អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងនឹងបើកកិច្ចប្រជុំជាថ្មីទៀតនៅរសៀលនេះដើម្បីដោះស្រាយវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍

ក្រសួងការងារ​គ្រោង​ធ្វើ​ការ​សម្រប​សម្រួលជាថ្មីទៀត​នៅរសៀល​ថ្ងៃពុធនេះ ដើម្បីដោះស្រាយវិវាទ​ការងារនៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍។ ជាមួយគ្នានេះ​ ក្រសួងក៏អំពាវនាវឲ្យ​អតីតបុគ្គលិក និង​បុគ្គលិក​ក្រុម​ហ៊ុន​​កាស៊ីណូមួយនេះ​បញ្ឈប់​ការ​ប្រមូល​ផ្តុំ​ដែលបំពាននឹងបំរាមកូវីដ១៩។ បើពុំដូច្នេះទេ ក្រសួងព្រមានថា​ ពួកគេ​ប្រឈមមុខ​នឹងការ​បណ្តេញចេញពីការងារ និងប្រឈមការ​បាត់​បង់​នូវ​ប្រាក់​អត្ថប្រយោជន៍ទៀតផង។

អគារកាស៊ីណូ ណាហ្គាវើលដ៍
អគារកាស៊ីណូ ណាហ្គាវើលដ៍ © NagaWorld
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ក្រសួងការងារ​ បានអះអាងថា កន្លង​មក​ ខ្លួនបាន​និង​កំពុង​ធ្វើ​ការ​ដោយ​ចេះ​នឿយ​ហត់​ ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ រវាង​បុគ្គលិក និងក្រុម​ហ៊ុនណាហ្គា​វើលដ៍។ វិវាទការងាររាប់ខែមកនេះ គឺកើតឡើង​បន្ទាប់ពីក្រុម​ហ៊ុន​កាស៊ីណូដ៏ធំមួយនេះ​បញ្ឈប់​បុគ្គលិក​ពីការងារ​២៥% ឬស្មើនឹងជាង១០០០នាក់ នៅក្រោម​ហេតុ​ផលកូវីដ១៩។

ប៉ុន្តែការ​បញ្ឈប់​បុគ្គលិកពីការងារនេះ​ត្រូវបាន​សហជីព​លើកឡើងថា ជាចេតនា​រើសអើង​សមាជិកសហជីព ដែលនាំឲ្យ​ពួកគេ៣៧៣នាក់​ជំទាស់នឹងការបញ្ឈប់នេះ ហើយនៅទីបំផុត​សម្រេចចិត្ត​កូដកម្ម។ មកដល់​ពេលនេះ ក្រោយ​ពីការចាប់​ខ្លួន​តំណាងសហជីព និងដោះលែងឲ្យ​នៅក្រៅឃុំវិញចំនួន៨នាក់​នៅថ្ងៃទី១៤​មីនា ក្រសួងការងារអះអាងថា គឺសល់​អតីតបុគ្គលិកតែចំនួន២២០នាក់​ប៉ុណ្ណោះ​ ដែលមិន​ព្រម​ទទួល​យក​សំណង​​ជាថ្នូរនឹងការ​បញ្ឈប់ពីការងារនេះ។

ខណៈដែលក្រសួងការងារ​ត្រូវ​កោះប្រជុំ​សាជាថ្មីម្តងទៀតនៅរសៀល​ថ្ងៃពុធ រវាង​ភាគីវិវាទនោះ  ក្រសួងក៏អំពាវនាវឲ្យ​អតីតបុគ្គលិក និង​បុគ្គលិក​ក្រុម​ហ៊ុន​​កាស៊ីណូមួយនេះ​បញ្ឈប់​ការ​ប្រមូល​ផ្តុំ​ដែលបំពាននឹងបំរាមកូវីដ១៩។ បើពុំដូច្នេះទេ ក្រសួងព្រមានថា​ ពួកគេ​ប្រឈមមុខ​នឹងការ​បណ្តេញចេញពីការងារ និងប្រឈមការ​បាត់​បង់​នូវ​ប្រាក់​អត្ថប្រយោជន៍ទៀតផង។

បើតាម​ក្រសួងការងារ ចំពោះអតីតបុគ្គលិក​ចំនួន៣នាក់ទៀត​ដែលត្រូវបាន​ឃុំខ្លួន​ពាក់​ព័ន្ធ​នឹង​ល្មើស​បំរាម​កូវីដ១៩នោះ គឺក្រសួងយុត្តិធម៌នឹងអន្តរាគមន៍​ដោះលែង​តាម​នីតិវិធីច្បាប់ បន្ទាប់ពីតំណាងអតីតបុគ្គលិកក្រុម​ហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីយប់​ថ្ងៃទី១៤មីនា២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ