អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាមេរិកកើនឡើងជាង៤២% នាដើមឆ្នាំ២០២២

ទំហំពាណិជ្ជកម្មទ្វេភាគី​កម្ពុជាអាមេរិក​ សម្រាប់​ខែដំបូង​នៃឆ្នាំ២០២២នេះ ​មានការកើនឡើង​ប្រមាណ៤២%។​ នេះបើតាម​របាយការណ៍ការិយាល័យ​ជំរឿនអាមេរិក​ ចេញផ្សាយ​នៅដើមខែមីនានេះ។ ​អ្នកជំនាញ​មើលឃើញថានេះ ​គឺជាសញ្ញា​ល្អនៃការ​អនុវត្តកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគីរវាងកម្ពុជា ​និង​សហរដ្ឋអាមេរិក។​

កំពង់ផែ​ស្វយ័ត
កំពង់ផែ​ស្វយ័ត © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍របស់ការិយាល័យជំរឿនអាមេរិកបានឲ្យដឹងថា ក្នុងខែមករា​ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាមេរិកមានទំហំ ៨៧៥.៥លានដុល្លារ ដែលបានកើនឡើងប្រមាណ ៤២.៤៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានទំហំត្រឹមតែ ៦១៤.៥លានដុល្លារ។

ទិន្នន័យរបស់ការិយាល័យជំរឿនអាមេរិកក៏បានឲ្យដឹងទៀតថា ការនាំទំនិញពីកម្ពុជាចូលទៅសហរដ្ឋអាមេរិកសម្រាប់ខែមករា ឆ្នាំ២០២២ គឺមានទំហំជាទឹកប្រាក់ ៨៤៧.៦លានដុល្លារ ដែលមានការកើនឡើងប្រមាណ ៤៥.៩៨% ធៀបនឹងខែមករា ឆ្នាំ២០២១កន្លងទៅ ដែលមានត្រឹមតែ ៥៨០.៦លានដុល្លារ។

ប៉ុន្តែការនាំចូលទំនិញពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ មានការធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នា ពោលគឺ កម្ពុជាបាននាំទំនិញពីអាមេរិកមកក្នុងទំហំជាទឹកប្រាក់ ២៧.៩លានដុល្លារ ដែលបានធ្លាក់ចុះប្រមាណ១៧.៦៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានទំហំ ៣៣.៩លានដុល្លារ។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​បានលើកឡើងថាការកើនឡើងនៃទំហំពាណិជ្ជកម្មនេះគឺជាសញ្ញាល្អនៃការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងកម្ពុជា និងអាមេរិក។ លោកបន្តថាកំណើននៃការកើនឡើងនេះគឺគួបផ្សំនឹងអស្ថិរភាពនយោបាយនៅតាមប្រទេសមួយចំនួន និងបញ្ហាកូវីដឆ្លងក្នុងរោងចក្រសហគ្រាសតាមប្រទេសទាំងនោះផង ទើបធ្វើឲ្យការការបញ្ជាទិញត្រូវបង្វែរមកប្រទេសកម្ពុជា។

លោក លឹម ហេង បន្តថាបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនក៏ជាផ្នែកមួយ ដែលនាំឲ្យរោងចក្រមួយចំនួនមកដំឡើងនៅកម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្រោមការអនុគ្រោះពន្ធ។

ទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក គឺជាទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប រួមនិងទំនិញកសិកម្មមួយចំនួនដែរ។

សូមជម្រាបជូនថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាមេរិក​ កាលពីឆ្នាំ២០២១ មានទំហំ ៩.១៥ពាន់លានដុល្លារ កើនឡើងប្រមាណ ៣២.៦១% ធៀបនឹងរយៈពេល១២ខែកាលពីឆ្នាំ២០២០ ដែលមានទំហំជាង ៦.៩ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីការិល័យជំរឿនអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ