ធិមនុស្ស​បានស្វាគមន៍​ការដោះលែង​ឲ្យនៅក្រៅឃុំ​របស់​តំណាង​សហជីព​ដែល​ចេញមុខ​តវ៉ា​នៅក្រុម​ហ៊ុនណាហ្គាវើលដ៍​កាលពី​យប់មិញនេះ។​ ប៉ុន្តែពួកគេ​ហាក់មាន​មន្ទិលថា ការ​ផ្តិតមេដៃ​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​ទាំងនោះ ​អាចធ្វើឡើង​ដោយសារ​តែមាន​សម្ពាធ​ណាមួយ។​ ប្រតិកម្ម​យ៉ាងដូច្នេះ​ គឺបន្ទាប់​ពីតំណាង​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ចំនួន៨រូប​ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​ ខណៈ​សមាជិក​៣រូបទៀត​ នៅបន្ត​ឃុំខ្លួនពាក់ព័ន្ធ​នឹងវិធាន​ច្បាប់កូវីដ១៩។​

ការផ្តិតមេដៃសុំនៅក្រៅឃុំរបស់តំណាងសហជីព (រូបតំណាង)
ការផ្តិតមេដៃសុំនៅក្រៅឃុំរបស់តំណាងសហជីព (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

លោក មឿន តុលា នាយកអង្គការ​សង់ត្រាល់ ដែលធ្វើការផ្តោតលើ​សិទ្ធិការងារ កត់សំគាល់ថា ខ្លឹមសារ​នៃ​លិខិត​ដែល​ផ្តិត​មេដៃដែលសរសេរដោយ​កុំព្យូទ័រ សុំនៅក្រៅឃុំរបស់​តំណាងសហជីពទាំងនោះ គឺមានមន្ទិល​ជាច្រើន ពីព្រោះនៅក្នុង​ឃុំ​ពន្ធនាគារ ​គឺមិនត្រូវបានអនុញ្ញាតឲ្យយកកុំព្យូទ័រចូលឡើយ។ ម្យ៉ាងទៀត​លោក​យល់ថា ខ្លឹមសារ​នៃលិខិតនោះ គឺប្រើភាសារ​ដូចជាភាសា​ដែលអាជ្ញាធរ​បានប្រើ​កន្លងមក ​ដែល​ថា ជាការតវ៉ា​ខុសច្បាប់ ធ្វើឲ្យប៉ះពាល់សណ្តាប់សាធារណៈ ជាដើម។

ទោះជាយ៉ាងណា លោក មឿន តុលា អះអាងថា លោកគោរពនូវការ​សម្រេច​ចិត្តរបស់​តំណាង​សហជីពទាំងនោះ បើទោះបីជាការសម្រេចចិត្ត​របស់ពួកគេនៅពេលនេះ ​ស្ថិតក្រោម​សម្ពាធ ឬមិនឆ្លុះបញ្ចាំងពីឆន្ទៈសេរីក៏ដោយ។

ចំណែក លោក ​អំ សំអាត នាយករងអង្គការសិទ្ធិមនុស្ស លីកាដូ យល់ថា ទោះបីជាតំណាងសហជីពទាំងនោះ ស្ថិត​នៅក្រៅឃុំ​បណ្តោះអាសន្ន ក៏មិនមានន័យថា ពួកគេមានសេរីភាពពេញនោះដែរ។ ហើយថា​ការ​ចរចា​រក​ដំណោះ​ស្រាយ​វិវាទការងារក៏មិនមានភាពស្មើគ្នាទេ ប្រសិនបើ​សកម្មជនសហជីពនៅមិ​ន​មាន​សេរីភាពពេញលេញគ្រប់គ្នា។

សូមបញ្ជាក់ថា តំណាងសហជីព​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ចំនួន៨រូប ត្រូវបានដោះលែងឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ននៅយប់ថ្ងៃទី១៤មីនា ក្នុងនោះមានម្នាក់មានសុខភាពមិនល្អ ត្រូវសម្រាកនៅមន្ទីរពេទ្យ។ ចំណែក​សកម្មជន៣នាក់ទៀត ដែលត្រូវបានចាប់ឃុំខ្លួននៅពេលចេញមុខ​ទាមទារឲ្យដោះលែង​តំណាងសហជីពទាំង៨រូបខាងលើ គឺនៅបន្តឃុំខ្លួនក្រោម​ការចោទប្រកាន់ពាក់ព័ន្ធនឹងការ​ល្មើសវិធានច្បាប់កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ