អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន៖ «សូមកុំភ័ន្តច្រលំថាប្រធានអាស៊ានមិនព្រមប្រជុំរវាងអាស៊ាន-អាមេរិក»

នៅក្នុង​ពិធីសម្ពោធ​ភូមិកុមារ​ SOS​ ក្នុង​ខេត្តព្រៃវែង​នាព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បានថ្លែង​ឲ្យដឹងថា​កម្ពុជា​ក្នុងនាម​ជាប្រធាន​អាស៊ានមានសិទ្ធិ​បញ្ចេញយោបល់​អំពីពេល​វេលាដើម្បី​មាន​កុងសង់ស៊ីស​ក្នុង​ចំណោម​អាស៊ាន ​តែគ្មាន​សិទ្ធិកំណត់​កាលបរិច្ឆេទ​នៃកិច្ចប្រជុំ​ពិសេស​អាស៊ាន-​អាមេរិកទេ។​ ការលើក​ឡើង​របស់​លោក ហ៊ុន សែន ​ដូច្នេះគឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបកស្រាយ ​និង​ការរិះគន់​មួយ​ចំនួន​ ដែលថាប្រធាន​អាស៊ាន​មិនចង់​ឲ្យមាន​កិច្ចប្រជុំ​អាស៊ាន-​អាមេរិក។​

អាស៊ាន-អាមេរិក
អាស៊ាន-អាមេរិក © សហការី
ផ្សាយពាណិជ្ជកម្ម

ដោយប្រាប់ឲ្យបណ្ឌិត និងសាស្ត្រាចារ្យដែលមិនយល់ទៅរៀនពីការងារអាស៊ានឡើងវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថារបៀបធ្វើការនៅក្នុងសហគមន៍ប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់ថាអាស៊ាន គឺការចាត់ឲ្យប្រទេសណាមួយទទួលខុសត្រូវក្នុងការសម្របសម្រួល ដូចជាពេលនេះ ប្រទេសឥណ្ឌូនេស៊ីជាអ្នកទទួលខុសត្រូវសម្របសម្រួលកាលបរិច្ឆេទនៃកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក។

ការបញ្ជាក់ទៅកាន់អ្នកវិភាគដូច្នេះ គឺក្រោយពេលកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលកំណត់ធ្វើនៅថ្ងៃទី២៨-២៩ ខែមីនានេះ ត្រូវបានលើកពេល ហើយការលើកពេលនេះត្រូវបានអ្នកវិភាគមួយចំនួនថាជាចេតនារបស់ប្រធានអាស៊ាន។ ចំណុចនេះ ត្រូវលោក ហ៊ុន សែន ពន្យល់ថាពេលអាមេរិកប្រកាសកាលបរិច្ឆេទកិច្ចប្រជុំថ្ងៃ២៨-២៩ មីនានេះ ឥណ្ឌូនេស៊ីមិនទាន់បានធ្វើការសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាននៅឡើយទេ។ ជាការពិតមានប្រទេស៤មិនអាចចូលរួមប្រជុំបាន នៅពេលឥណ្ឌូនេស៊ីចាប់ផ្តើមធ្វើការសម្របសម្រួល។

ទន្ទឹមគ្នានេះ ក៏មានប្រទេសអាស៊ាន១ចំនួនបានស្នើធ្វើកិច្ចប្រជុំនៅថ្ងៃទី២៦-២៧ ខែមីនានេះ តែអាមេរិកមិនអាចធ្វើទៅបានដោយជាប់រវល់ ដែលបញ្ហានេះបាននាំទៅរកជម្រើសសមស្របគឺការលើកពេលវេលាទៅថ្ងៃក្រោយ។ នេះបើតាមលោក ហ៊ុន សែន។

ជាការកត់សម្គាល់អំឡុងពេលដែលអាស៊ាន និងអាមេរិក កំពុងសម្របសម្រួលកំណត់ពេលវេលាជាក់លាក់ដើម្បីរៀបចំកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ប្រទេសកម្ពុជាក៏បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលសំដៅដល់ការបញ្ឈប់សង្គ្រាមឈ្លានពានជាបន្ទាន់ពីសំណាក់ប្រទេស   រុស្ស៊ីទៅលើអ៊ុយក្រែន និងបានចូលរួមក្នុងប្រទេសផ្តួចផ្តើមនៃសេចក្តីសម្រេច co-sponsors ទៀតផង។

ចំណុចនេះត្រូវបានអ្នកវិភាគមួយចំនួនលើកជាទឡ្ហីករណ៍ផងដែរ ថាជំហររបស់កម្ពុជាបានជាប់ពាក់ព័ន្ធទៅនឹងសារៈសំខាន់នៃកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅថ្ងៃខាងមុខ និងជាជំហរមួយដែលអាចទាញបានអត្ថប្រយោជន៍ពីប្រទេសលោកខាងលិចជាពិសេសសហគមន៍អឺរ៉ុប។

ខណៈដែលអ្នកពាក់ព័ន្ធនានាមើលឃើញថាកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនេះ មានសារៈសំខាន់ខ្លាំងសម្រាប់កម្ពុជា ខណៈដែលប្រទេសនេះធ្វើជាសហប្រធាននៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកឆ្នាំនេះ នឹងត្រូវធ្វើទៅបានជាក់លាក់នៅពេលណានៅឡើយ ដោយទុកលទ្ធភាពឲ្យឥណ្ឌូនេស៊ីធ្វើការ ដើម្បីស្វែងរកកុងសង់ស៊ីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ